យោងតាមផេកផ្លូវការរបស់ ក្រសួងព័ត៌មានបានឲ្យដឹងទាំងស្រុងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែង អំណរគុណ ឯកឧត្តម Zhang Ming អគ្គលេខាធិការ នៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅក្នុងកិច្ចប្រជុំនាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចំពោះការសម្របសម្រួលរបស់ឯកឧត្តមក្នុងការគាំទ្រ ការដាក់ បេក្ខភាពរបស់កម្ពុជាជាអ្នកសង្កេតការណ៍នៃ SCO និងបានគូសបញ្ជាក់ពីការត្រៀម ខ្លួនរបស់កម្ពុជាក្នុងការទទួលយកនូវអនុសាសន៍នានារបស់ SCO និងកិច្ចខិតខំប្រឹងប្រែង របស់កម្ពុជាដើម្បីសម្រេចបាននូវគោលដៅនេះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
សម្តេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្តមអគ្គលេខាធិការ Zhang Ming បានពិភាក្សាគ្នាយ៉ាងផុលផុសអំពីការដាក់បេក្ខភាពកម្ពុជា ដើម្បីក្លាយជាអ្នកសង្កេតការណ៍ នៃអង្គការសហប្រតិបត្តិការសៀងហៃ បន្ទាប់ពីបានក្លាយជាដៃគូសន្ទនារបស់ អង្គការនេះ ក្នុងឆ្នាំ២០១៥។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ចាប់តាំងពីបានក្លាយជាដៃគូ សន្ទនារបស់ SCO ក្នុងឆ្នាំ២០១៥ កម្ពុជាបានរួមចំណែកក្នុងការជំរុញ កិច្ចសហប្រតិបត្តិការ រវាងអាស៊ាន និង SCO ដោយបានលើកឡើងពីការចូលរួម យ៉ាងសកម្មរបស់កម្ពុជា នៅក្នុងអង្គការនានាក្នុងតំបន់ និងអន្តរជាតិ ក្នុងគោលបំណងពង្រឹងចំណង មិត្តភាព និងការរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខ។
ទន្ទឹមនឹងការសាទរចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ចំពោះការផ្លាស់ប្តូរគួរ ឱ្យកត់សម្គាល់ ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ បន្ទាប់ពីដំណើរទស្សនកិច្ចលើក ដំបូងរបស់ឯកឧត្តម ហើយឯកឧត្តម អគ្គលេខាធិការ Zhang Ming បានថ្លែងអំណរគុណចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបាន អញ្ជើញឯកឧត្តមចូលរួម កិច្ចប្រជុំកំពូលពាក់ព័ន្ធ និងបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់កម្ពុជា ជាប្រធានអាស៊ាន។
ឯកឧត្តមអគ្គលេខាធិការ បានកោតសរសើរកម្ពុជា ចំពោះការចូលរួមយ៉ាងសកម្មក្នុង ការលើកកម្ពស់ទំនាក់ទំនងរវាងអាស៊ាន និង SCO និងបានលើកឡើងពីដំណើរការ ផ្ទៃក្នុងរបស់ SCO ក្នុងការដំឡើង ឋានៈពីដៃគូសន្ទនាទៅជាអ្នកសង្កេតការណ៍របស់ SCO និងបង្ហាញពីក្ដីសង្ឃឹមថាកម្ពុជានឹងក្លាយជា អ្នកសង្កេតការណ៍នៃអង្គការសហប្រតិបត្តិការ សៀងហៃ។
សម្តេចតេជោនាយករដ្ឋមន្ត្រី និង ឯកឧត្តមអគ្គលេខាធិការបានពិភាក្សា និងធ្វើការ ប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និង SCO៕