ដោយក្តីតក់ស្លុត រំជួលចិត្ត និងក្តីអាណិតអាសូរយ៉ាងពន់ពេកចំពោះករណីស្ត្រីរងគ្រោះធ្ងន់ធ្ងរ ក្រោយពេទ្យគ្លីនិកមួយកន្លែង បានកាយយកសាកសពទារកក្នុងផ្ទៃដោយទាំងពោះវៀនចេញមកក្រៅនោះ នៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ ចូលរួមសោកស្តាយ និងនាំយកអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគ ផ្លែឈេីស្រស់ ទឹកផ្លែឈេី និងថវិកាចំនួន ៥លានរៀល ជូនដល់គ្រួសារស្ត្រីឈ្មោះ សៀង ស្រីអូន អាយុ ២២ឆ្នាំ ដែលកំពុងសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។
ក្នុងឱកាសជួបសំណេះសំណាលជាមួយគ្រួសាររងគ្រោះ លោកជំទាវ អគ្គលេខាធិការរងទី១ បានពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងជម្រាបជូនថា ៖ «សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្ទាប់ពីបានឃេីញព័ត៌មានអំពីករណីមួយនេះ សម្តេច មានអារម្មណ៍ក្តុកក្តួល ក្តីសោកស្តាយ និងក្តីអាណិតអាសូរ យ៉ាងក្រៃលែង ហេីយបានចាត់ឱ្យក្រុមការងារចុះភ្លាមៗដេីម្បីជួយសម្រាលការលំបាកក្នុងពេលព្យាបាល។ ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងចេញថ្លៃព្យាបាលទាំងស្រុង និងសូមបួងសួងដល់ក្មួយស្រី សៀង ស្រីអូន ឆាប់បានជាសះស្បេីយឡេីងវិញ» ។
លោកជំទាវ អគ្គលេខាធិការរងទី ១ ក៏បានពាំនាំនូវការថ្លែងអំណរគុណពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យកាល់ម៉ែត ដែលបានខិតខំអស់ពីចិត្តពីថ្លេីមជួយសង្គ្រោះអាយុជីវិតក្មួយស្រីរងគ្រោះ និងសូមផ្តាំផ្ញេីដល់ក្រុមគ្រូពេទ្យបន្តយកចិត្តទុកដាក់ ខិតខំឱ្យអស់ពីសមត្ថភាពដេីម្បីជួយព្យាបាលក្មួយស្រីឱ្យជាសះស្បេីយ។
ទន្ទឹមនឹងនេះ លោកជំទាវ បានពាំនាំនូវការអំពាវនាវពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់ក្រសួងសុខាភិបាល សូមពិនិត្យមេីលពីគុណភាពសុខាភិបាលតាមបណ្តាគ្លីនិក និងពង្រឹងពីសមត្ថភាព វិជ្ជាជីវៈ និងក្រមសីលធម៌របស់គ្រូពេទ្យ ដេីម្បីផ្តល់ក្តីសង្ឃឹម ភាពជឿទុកចិត្ត និងភាពកក់ក្តៅដល់ប្រជាពលរដ្ឋដែលទៅរកសេវាសុខាភិបាល។
លោក ផេង វឿន អាយុ ២៨ឆ្នាំ ត្រូវជាស្វាមីរបស់ស្ត្រីរងគ្រោះ មានក្តីរំភើបដល់ស្រក់ទឹកភ្នែក និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានយកចិត្តទុកដាក់ គិតគូរ ជាពិសេសការលើកទឹកចិត្ត ផ្តល់ក្តីសង្ឃឹមតទៅមុខទៀត និងសូមជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចតេជោ ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អ កម្លាំងមាំមួន អាយុយឺនយូរ ដេីម្បីបន្តជាម្លប់ដ៏កក់ក្តៅដល់ប្រជាជនជាកូនចៅ តរៀងទៅ៕ ប្រភព៖ មាតាមនុស្សធម៌