ក្នុងការជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាន និងអឺរ៉ុប AKP ភ្នំពេញ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២-ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ និងជាសហប្រធាននៃកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប បានមានប្រសាសន៍ ជំរុញអាស៊ានឱ្យប្រឹងប្រែង ដើម្បីងើបឈរឡើងធ្វើជាដៃគូ ស្មើភាព និងស្មើសិទ្ធិ ជាមួយនឹងសហគមន៍អឺរ៉ុប ក្នុងការជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាន ជាមួយនឹងសហភាពអឺរ៉ុប។ក្នុងសន្និសីទសារព័ត៌មានរួមគ្នា នៃកិច្ចប្រជុំរម្លឹកកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប និងអបអរសាទរខួប៤៥ឆ្នាំ នៃដៃគូសន្ទនា អាស៊ាន-សហគមន៍អឺរ៉ុប កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្ស៉ិក សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា តំបន់ទាំងពីររបស់យើង គឺបានផ្សារភ្ជាប់គ្នា បើទោះបីជាយើងនៅឆ្ងាយពីគ្នា ក៏ប៉ុន្តែយើងបានផ្សារភ្ជាប់គ្នាក្លាយទៅជាដៃគូយុទ្ធសាស្ត្រ ហើយអ្វីដែលជាបំណងធំរបស់យើងដែលរកឃើញនៅក្នុងអង្គប្រជុំរបស់យើងនេះ គឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាន ជាមួយនឹងសហភាពអឺរ៉ុប។ ដូច្នេះ តំបន់ទាំងពីរគប្បីត្រូវធ្វើកិច្ចការងារនេះឱ្យបានលឿនបំផុត តាមដែលអាចធ្វើទៅបាន។ សម្ដេចតេជោគូសបញ្ជាក់ថា អាស៊ានមិនគ្រាន់តែទន្ទឹងរង់ចាំអ្វីក៏ត្រូវជួយពីសហភាពអឺរ៉ុបនោះទេ ប៉ុន្តែត្រូវឃើញឱ្យការបំពេញឱ្យគ្នាទៅវិញទៅមករវាងសេដ្ឋកិច្ចតំបន់ទាំងពីរ។ សម្តេចតេជោបន្តថា ពិតហើយ គឺបណ្ដាប្រទេសអឺរ៉ុបមានការជឿនលឿនជាង ក៏ប៉ុន្តែអាស៊ាន ក៏មិនមែនគ្រាន់តែជាកន្លែងដែលត្រូវតែរង់ចាំទទួលជំនួយពីអឺរ៉ុបនោះទេ។ ដូច្នេះស្ថិតក្នុងស្ថានភាពនេះហើយ ដែលអាស៊ាន និងអឺរ៉ុប បានឯកភាពគ្នាដើម្បីបង្កើតឡើងឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ សម្តេចតេជោថ្លែងបញ្ជាក់ថា៖ “យើងពិតជាមិនមែនចង់ឱ្យប្រជាជនរបស់យើងនៅតែក្ររហូត ហើយរង់ចាំភាពអនុគ្រោះអំពីសហភាពអឺរ៉ុបនោះទេ។ យើងចង់បានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពិតប្រាកដ ដែលនេះគឺជាការផ្សាភ្ជាប់រវាងតំបន់ទាំងពីរ ហើយជាសេដ្ឋកិច្ចបំពេញឱ្យគ្នា”។ សម្តេចតេជោសង្ឃឹមថា ចំណុចនេះ គឺជាចំណុចដាស់តឿនអាស៊ានរបស់យើង ឱ្យខិតខំប្រឹងប្រែងដើម្បីងើបឈរឡើងធ្វើជាដៃគូ ស្មើភាព និងស្មើសិទ្ធិ ជាមួយនិងសហគមន៍អឺរ៉ុប។ក្នុងសន្និសីទសារព័ត៌មានរួមគ្នានេះដែរ សម្ដេចតេជោ ក៏បានចែករំលែកនូវសុទិដ្ឋិនិយមចំពោះវឌ្ឍនភាពនៃទំនាក់ទំនងរវាងតំបន់ទាំងពីរ ហើយសង្ឃឹមមុតមាំថា កិច្ចសហប្រតិបត្តិការរវាតំបន់ទាំងពីរ នឹងកាន់តែស៊ីជម្រៅទូលំទូលាយ និងផ្ដល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ សម្ដេចតេជោនាយករដ្ឋមន្រ្តីក៏មានសេចក្ដីរីករាយ ចំពោះកិច្ចសន្ទនានៅលើប្រធានបទជាច្រើន ដែលមានការពាក់ព័ន្ធ និងមានសារសំខាន់នៅក្នុងតំបន់ទាំងពីរ ប្រកបដោយបើកចំហ និងស្មោះត្រង់ ព្រមទាំងស្ថាបនា។ ជាមួយគ្នានេះ អ្វីដែលធ្វើឱ្យដៃគូរបស់យើងរឹតតែសំខាន់ទៀតនោះ គឺការវិវត្តន៍ស្ថានភាពដ៏គួរឱ្យព្រួបារម្ភ និងផុយស្រួយ ដែលពិភពលោកទាំងមូលប្រឈមទៅនឹងការសាកល្បងដ៏ធំមួយដែលមិនធ្លាប់មានពីមុនមក តួយ៉ាងដូចជាការ ប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងមហាអំណាច ការធ្វើឱ្យរង្គោះរង្គើរដល់សណ្ដាប់ធ្នាប់អន្តរជាតិ និងបានគំរាមកំហែងដល់ស្ថិរភាព សន្តិភាព និងការរីកចម្រើន ស្របពេលជាមួយនិងការកើនឡើងនៃការប៉ះទង្គិចប្រដាប់អាវុធ និងសង្គ្រាម ដូចដែលតំបន់យើងទាំងពីរកំពុងប្រឈមជាឧទាហរណ៍។
សម្ដេចតេជោ ហ៊ុន សែន គូសបញ្ជាក់ចំពោះសង្គ្រាមនៅអ៊ុយក្រែនថា យើងបានបញ្ជាក់ឡើងវិញនូវជំហរដ៏រឹងមាំរបស់យើង ក្នុងការគោរពចំពោះអធិបតេយ្យភាព បូរណភាពទឹកដី និងឯករាជ្យភាពខាងនយោបាយ ហើយយើងជំទាស់ទៅនឹងការទន្ទ្រានយកដី និងការប្រើប្រាស់ ឬគម្រាមដោយកម្លាំង ប្រឆាំងនឹងរដ្ឋអធិបតេយ្យមួយទៀត។ សម្តេចតេជោអះអាងបន្ថែមថា៖ “ យើងបានសង្កត់ធ្ងន់ទៅលើភាពចាំបាច់នៃការបញ្ឈប់ជាបន្ទាន់ នូវភាពប្រទូស្តសារាយ និងការបង្កើតបរិយាកាសអំណោយផល សម្រាប់ដោះស្រាយជម្លោះដោយសន្តិវិធី ដើម្បីបើកផ្លូវឱ្យផ្ដល់ជំនួយមនុស្សធម៌ទៅដល់ជនរងគ្រោះ ដែលត្រូវការបំផុត និងបានយ៉ាងឆាប់បំផុតប្រកបដោយសុវត្ថិភាព និងដោយគ្មានការរារាំង៕