សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា ដើម្បីជំរុញការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍, រាជរដ្ឋាភិបាលបានអនុម័តដាក់ឱ្យប្រើប្រាស់នូវផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ កាលពីថ្ងៃទី៣០ ខែ មីនា ឆ្នាំ ២០២១ ដោយក្នុងនោះ ទេសចរណ៍ឆ្នេរ គឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំង ៤ រួមមាន ទេសចរណ៍វប្បធម៌ទេសចរណ៍ឆ្នេរ អេកូទេសចរណ៍ និងភាពជាខ្មែរ។ ទន្ទឹមនេះ ឈរលើមូលដ្ឋានទាំងអស់នេះ យើងរំពឹងថាអាចទទួលបាន ភ្ញៀវទេសចរផ្ទៃក្នុងប្រមាណ ១១ លាននាក់ ក្នុងឆ្នាំ ២០២៣ តាមផែនការដែលបានដាក់ចេញ និងភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧ លាននាក់ រហូតដល់ឆ្នាំ ២០២៦ ឬឆ្នាំ ២០២៧។
ថ្លែងក្នុងពិធីបើកមហាសន្និបាតលើកទី១៦នៃក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក នាព្រឹកថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០២២ នៅសណ្ឋាគារឆ្នេរសុខា ខេត្តព្រះសីហនុ សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញនូវសេចក្តីរីករាយយ៉ាងក្រៃលែង ដែលពិភពលោក ទាំងមូលខិតខំប្រឹងប្រែង និង រួមគ្នាជាធ្លុងមួយ ក្នុងការឆ្លើយតបប្រកបដោយប្រសិទ្ធភាពខ្ពស់ចំពោះការរាតត្បាតនៃជំងឺកូវីដ-១៩ ក្រោមស្មារតីយោគយល់ និង ចេះជួយគ្នាទៅវិញទៅមក ជាពិសេស បានយកជ័យជម្នះលើការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ រហូតបានឈានទៅដល់ការបើកប្រទេស និង ចាប់ផ្តើមស្ដារសេដ្ឋកិច្ចរៀងៗខ្លួនឡើងវិញ។
សម្ដេចតេជោគូសបញ្ជាក់ថា ប្រធានបទ «ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្តីសង្ឃឹម” នៃមហាសន្និបាតនេះ គឺសមស្របនាពេល បច្ចុប្បន្ន ដែលពិភពលោកទាំងមូលបាននិងកំពុងប្រឈមនឹងវិបត្តិសកលជាច្រើន បន្ថែមពីលើវិបត្តិ ជំងឺកូវី-១៩, វិបត្តិសង្គ្រាមអ៊ុយក្រែន រួមជាមួយវិបត្តិសាកលលោកផ្សេងៗទៀត ដែលបានជះឥទ្ធិពល យ៉ាងខ្លាំងដល់ពិភពលោក ទាំងលើផ្នែកសេដ្ឋកិច្ច ការអភិវឌ្ឍសង្គម និង សណ្ដាប់ធ្នាប់ពិភពលោក។ សម្ដេចតេជោបន្ដថា ប្រធានបទនេះ ក៏សមស្របជាមួយនឹងបរិបទកម្ពុជា ដែលសន្តិភាពបានដើរតួនាទីយ៉ាងសំខាន់ដល់ ការអភិវឌ្ឍប្រទេសជាតិ បង្កើតជាក្តីសង្ឃឹមយ៉ាងមុតមាំសម្រាប់ប្រជាជនទាំងមូល។
សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានអះអាងថា សន្តិភាព គឺ ពិតជាមិនអាចខ្វះបានសម្រាប់ការទ្រទ្រង់ការអភិវឌ្ឍប្រទេសជាតិ ខណៈដែលក្តីសង្ឃឹមជាច្រើន សម្រាប់អនាគត បាននិងកំពុងបង្កើតជាកាលានុវត្តភាពច្រើនផ្តើមចេញពីសន្តិភាពនេះ។
សម្ដេចតេជោបានលើកឡើងថា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតក្លឹបលើកទី១៦ ក៏ដូចជារួមចំណែកដល់ការគ្រប់គ្រង និង អភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា ប្រកបដោយនិរន្តរភាព ប្រសិទ្ធភាព និង ការទទួល ខុសត្រូវ សម្ដេចតេជោបានលើកឡើងនូវអនុសាសន៍គន្លឹះមួយចំនួន ដែលក្នុងនោះរួមមាន ទី១. ត្រូវរក្សាវត្តមានជាអចិន្ត្រៃយ៍នៃសន្តិភាព ដែលនេះជាចំណុចធំជាងគេក្នុងចំណោម ចំណុចដែលទាក់ទងជាមួយការអភិវឌ្ឍនៃបណ្តាប្រជាជាតិនៅលើសាកលលោក។ គ្មានទេសចរណា ប្រថុយប្រថានគ្រោះថ្នាក់ ធ្វើដំណើរទៅកាន់ប្រទេសដែលមានសង្គ្រាមនោះទេ ។ ទី២. កម្ពុជា ប្តេជ្ញារក្សាឱ្យបាននូវសមាជិកភាពក្នុងក្លឹប ហើយខេត្តតំបន់ឆ្នេរសមុទ្ររបស់ កម្ពុជាទាំង ៤ ក៏ត្រូវរក្សាឱ្យបាននូវខ្សែក្រវាត់ និង កិត្តិនាមជាសមាជិកក្លឹបឆ្នេរសមុទ ដែលស្អាតបំផុតលើសកលលោក។ យើងត្រូវប្តេជ្ញាធ្វើឱ្យទីក្រុងជាប់ឆ្នេរសមុទ្ររបស់យើងមាននិរន្តរភាព ដូចដែលយើងបានកំណត់ជាយុទ្ធសាស្ត្រ ក្នុងការអភិវឌ្ឍវិស័យ ទេសចរណ៍ខេត្តតំបន់ឆ្នេរ គឺ ខេត្តព្រះសីហនុ ជា “គោលដៅទេសចរណ៍សម្រាកលម្ហែ និង ជាតំបន់សេដ្ឋកិច្ច ពហុបំណង " ខេត្តកែប ជា «គោលដៅទីក្រុងទេសចរណ៍លំដាប់ខ្ពស់ និង ប្រណិត» ខេត្តកំពត ជា «គោលដៅទីក្រុងទេសចរណ៍បេតិកភណ្ឌវប្បធម៌ និងកសិ-ទេសចរណ៍ និងតំបន់ឆ្នេរ» និងខេត្តកោះកុងជា«គោលដៅអេកូទេសចរណ៍តំបន់ទេសចរណ៍លំដាប់ពិភពលោក»។
ទី៣. សម្ដេចតេជោស្នើឱ្យមានការរៀបចំវេទិកាជាតិតំបន់ឆ្នេរប្រចាំឆ្នាំ ដើម្បីជួបជុំ ពិភាក្សា និង ផ្លាស់ប្តូរ យោបល់ជុំវិញការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ដោយអាចកំណត់ថ្ងៃទី ២៦ ខែ ឧសភា ជារៀងរាល់ឆ្នាំ ដែលជាថ្ងៃកម្ពុជាបានក្លាយជាសមាជិកក្លឹប ដើម្បីរៀបចំវេទិកា ជាតិនេះ ដោយអាចឆ្លាស់វេនគ្នានៅតាមបណ្ដាខេត្តតំបន់ឆ្នេរទាំង ៤ ។ ទី៤. សម្ដេចតេជោស្នើឱ្យក្រសួងទេសចរណ៍ និង អាជ្ញាធរខេត្តព្រះសីហនុ ពិនិត្យលទ្ធភាពរៀបចំ សារៈមន្ទីរឆ្នេរ។ ក្នុងន័យនេះ សម្ដេចស្នើឱ្យ ឯកឧត្តមប្រធាន ក្លឹប និង សមាជិកក្លឹ ប ទាំ ងអស់ ជួយចែករំលែកអំពីបទពិសោធ និង ដំណើរការនៃការរៀបចំសារៈមន្ទីរឆ្នេររបស់ខ្លួន ។ ទី៥. ស្នើឱ្យក្រសួងទេសចរណ៍ សហការជាមួយក្លឹបឆ្នេរសមុទ្រដែល ស្អាតបំផុតលើសកលលោក សិក្សារៀបចំឱ្យមាននូវស្ថាប័នអង្កេតទេសចរណ៍សម្រាប់ឆ្នេរ ដើម្បីជាយន្តការស្ថាប័នមួយបន្ថែមទៀត ក្នុងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍តំបន់ឆ្នេរសមុទ្រ ដូចដែលសមាជិកក្លឹបផ្សេងទៀតបានរៀបចំ។
ទី៦. ដើម្បីបញ្ជាក់អំពីការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ កម្ពុជាត្រៀមខ្លួនជាស្រេច ក្នុងការធ្វើជាលេខាធិការដ្ឋានសម្រាប់ធានាដំណើរការរដ្ឋបាល និង កិច្ចការទូទៅរបស់ក្លឹប ហើយក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ ត្រូវរៀបចំឱ្យមានកន្លែង បំពេញការងារជាអចិន្ត្រៃយ៍មួយនៅក្រសួងទេសចរណ៍ និង មួយទៀតនៅក្រុងព្រះសីហនុសម្រាប់ដំណើរការលេខាធិការដ្ឋាននេះ។ ទន្ទឹមនឹងនេះ សម្ដេចក៏ស្វាគមន៍ផងដែរ ចំពោះការរៀបចំឱ្យមានកិច្ចប្រជុំក្រុមប្រឹក្សាភិបាលក្លឹប នៅឆ្នាំ ២០២៣ ឬ ពេលខាងមុខ ណាមួយ រួមជាមួយព្រឹត្តិការណ៍ផ្សេងៗទៀតរបស់ក្លឹបនៅលើទឹកដីឆ្នេរសមុទ្រកម្ពុជា។ ទី៧. ជាមួយនឹងការបោះឆ្នោតជ្រើសរើសគណៈប្រតិបត្តិសម្រាប់អាណត្តិបន្ទាប់ នាឱកាសបិទមហាសន្និបាត កម្ពុជាសូមគាំទ្រចំពោះបេក្ខភាព ឯកឧត្តម ប៊ូណូ បូដាដ (Bruno Bodard) ជាប្រធានក្លឹបសម្រាប់អាណត្តិបន្ទាប់ និងសូមឱ្យគណៈប្រតិបត្តិ និងសមាជិកក្លឹបទាំងអស់ គាំទ្រកម្ពុជាជាសមាជិកក្រុមប្រឹក្សាភិបាលក្លឹប សម្រាប់អាណត្តិ (២០២៣-២០២៥) ក្រោមការដឹកនាំរបស់ ឯកឧត្ដម ល្វីស ធើបុល (Louis Thébault) ដែលនឹងចូលកាន់តំណែងនាអាណត្តិបន្ទាប់។ ទី៨. ជាមួយក្តីរំពឹងថា អង្គមហាសន្និបាតនឹងអនុម័តដាក់ចេញនូវធម្មនុញ្ញឆ្នេរ សម្ដេចតេជោស្នើឱ្យអង្គមហាសន្និបាត រួមទាំងកម្ពុជាផងដែរ យកឯកសារនេះជាគោល ដើម្បីជាត្រីវិស័យមួយបន្ថែមទៀត ក្នុងការតម្រែតម្រង់ការអភិវឌ្ឍតំបន់ឆ្នេរសមុទ្ររបស់ខ្លួន។
គួរបញ្ជាក់ដែរថា គណៈប្រតិភូ ដែលបានអញ្ជើញចូលរួមក្នុងមហាសន្និបាតលើកទី១៦ នៃក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ដែលរៀបចំដោយកម្ពុជា មានចំនួនសរុបប្រមាណ១៣០រូប តំណាងឱ្យឆ្នេរសមុទ្រចំនួន ៣៤ មកពីប្រទេសចំនួន២១ ជុំវិញពិភពលោក។ ឆ្នេរសមុទ្រកម្ពុជា ត្រូវបានបញ្ចូលជាសមាជិកពេញសិទ្ធិក្លឹបឆ្នេរសមុទ្រដែល ស្អាតបំផុតលើសកលលោកក្នុងអង្គមហាសន្និបាតលើកទី ៧ របស់ក្លឹបកាលពីថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០១១ នៅទីក្រុងតូបាកូតា (Toubacouta) ប្រទេសសេណេហ្កាល់ (Senegal) ក្រោម ឈ្មោះរួមតែមួយគឺ «ឆ្នេរសមុទ្រកម្ពុជា (Cambodia Bay)» ហើយត្រូវបានប្រសិទ្ធនាម «ឆ្នេរសមុទ្រ កម្ពុជា៖ តារារះនាទិសនិរតី»៕