ប្រមុខរាជរដ្ឋាភិបាលកម្ពុជាលើកឡើងថា ការចូលជាសមាជិកក្លឹបបានធ្វើឱ្យតំបន់ឆ្នេរកម្ពុជា​ដើរតួនាទីយ៉ាងសំខាន់ទាក់ទាញវិនិយោគ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ
ព័ត៌មានជាតិ
144

ព្រះសីហនុ ៖ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលើកឡើងថា ការចូលជាសមាជិកក្លឹបនេះបានធ្វើឱ្យតំបន់ឆ្នេរកម្ពុជាដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញវិនិយោគសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងត្រូវបានចាត់ទុកថាជាគោលដៅទេសចរណ៍​ធម្មជាតិដ៏មានភាពទាក់ទាញនិងប្រកបដោយភាពប្រកួតប្រជែងខ្ពស់នៅកម្ពុជានិងក្នុងតំបន់ ។ ការលើកឡើងរបស់សម្ដេចតេជោនាយករដ្ឋមន្រ្ដីបែបនេះក្នុងពិធីបើកមហាសន្និបាតលើកទី ១៦ នៃក្លឹបឆ្នេរសមុទដលស្អាតបំផុតលើសកលលោក​ នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគារឆ្នេរសុខា ខេត្តព្រះសីហនុ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការចូលជាសមាជិកក្លឹបនេះពិត ជា​បាន​ស្ដែងឱ្យឃើញពីរបត់ថ្មីនៃការ ប្រែប្រួលមុខមាត់ជាបន្តបន្ទាប់របស់តំបន់សមុទ្រកម្ពុជាទាំងលើ​ទិដ្ឋភាពសង្គម-សេដ្ឋកិច្ច,ទេសចរណ៍, នគរូបនីយកម្ម និងបរិស្ថានដែលជាកត្តាកំណត់លើការ​ទទួលស្គាល់ជាអន្តរជាតិនៃឆ្នេរសមុទ្រកម្ពុជា ។សម្ដេចតេជោលើកឡើងថា កិច្ចការនេះបាន​ធ្វើឱ្យ​តំបន់ ឆ្នេរកម្ពុជាអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញវិនិយោគ​សម្រាប់ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិនិងត្រូវបានចាត់ ទុកថាជាគោលដៅទេសចរណ៍ធម្មជាតិដ៏មានភាពទាក់​ទាញ និងប្រកបដោយភាពប្រកួតប្រជែងខ្ពស់នៅកម្ពុជា និង ក្នុងតំបន់ព្រមទាំងជា​គោលដៅ​ទេសចរណ៍ដ៏ធំបន្ទាប់ពីតំបន់បេតិកភណ្ឌវប្បធម៌-ប្រវត្តិសាស្ត្រសៀមរាប-អង្គរ និងរាជធានី​ភ្នំពេញ ។

សម្តេចតេជោនាយករដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថា៖ “ឈរលើកត្តាអំណោផលទាំងអស់​នេះ និង​ក្រោមចក្ខុវិស័យហ្មត់ចត់ វែងឆ្ងាយ ទូលំទូលាយនិងគ្រប់ជ្រុងជ្រោយ កម្ពុជាបានផ្តល់​អាទិ​ភាពខ្ពស់ដល់ការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រដែលត្រូវបានចាត់ទុកជាប៉ូលសេដ្ឋកិច្ចទី២ របស់​ប្រទេស ជាពិសេសខេត្តព្រះសីហនុ ដែលត្រូវបានរាជរដ្ឋាភិបា លកំណត់គោលដៅ​អភិវឌ្ឍន៍ «ជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង»។”

សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានបញ្ជាក់បន្ថែមថា ជាក់ស្តែងរាជរដ្ឋាភិបាលបាន​សម្រេច​កសាងបណ្តាញផ្លូវ៣៧ខ្សែ និង ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដូចជាអាងប្រព្រឹត្តកម្មទឹក​កខ្វក់ និងការអភិវឌ្ឍឆ្នេរខ្សាច់កម្សាន្តសាធារណៈដែលចំណាយថវិការបស់ជាតិ​សរុបប្រ​មាណ​ជាង៣០០លានដុល្លារអាម៉េរិក និង ដែលបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវកាលពីខែ ធ្នូ ឆ្នាំ ២០២១ កន្លងមក៕


Telegram