សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅ តំបន់អឺរ៉ុបប្រមាណជា២ពាន់នាក់
ព័ត៌មានជាតិ
126

AKP ភ្នំពេញ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ក្នុងខណៈអញ្ជើញធ្វើជាសហប្រធានក្នុងកិច្ចប្រជុំខួបអនុស្សាវរីយ៍អាស៊ាន-សហភាព​អឺរ៉ុបដែលត្រូវធ្វើឡើងនៅទីក្រុងព្រុចសែលនោះ នាល្ងាចថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២២ សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ រស់នៅបណ្ដា​ប្រទេសជាច្រើន​នៅ​តំបន់អឺរ៉ុបប្រមាណជា២ពាន់នាក់ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក។បើតាមផេកផ្លូវការរបស់សម្ដេចតេជោចេញផ្សាយថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ បាន​ឱ្យ​ដឹងថា ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបាន​ទទួល​ការ​ស្វាគមន៍​យ៉ាងកក់ក្តៅជាទីបំផុត ពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរយើងយ៉ាងច្រើនកុះករមកពី ប​ណ្ដាប្រទេសផ្សេងៗនៃតំបន់អឺរ៉ុប។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាស​ន៍​ថា ជំនួបជាមួយប្រជាពលរដ្ឋនៅអឺរ៉ុបនាពេលនេះ មិនមែនជារឿងចៃដន្យនោះទេ តែជាការៀប​ចំដោយមានការស្ម័គ្រចិត្ត និងព្រមព្រៀងដើម្បីជួបគ្នានៅទីនេះ។ ជំនួបនេះមិនមែនជាការ​ទិញ​ទឹកចិត្ត ឬទិញដូរ ជួល ឱ្យមកជួបនោះឡើយ។ សម្តេចតេជោបានមានប្រសាសន៍​បន្ត​ថា ភាសានៃទិញដូរ ឬជួល ដើម្បីជំនួបជាមួយសម្តេច គួរតែត្រូវបានបញ្ចប់ ព្រោះពាក្យនេះ គឺជាការបំពានលើសិទ្ធិសេរីភាពនៃសតិសម្បជញ្ជៈរបស់បងប្អូនខ្មែរយើង។ពាក់ព័ន្ធទៅនឹងបញ្ហាកូវីដ១៩ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការរាត​ត្បាតជំងឺកូវីដ១៩ បាននាំឱ្យមានក្តីបារម្ភខ្លាំងចំពោះរាជរដ្ឋាភិបាល លើការខកខាន​សិក្សា​រៀន​សូត្ររបស់សិស្ស និស្សិត។ សម្តេចតេជោថ្លែងថា វិបត្តិកូវីដ១៩ បានធ្វើឱ្យប្រព័ន្ធ​ឌីជីថល​ក្នុងវិស័យអប់រំដើរមុនផែនការរហូតដល់ទៅ១០ឆ្នាំ ហើយក្នុងអំឡុងពេលកូវីដ១៩​រាតត្បាត រាជរដ្ឋាភិបាលបានបញ្ចេញប្រាក់សន្សំអស់ជាង ២ពាន់លានដុល្លារ ដើម្បីបម្រើ​ការ​ងារប្រយុទ្ធប្រឆាំងកូវីដ១៩ និងដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ។​ សម្តេច​តេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ការយកឈ្នះលើជំងឺកូវីដ១៩ ធ្វើឱ្យកម្ពុជាអាចរៀបចំ​ការ​ប្រជុំអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដោយផ្ទាល់ ក្រោយខកខានរយៈពេលពីរឆ្នាំ។សម្តេចតេជោបានលើកឡើងថា ការសែលហ្វ៊ីរវាងប្រធានាធិបតីអាម៉េរិក និង​ពលរដ្ឋខ្មែរពេលចូលរួមប្រជុំអាស៊ាន គឺជាការបង្ហាញនូវទំនុកចិត្តលើសុវត្ថិភាព​ផ្នែកសន្តិ​សុខ និងជំងឺកូវីដ១៩។ ពាក់ព័ន្ធទៅនឹងការកសាងអភិវឌ្ឍន៍ប្រទេសជាតិ សម្តេចតេជោ ហ៊ុន សែន បានថ្លែងឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា នឹងមានការសាងសង់ស្ពាន​ចំនួន៣​បន្ថែមទៀត ក្នុងនោះរួមមាន ស្ពាននៅខេត្តក្រចេះ ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ពីភ្នំពេញ​ទៅ​តំបន់អរិយ្សក្សត្រ និងស្ពាននៅតំបន់ល្វាឯម ជាប់ជាមួយផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។សម្តេចតេជោបានបញ្ជាក់ផងដែរថា ពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេមេគង្គ​នៅខេត្តក្រចេះ អាចនឹងធ្វើនៅថ្ងៃទី០២ ឬ០៦ ខែមករា ២០២៣ ខាងមុខ។ សម្តេចតេជោ​បាន​មានប្រសាន៍បន្ថែមថា នៅចុងឆ្នាំនេះ ពោលពេលដែលសម្ដេចទៅកាន់ទីក្រុងភ្នំពេញ​វិញ សម្ដេចពិតជាមានភាពមមាញឹកសម្រាប់កិច្ចការប្រទេសជាតិ ដើម្បីបម្រើប្រយោជន៍​ជូន​ជាតិមាតុភូមិ និងសម្រាប់សេចក្តីសុខរបស់ប្រជាពលរដ្ឋកម្ពុជា៕ដោយ៖ ជឹម ណារី, ផ្សាយដោយ៖


Telegram