RNK ខេត្តសៀមរាប ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២--ដើម្បីចូលរួមអបអរសាទរខួប៣០ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌រូបីនៃពិភពលោករបស់អង្គការយូណេស្កូ នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សហការជាមួយអាជ្ញាធរជាតិអប្សរា បានរៀបចំព្រឹត្តការណ៍ទស្សនីយភាពសិល្បៈ រាត្រីចងចាំ សម្តែងជូនសាធារណៈបានទស្សនា នាបរិវេណខាងក្រោយប្រាសាទអង្គរវត្ត។
អ្នកយកព័ត៌មានយើងប្រចាំខេត្តសៀមរាបធ្វើសេចក្តីរាយការណ៍!
នៅពេលបានទៅទស្សនា ការសម្តែងសិល្បៈក្នុងព្រឹត្តការណ៍ រាត្រីចងចាំ នៅខាងក្រោយប្រាសាទអង្គរវត្ត លោកកែវ កុសល ប្រជាពលរដ្ឋរស់នៅក្នុងក្រុងសៀមរាប បានលើកឡើងថា លោកមានអារម្មណ៍សប្បាយរីករាយជាពន់ពេក ក្រោយទទួលបានព័ត៌មានថា អាជ្ញាធរជាតិអប្សរា បានរៀបចំព្រឹត្តិការណ៍រំលឹកគុណអង្គរ ក្នុងនោះនាពេលរាត្រីក៏មានកម្មវិធីសម្តែងសិល្បៈបុរាណជាច្រើនទម្រង់ជូនភ្ញៀវជាតិ និងអន្តរជាតិបានទស្សនាដោយសេរី។ លោកបន្តថា ការបង្ហាញអំពីទស្សនីយភាពសិល្បៈបុរាណក្នុងព្រឹត្តិការណ៍រាត្រីចងចាំបែបនេះ អាចធ្វើឱ្យកូនខ្មែរជំនាន់ក្រោយ បានស្គាល់កាន់តែច្បាស់ និងជាការរំលឹកឱ្យដឹងថា ខ្មែរមានវប្បធម៌ អរិយធម៌ដ៏ល្អផូរផង់ ហើយក៏ជាចំណែកមួយដើម្បីទាក់ទាញភ្ញៀវទេសចរចូលមកកម្សាន្តផងដែរ។សំឡេង៖ជាលើកទីមួយរបស់ខ្ញុំដែលបានចូលរួម ហើយសប្បាយរីករាយ និងត្រេកអរដែលបានបងប្អូនយើងបានមកចូលរួមច្រើន ហើយកម្មវិធីនេះល្អដើម្បីផ្សព្វផ្សាយឱ្យពិភពលោកបានឃើញ ហើយប្រជាជនយើងក៏បានដឹងពីអត្ថប្រយោជន៍អង្គររបស់យើងដែរ ដើម្បីថែរក្សាប្រពៃណីរបស់យើងគឺយើងត្រូវចូលរួមផ្សព្វផ្សាយបន្តពីមួយជំនាន់មួយទៅជំនាន់មួយ ដើម្បីកុំឱ្យភ្លេចខ្លួនថាយើងមិនមានវប្បធម៌របស់ខ្លួន ។
ចំណែកលោកវិទ្យា ប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប ដែល បានចូលរួមទស្សនាក្នុងព្រឹត្តិការណ៍ខាងលើបានឱ្យដឹងដែរថា ក្នុងនាមកូនខ្មែរជំនាន់ក្រោយ លោកពិតជាមានមោទនភាពយ៉ាងខ្លាំង ដែល បានមកទស្សនាផ្ទាល់ ការសម្តែងសិល្បៈបុរាណ ក្នុងព្រឹត្តិការណ៍រាត្រីចងចាំ ព្រោះថាគឺជាព្រឹត្តិការណ៍មួយដ៏ល្អអស្ចារ្យ ដែលមានសិល្បៈបុរាណជាច្រើនទម្រង់ សម្តែងសម្រាប់កូនខ្មែរបានទស្សនា។ លោកបន្តថា លោកចង់ឱ្យមានការសម្តែងសិល្បៈបែបនេះឱ្យបានច្រើន ក្នុងកម្មវិធីបុណ្យប្រពៃណីនានា ដើម្បីបំផុសនិងបង្ហាញឱ្យកូនខ្មែរបានស្គាល់អំពីប្រពៃណីវប្បធម៌ អរិយធម៌ខ្មែរ។សំឡេង៖ជាការសម្តែងមួយដ៏អស្ចារ្យពីវប្បធម៌ ទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរយើង មានទាំងរបាំ ល្បុកតោ និងច្រើនទម្រង់មែនទែន ហើយខ្ញុំចង់ឱ្យមានកម្មវិធីបែបនេះជាច្រើនទៀតនៅក្នុងកម្មវិធីបុណ្យជាតិធំៗ ហើយមានកម្មវិធីបែបនេះល្អមែនទែន ហើយមានមោទនភាពនៅពេលដែលមានធ្វើកម្មវិធីបែប នេះ ដើម្បីផ្សាយឱ្យពិភពលោកបានស្គាល់ ក្នុងនាមខ្ញុំជាយុវជនខ្ញុំគាំទ្រឱ្យមានកម្មវិធីបែបនេះ។
មហាព្រឹត្តិការណ៍ទស្សនីយភាពសិល្ប: វប្បធម៌ដ៏អស្ចារ្យ បង្ហាញជូននូវបេតិកភណ្ឌវប្បធម៌រូបីនិងអរូបី។មានទស្សនីយភាពសិល្ប:ជាច្រើនទម្រង់ សម្តែងជូនទស្សនិកជនបានទស្សនា។ ព្រឹត្តិការណ៍«រាត្រីចងចាំ» ត្រូវបានសម្តែងដើម្បីចូលរួមអបអរសាទរខួប៣០ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌រូបីនៃពិភពលោករបស់អង្គការយូណេស្កូ។
សូមជម្រាបផងដែរថា ក្រៅពីព្រឹត្តិការណ៍ «រាត្រីចងចាំ»នៅក្នុងពិធីបុណ្យរំលឹកគុណអង្គររយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ ក៏មានពិធីបួងសួងតាមបែបប្រពៃណីសាសនា ការតាំងបង្ហាញសមិទ្ធផលការងាររបស់អាជ្ញាធរជាតិអប្សរា ការសម្តែងសិល្បៈជាច្រើនទម្រង់ដើម្បីឱ្យសាធារណៈជន ភ្ញៀវជាតិនិងអន្តរជាតិបានទស្សនាផងដែរ៕