AKP ភ្នំពេញ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២--សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ ២០២២ និងជាសហប្រធាននៃកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុបថា ក្នុងនាមជាប្លុកតំបន់ពីរ ដែលផ្អែកលើច្បាប់ និងមានការទទួលខុសត្រូវ អាស៊ាន និងសហភាពអឺរ៉ុប ត្រូវប្រឹងប្រែងឱ្យអស់លទ្ធភាព ដើម្បីការពារ និងលើកកម្ពស់ធម្មនុញ្ញអង្គការសហប្រជាជាតិ និង ច្បាប់ បទដ្ឋាន និង គោលការណ៍ ដែលត្រូវបានទទួលស្គាល់ជាសកល ព្រមទាំងជាមូលដ្ឋានគ្រឹះ សម្រាប់ការកសាងសន្តិភាព និង ស្ថិរភាព និង ការធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃជីវិត និង ជីវភាពរស់នៅរបស់ប្រជាជន ក្នុងតំបន់ ក៏ដូចជាពិភពលោក ។ក្នុងពិធីបើកកិច្ចប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៏អាស៊ាន-សហភាពអឺរ៉ុប កាលពីថ្ងៃទី១៤ ខែធ្នូឆ្នាំ២០២២ នៅទីក្រុងព្រុចសែល ប្រទសបែលហ្ស៊ិក សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ស្មារតី មនសិការ និង បំណងប្រាថ្នារួម ចំពោះសន្តិភាព និងវិបុលភាព ក្នុងតំបន់ទាំងពីរ បាននាំមកនូវការបង្កើតនូវភាពជាដៃគូយុទ្ធសាស្ត្រ ប្រកបដោយភាពជោគជ័យ ជាមួយនឹងផែនការសកម្មភាព ឆ្នាំ ២០២៣-២០២៧ ដែលមានភាពច្បាស់លាស់ និង គ្របដណ្តប់យ៉ាងទូលំទូលាយ ទៅលើផ្នែកជាច្រើននៃកិច្ចសហប្រតិបត្តិការក្រោមសសរស្ដម្ភទាំងបីរបស់អាស៊ាន។
សម្ដេចតេជោ ក៏បានកត់សម្គាល់នូវវឌ្ឍនភាពដ៏ល្អប្រសើរ នៃការអនុវត្តផែនការសកម្មភាព ឆ្នាំ ២០១៨-២០២២។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបន្តថា កិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍នាពេលនេះ ត្រូវបានរៀបចំឡើង ក្នុងពេលដែលពហុភាគីនិយម បាន និង កំពុង ទទួលរងនូវសម្ពាធយ៉ាងធ្ងន់ធ្ងរ ។ សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានអះអាងថា អ្វីដែលគួរឱ្យព្រួយបារម្ភ ជាងនេះទៀតនោះគឺ សន្តិភាពសកល ក៏បាន និង កំពុង ទទួលរងនូវការគំរាមកំហែង ដោយសកម្មភាពរបស់រដ្ឋមួយចំនួន ដែលបំពានដោយបើកចំហ លើច្បាប់ បទដ្ឋាន និង គោលការណ៍អន្តរជាតិ ដែលត្រូវបានទទួលស្គាល់ជាសកល ។ជាមួយនឹងការកត់សម្គាល់ផ្ទាល់ខ្លួន និង បទពិសោធន៍នៃករណីជម្លោះ ដែលបានអូសបន្លាយ និង បង្កជាសោកនាដកម្មនៅកម្ពុជា សម្ដេចតេជោ មិនដែលជឿថា យើងអាចសម្រេចបាននូវសន្តិភាព តាមរយៈ ការធ្វើសង្គ្រាម ឬ ការគំរាមបង្កសង្គ្រាម នោះឡើយ ។ ក្នុងន័យនេះ សម្ដេចតេជោសង្ឃឹមដោយស្មោះថា យើងគួរតែកំណត់ការដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈការសន្ទនា និង ការពិគ្រោះយោបល់ ជាវិធីសាស្ត្ររួមរបស់យើង។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់បន្ថែមថា សម្រាប់ដំណើរឆ្ពោះទៅមុខ សម្ដេចជឿជាក់ថា អាស៊ាន និង សហភាពអឺរ៉ុប ត្រូតែធ្វើការជាមួយគ្នា យ៉ាងស្អិតរមួត ដើម្បីធានាសណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើច្បាប់ ប្រកបដោយបរិយាបន្ន ភាពបើកចំហ តម្លាភាព និង ការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក៕