តើអាវសូត្រខ្មែរដែលប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលពាក់ចូលរួមក្នុងកម្មវិធី Gala Dinner នៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ ច្នៃឡើងដោយកូនខ្មែររូបណា?
ព័ត៌មានជាតិ
235

យោងតាមការចេញផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក - TVK បានឲ្យដឹងថា កិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលទើបតែបញ្ចប់ទៅថ្មីៗនេះ គឺជាមោទកភាពដ៏អស្ចារ្យមួយសម្រាប់ប្រជាជនខ្មែរគ្រប់គ្រប់ស្រទាប់វណ្ណៈ ។

ហើយអ្វីដែលបានបន្សល់ទុកជាអនុស្សាវរីយ៍ និងជាជ្រុងមួយដ៏គួរចាប់អារម្មណ៍សម្រាប់ភ្ញៀវជាតិនិងអន្តរជាតិនោះគឺ អាវសូត្រខ្មែរ ជាបែបបទប្រពៃណីខ្មែរ ដែលរាជរដ្ឋាភិបាលកម្ពុជា ថ្វាយនិងជូនចំពោះប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលគ្រប់បណ្ដាប្រទេសទាំងអស់ បានគ្រង និងពាក់ យ៉ាងស័ក្កិសមមកចូលរួមក្នុងកម្មវិធី Gala Dinner ដែលជាមូលហេតុធ្វើឲ្យមានការពេញចិត្ត ដក់ចិត្តស្រលាញ់ សរសើរមិនដាច់ពីមាត់នៃស្នាដៃច្នៃប្រឌិតផលិតចេញពីសូត្រខ្មែរ និងជាស្នាដៃកូនខ្មែរសុទ្ធសាធ។

អាវសូត្រខ្មែរនេះធ្វើឡើងដោយសូត្រខ្មែរពិតប្រាកដ និងស្រស់ស្អាតខ្លាំងណាស់! ចុះតើលោកអ្នកដឹងទេថា ភាពស្រស់ស្អាតនៃអាវសូត្រខ្មែរ ដែលប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលបានគ្រង និងពាក់ ទាំងអស់ជាស្នាដៃរបស់អ្នកណា?

អាវសូត្រខ្មែរដែលប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលពាក់ក្នុងថ្ងៃដ៏វិសេសវិសាលនោះជាគឺស្នាដៃច្នៃប្រឌិត ដ៏ប៉ិនប្រសប់របស់មេជាងកាត់ដេរមួយរូប ដែលទទួលបានកិត្តិយស ក្នុងការជ្រើសរើស និងផ្តល់ទំនុកចិត្ត ដោយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស ដើម្បីច្នៃម៉ូដអាវសូត្រខ្មែរនេះជូនប្រមុខថ្នាក់ដឹកនាំជាតិ និងអន្តរជាតិ ចូលរួមក្នុងពិធីដ៏អស្ចារ្យនេះ។

ហាងកាត់ដេរសម្លៀកបំពាក់ ឧត្តមរស្មី គឺជាហាងមួយត្រូវបានគេអះអាងថា ជាហាងដែលក្រុមការងាររៀបចំ កិច្ចប្រជុំកំពូលអាស៊ាន បានជ្រើសរើសឱ្យកាត់ដេរសម្លៀកបំពាក់ថ្វាយ និងជូនសម្រាប់ប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាល និងជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា អង្គការដៃគូអន្តរជាតិធំៗ ដែលបានមកចូលរួមកិច្ចប្រជុំកំពូល ជាពិសេសដើម្បីថ្វាយនិងជូនមេដឹកនាំទាំងអស់បានពាក់មកចូលរួមក្នុងកម្មវិធី Gala Dinner។

លោក គង់ តារារិទ្ធ ជាម្ចាស់ហាងកាត់ដេរ ឧត្តមរស្មី បានប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា ហាងរបស់លោកត្រូវបានក្រសួងការបរទេសកម្ពុជាផ្តល់កិត្តិយសកាត់អាវសូត្រខ្មែរថ្វាយនិងជូនថ្នាក់ដឹកនាំជាតិ និងអន្តរជាតិ នារាត្រីថ្ងៃទី១១ ខែវិច្ឆិកានោះ លោកពិតជាសប្បាយចិត្តខ្លាំងណាស់ដែលបានចូលរួមចំណែកក្នុងការងារជាប្រវត្តិសាស្រ្តនេះ និងបានឃើញស្នាដៃកូនខ្មែរបង្ហាញឡើងនៅលើឆាកអាស៊ានដ៏អស្ចារ្យ និងបង្ហាញឡើងនៅលើដងខ្លួនដ៏ស្រស់សង្ហារនិង ស្រស់សោភានៃមេដឹកនាំល្បីៗនៅលើពិភពលោកទាំងអស់ថែមទៀតផង៕


Telegram