សម្ដេចតេជោ ហ៊ុន សែន៖ អង្គរសង្ក្រាន្តនឹងប្រារព្ធសារជាថ្មីម្ដងទៀត ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នាមេសា ឆ្នាំ២០២៣ ខាងមុខនេះ
ព័ត៌មានជាតិ
161

យោងតាមការចេញផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងទាំងស្រុងថា ដោយមានមោទកភាពនឹងការដាក់បញ្ចូលក្បាច់ «គុនល្បុក្កតោ» ជាបេតិកភណ្ឌអរូបីយរបស់មនុស្សជាតិ នៃអង្គការយូណេស្កូ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់ជូនជនរួមជាតិថា នៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នាខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ យើងនឹងរៀបចំអង្គរសង្ក្រាន្តសារជាថ្មីម្ដងទៀត ហើយសង្ឃឹមថា កីឡាល្បុក្កតោរបស់យើង នឹងក្លាយទៅជានិមិត្តរូបដ៏សំខាន់នៃការជួបជុំនៅក្នុងអង្គរសង្ក្រាន្តនៅពេលនោះ។

ក្នុងពិធីបិទការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ នាល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅពហុកីឡាដ្ឋានជាតិមរតកតេជោ សម្ដេចតេជោបានមានសម្តែងនូវការអបអរសាទរចំពោះការដាក់បញ្ចូលក្បាច់ «គុនល្បុក្កតោ» ក្នុងបញ្ជីបេតិកភណ្ឌអរូបីយរបស់មនុស្សជាតិ នៃអង្គការយូណេស្កូ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

សម្ដេចតេជោក្នុងនាមរាជរដ្ឋាភិបាល ដោយលើកឡើងនូវចំណុច៣សំខាន់ ដែលទាក់ទងជាមួយនឹងមោទកភាពជាតិរបស់យើង ដែលដំបូង ចំណុចទី១ គឺ«ផឹកទឹកត្រូវនឹកដល់ប្រភពទឹក» ដោយសម្ដេចតេជោថ្លែងថា យើងគួរតែមានការអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះដូនតារបស់យើងគ្រប់ជំនាន់ ដែលបានខិតខំបន្សល់នូវស្នាដៃទុកឱ្យយើង ក្មេងជំនាន់ក្រោយ។ ប្រសិនបើដូនតារបស់យើងមិនមានបន្សល់ទុកនូវអ្វីឱ្យយើងនោះទេ យើងក៏គ្មានលទ្ធភាពឯណា ដើម្បីយកទៅដាក់ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ឬក៏ដាក់ទៅជាសម្បត្តិរូបីយ និងអរូបីយនៃមនុស្សជាតិនេះផងដែរ។

សម្តេចតេជោបានមានប្រសាសន៍បន្តថា ចំណុចទី២ យើងគួរតែអរគុណចំពោះកីឡាករ កីឡាការិនីទាំងអស់ដែលបានខិតខំងើបឈរឡើងប្រមូលដើមទុន ចាប់តាំងពីក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ ព្រោះថាអ្វីៗត្រូវបានបំផ្លាញក្នុងជំនាន់ប៉ុល ពត។គ្មានវិធីណាល្អជាងក្រៅពីការប្រមូលដើមទុនមកវិញគ្រប់ផ្នែកទាំងអស់ សិល្បៈ កីឡា និងផ្នែកដទៃទៀត សុទ្ធតែត្រូវការប្រមូលដើមទុនមកវិញ។

សម្ដេចតេជោ ក៏បានកោតសរសើរចំពោះកីឡាករ កីឡាការិនី និងគ្រូបង្ហាត់ ដែលបានខិតខំព្យាយាមរក្សានូវអត្តសញ្ញាណាជាតិមួយនេះ តាមរយៈការរុញជាបណ្ដើរៗ ហើយរហូតឈានទៅដល់ យើងយកក្បាច់គុននេះ ដាក់ចូលជាក្បាច់គុននៃកងយោធពលខេមរភូមិន្ទ ដែលជាមោទកភាពដ៏សំខាន់របស់យើង។ វត្តមានកីឡាល្បុក្កតោ នៅអង្គរសង្ក្រានជារៀងរាល់ឆ្នាំកាលពីពេលមុននេះ គឺពិតជាបានបង្ហាញឱ្យយើងជំរុញល្បឿននៃការដាក់ក្បាច់គុននេះ ឱ្យមានការទទួលស្គាល់ពីអង្គការយូណេស្កូ ហើយសម្ដេចក៏បានបញ្ជាក់ជូនចំពោះបងប្អូនជនរួមជាតិនៅទូទាំងប្រទេសឱ្យបានជ្រាបថា ក្នុងពីធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នៅខែមេសាឆ្នាំ២០២៣ខាងមុខនេះ យើងនឹងធ្វើអង្គរសង្ក្រានសារជាថ្មីម្ដងទៀត។ ពេលនោះសង្ឃឹមថា កីឡាល្បុក្កតោរបស់យើង នឹងក្លាយទៅជានិមិត្តរូបដ៏សំខាន់នៃការជួបជុំនៅក្នុងអង្គរសង្ក្រាននៅពេលនោះ។

ចំណុចទី៣ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានយកឱកាសនេះអរគុណចំពោះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏ដូចជា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលបានខិតខំជំរុញការងារនេះរហូតដល់បានសម្រេចដាក់បញ្ចូលក្បាច់ «គុនល្បុក្កតោ» ជាបេតិកភណ្ឌអរូបីយរបស់មនុស្សជាតិ នៃអង្គការយូណេស្កូ។

សម្ដេចតេជោគូសបញ្ជាក់ថា ក្នុងរយៈកាលចាប់ពីឆ្នាំ២០០៨ រហូតមកដល់ពេលនេះ ជាង១ទសវត្សកន្លះរួចមកហើយ ដែលយើងបានបញ្ចូលសម្បត្តិវប្បធម៌ខ្មែរជាបន្តបន្ទាប់ ជាបេតិភណ្ឌសម្រាប់មនុស្សជាតិ ទាំងរូបីយ និងអរូបីយ ដែលសម្ដេចសូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងតួអង្គពាក់ព័ន្ធទាំងអស់ ដែលបានខិតខំធ្វើកិច្ចការដ៏ល្អសម្រាប់ប្រទេសយើង ហើយសង្ឃឹមថា យើងនឹងបញ្ចូលតទៅទៀតនូវទ្រព្យសម្បត្តិដូនតារបស់យើង។

គួរបញ្ជាក់ដែរថា កាលពីថ្ងៃអង្គារ ៦កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១៦:៣១នាទី នៅទីក្រុងរ៉ាបាត ព្រះរាជាណាចក្រម៉ារ៉ុក ត្រូវនឹងម៉ោង ២២:៣១ នាទី ម៉ោងនៅកម្ពុជា បានក្លាយជាទិវាប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ជាតិកម្ពុជាទាំងមូល ដោយគណៈកម្មាការអន្តររដ្ឋាភិបាលដើម្បីការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ បានអនុម័តយល់ព្រមចុះ « គុនល្បុក្កតោ - ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ក្នុងសេចក្តីសម្រេច 17.COM 7.b.1៕


Telegram