ទស្សនទានសម្ដេចក្រឡាហោម ស ខេង៖ «ខ្មាំងសត្រូវក្នុងសម័យសន្តិភាពខុសពីខ្មាំងសត្រូវសម័យសង្គ្រាម សម័យសន្តិភាពដូចបច្ចុប្បន្ន ខ្មាំងសត្រូវធំបំផុតគឺភាពក្រីក្រ និងភាពល្ងង់ខ្លៅ»
ព័ត៌មានជាតិ
83

រាជធានីភ្នំពេញ ៖ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានទាញចំណាប់អារម្មណ៍អង្គពិធីអំពីទស្សនទាន «ខ្មាំងសត្រូវក្នុងសម័យសន្តិភាពដែលខុសពីខ្មាំងសត្រូវសម័យសង្គ្រាម ពោលគឺសម័យសន្តិភាពដូចបច្ចុប្បន្ន ខ្មាំងសត្រូវរបស់យើងទាំងអស់គ្នាធំបំផុតគឺភាពក្រីក្រ និងភាពល្ងង់ខ្លៅ» ដែលទស្សនទាននេះ សម្ដេចបានលើកឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សាវិទ្យាល័យជ្រៃ ចំនួន១ខ្នង ២ជាន់ មាន១២បន្ទប់ និងសមិទ្ធផលនានា ស្ថិតនៅភូមិក្បាលខ្មោច ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង នាព្រឹកថ្ងៃពុធ ៧កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ។

អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងាររាជរដ្ឋាភិបាល និងក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកថ្មគោល ព្រមទាំងថ្នាក់ដឹកនាំរដ្ឋបាលស្រុក គណបក្សស្រុក ដែលបានរួមគ្នាធ្វើសកម្មភាពគាំទ្រការដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋជាបន្តបន្ទាប់។ សម្ដេចក៏ស្នើប្រជាពលរដ្ឋ និងពាក់ព័ន្ធទាំងអស់ក្នុងស្រុកថ្មគោល បន្តគាំទ្រ និងចូលរួមគ្រប់សកម្មភាពដែលបម្រើសំណូមពរ និងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ។

សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណ និងកោតសរសើរលោកនាយក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលបានខិតខំរួមចំណែកពង្រឹងការកសាងធនធានមនុស្សរបស់ជាតិ តាមរយៈការគ្រប់គ្រងការបង្រៀន និងរៀនដោយយកចិត្តទុកដាក់ ដើម្បីធ្វើយ៉ាងណាឱ្យធនធានមនុស្សរបស់កម្ពុជាមានលទ្ធភាពកាន់តែច្រើនក្នុងការប្រកួតប្រជែងជាមួយធនធានមនុស្សនៅក្នុងតំបន់ និងអន្តរជាតិ។សម្ដេចបានបន្តមានប្រសាសន៍អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យអប់រំ។ពាក់ព័ន្ធជាមួយនឹងទស្សនទានដែលសម្ដេចក្រឡាហោម តែងតែបានលើកឡើងជារឿយៗថា «ខ្មាំងសត្រូវក្នុងសម័យសន្តិភាពដែលខុសពីខ្មាំងសត្រូវសម័យសង្គ្រាម ពោលគឺសម័យសន្តិភាពដូចបច្ចុប្បន្ន ខ្មាំងសត្រូវរបស់យើងទាំងអស់គ្នាធំបំផុតគឺភាពក្រីក្រ និងភាពល្ងង់ខ្លៅ» នេះ សម្ដេចក៏បានពន្យល់បន្ថែមថា «ដើម្បីប្រឆាំងនឹងខ្មាំងសត្រូវទាំងពីរនេះ ជាដំបូងគឺយើងត្រូវប្រឆាំងនឹងខ្លួនឯងជាមុនសិន»។ លើសពីនេះ សម្ដេចក៏បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋខិតខំប្រឹងប្រែងបំពេញការងារតាមជំនាញរៀងៗខ្លួន ហើយសិស្សានុសិស្សទាំងអស់ត្រូវខិតខំសិក្សា និងអភិវឌ្ឍន៍សមត្ថភាព។

សម្ដេចក្រឡាហោម បានបន្តទៀតថា«ធនធានមនុស្សគឺធានធានគន្លឹះដែលបង្កើតលទ្ធផល សមិទ្ធផល និងស្នាដៃរាប់មិនអស់»។ ភ្ជាប់នឹងការថ្លែងជំរុញកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ធនធានមនុស្ស សម្ដេចក្រឡាហោម ស ខេង បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាការពារសុខសន្តិភាព និងស្ថិរភាពជាតិ។ សម្ដេចបានរម្លឹកដោយគូសបញ្ជាក់ថាកម្ពុជាកាលពីអតីតកាលបានប្រឈមមុខភាពក្រីក្រនិងសង្គ្រាមស៊ីវិលជាបន្តបន្ទាប់ ធ្វើឱ្យប្រទេសជាតិ និងប្រជាជន គ្មានឱកាសពង្រឹងការបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយគុណភាពដូចបច្ចុប្បន្ននេះឡើយ ៕

ប្រភព៖ ទំព័រហ្វេសប៊ុកផ្លូវការសម្ដេចក្រឡាហោម ស ខេង, សម្រួលផ្សាយដោយ៖


Telegram