សម្ដេចតេជោ ហ៊ុន សែន៖ ជោគវាសនារួម ក្នុងភាពដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយរវាងកម្ពុជា-ចិន បានបង្កើតនូវការជឿទុកចិត្តគ្នា
ព័ត៌មានជាតិ
116

AKP កំពង់ស្ពឺ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២-ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា ជោគវាសនារួម ក្នុងភាពដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ចិន បានបង្កើតនូវការជឿទុកចិត្តគ្នា ហើយដែលមិត្តចិនក្រៅពីការផ្ដល់ជំនួយឥតសំណង ក៏បានផ្ដល់នូវឥណទានសម្បទានសម្រាប់ការអភិវឌ្ឍកម្ពុជា។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងដូច្នេះ ក្នុងខណៈអញ្ជើញជាអធិបតីជាមួយ ឯកឧត្ដម Wang Wentian ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកការដ្ឋានស្ថាបនា គម្រោងស្តារនិងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ ពីថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ៤) ខេត្តកណ្តាល ដល់ស្រុកជុំគិរី (ចំណុចប្រសព្វផ្លូវជាតិលេខ៣) ខេត្តកំពត នាព្រឹកថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២២ នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្ដល់នូវឥណទានសម្បទាន សម្រាប់គម្រោកែលម្អផ្លូវជាតិលេខ៤១ ឡើងវិញ និងបានជួយកម្ពុជាក្នុងការអភិវឌ្ឍន៍នាពេលកន្លងមក ក៏ដូចជាក្នុងពេលបច្ចុប្បន្ន។

សម្ដេចតេជោ ក៏បានសុំការអធ្យាស្រ័យពីសំណាក់ប្រជាពលរដ្ឋ ដែលរស់នៅតាមដងផ្លូវជាតិលេខ៤១ ក្នុងមួយរយៈកាល ព្រោះវាពិតជារំខានទៅដល់បងប្អូន ប៉ុន្តែបន្ទាប់ពីការសាងសង់រួចហើយនោះ ផ្លូវនេះនឹងផ្ដល់ផលប្រយោជន៍ធំធេងណាស់សម្រាប់បងប្អូន ដែលរស់នៅតាមដងផ្លូវជាតិលេខ៤១ ឬក៏ធ្វើដំណើរលើផ្លូវនេះ និងទទួលផលប្រយោជន៍ផងដែរ។

សម្ដេចតេជោគូសបញ្ជាក់ថា សមិទ្ធផលនេះ វាបានមកពីការខិតខំប្រឹងប្រែងរបស់យើង «ក្នុងនោះក៏សូមបញ្ជាក់ផងដែរថា មិត្តចិនបានជួយកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ទាក់ទងជាមួយនឹងផ្លូវ ស្ពាន ដែលយើងបានធ្វើរយៈពេលកន្លងទៅ សម្តេចតេជោបន្តថា មកដល់ពេលនេះ មិត្តចិនបានចូលរួមចំណែកជួសាងសង់ផ្លូវមានចំនួន ៣០ខ្សែ ដែលមានប្រវែងជាង ៣០០០គីឡូម៉ែត្រ ដែលចំណាយថវិកាអស់ជិត ២ ០០០ លានដុល្លារអាម៉េរិក និងកំពុងសាងចំនួន៣ខ្សែទៀត ដែលត្រូវចំណាយថវិកាប្រមាណជា ៥០០លានដុល្លារអាម៉េរិក។ ឯស្ពានធំៗមានចំនួន៩ ដែលបានកសាងរួច និងកំពុងសាងសង់បន្តនោះ។ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងសាងសង់ផ្លូវជាតិលេខ៤១ មានប្រវែងសរុប ៩៥,២៧គីឡូម៉ែត្រ ចាប់ពីថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ៤) ខេត្តកណ្តាល ទៅដល់ស្រុកជុំគិរី (ចំណុចប្រសព្វផ្លូវជាតិលេខ៣) ខេត្តកំពត នឹងត្រូវសាងសង់លើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូAC កម្រាស់ ៥សង់ទីម៉ែត្រ និងពង្រីកទទឹងតួផ្លូវរហូតដល់ ១២ម៉ែត្រ។ គម្រោងនេះ នឹងរួមបញ្ចូលនូវការសាងសង់ពង្រីកស្ពានចាស់ ០១កន្លែង ប្រវែងសរុប ២០០ម៉ែត្រ ដាក់លូគ្រប់ប្រភេទចំនួន ៣១៥កន្លែង បំពាក់កាមេរ៉ាត្រួតពិនិត្យល្បឿនចំនួន ០៨កន្លែង រួមទាំងបំពាក់ផ្លាកសញ្ញា គំនូសសញ្ញា បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាព ផងដែរ។

ឯកឧត្ដមទេសរដ្ឋមន្ត្រីបានបន្តថា គម្រោងនេះ នឹងត្រូវអនុវត្ដការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ប្រើរយៈពេល សាងសង់ចំនួន ៤០ខែ នឹងបញ្ចប់នៅអំឡុងឆ្នាំ២០២៦ ដោយគ្រោងចំណាយថវិកាសរុបប្រមាណជាង ៦៧លានដុល្លារអាម៉េរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ។

ឯកឧត្ដម ស៊ុន ចាន់ថុល ក៏បានថ្លែងរំម្លឹកឱ្យដឹងដែរថា ផ្លូវជាតិលេខ៤១នេះ បានសាងសង់ម្តងរួចមកហើយ កាលពីឆ្នាំ២០១១ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរប្រទាប់(DBST) មានទទឹងតួផ្លូវពី ៧ម៉ែត្រ ដល់១១ម៉ែត្រ ដែលជាទូទៅប្រភេទផ្លូវនេះមានអាយុកាលជាមធ្យមពី ០៥ឆ្នាំ ទៅ ០៨ឆ្នាំ ប្រសិនបើ មានការថែទាំត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។ ដោយសារផ្លូវនេះ ជាខ្សែផ្លូវសំខាន់មួយ តភ្ជាប់ទៅផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ និងតំបន់សំខាន់ៗមួយចំនួន ដែលធ្វើឱ្យទំហំចរាចរណ៍ និងការដឹកជញ្ជូនមានការកើនឡើងជាគំហុក ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គួបផ្សំនឹងស្ថានភាពផ្លូវមានកម្រិតទាប និងតែងតែទទួលរងការខូចខាត និងទ្រុឌទ្រោម ដោយជំនន់ទឹកភ្លៀងនៅរៀងរាល់រដូវវស្សា និងគ្រោះធម្មជាតិ ទើបរាជរដ្ឋាភិបាលសម្រេចធ្វើការសាងសង់ពង្រីក និងលើកកម្រិតគុណភាពឡើងវិញ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ដឹកជញ្ជូនទំនិញ កសិផល និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។

ផ្លូវជាតិលេខ៤១ គឺជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសារៈសំខាន់ឆ្លងកាត់ខេត្តចំនួន០៤ រួមមាន ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តកំពត និងតភ្ជាប់ទៅកាន់កំពង់ផែអន្តរជាតិសំខាន់ៗ ដូចជា កំពង់ផែពហុបំណងខេត្តកំពតនិងមជ្ឈមណ្ឌលភ័ស្តុភារកម្មដែលកំពុងសាងសង់ កំពង់ផែទេសចរណ៍ខេត្តកំពត និងកំពង់ផែទេសចរណ៍ខេត្តកែប-កោះទន្សាយ ដែលទើបសាងសង់រួច ព្រមទាំងតភ្ជាប់ទៅតំបន់ទេសចរណ៍ធម្មជាតិ ដែលនៅតាមបណ្តាខេត្តព្រះសីហនុ ខេត្តកែប និងខេត្តកំពត តាមរយៈ ខ្សែផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៣៣។

ក្រោយបញ្ចប់ការសាងសង់ ខ្សែផ្លូវនេះនឹងសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ និងកសិផល ដំណាំកៅស៊ូ ម្រេច ផលនេសាទ អំបិល ដំណាំស្រូវ និងផ្លែឈើ ទៅកាន់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ។ បន្ថែមពីលើនេះ ផ្លូវជាតិលេខ៤១នេះ នឹងចូលរួមលើកកម្ពស់ការអភិវឌ្ឍតំបន់ទេសចរណ៍សំខាន់ៗ ដូចជា តំបន់ឧទ្យានជាតិព្រះមុនីវង្ស បូកគោ កោះទន្សាយ តំបន់ឆ្នេរ និងតំបន់មាត់សមុទ្រធម្មជាតិ។ ខ្សែផ្លូវនេះ ក៏នឹងជួយសម្រួល និងបញ្ចៀសការកកស្ទះនៅលើផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ បានមួយកម្រិតបន្ថែមទៀតផងដែរ៕


Telegram