APP រាជធានីភ្នំពេញ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២–នៅល្ងាចថ្ងៃចន្ទ ទី ២៦ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងបំពាក់គ្រឿងឥស្សរិយយសជូននិវត្តន៍ជន-មន្ត្រីកាកបាទក្រហមកម្ពុជា ដែលធ្លាប់បានបម្រើការងារមនុស្សធម៌យ៉ាងសកម្មជាមួយកាកបាទក្រហមកម្ពុជា នាពេលកន្លងមក។ពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល អនុប្រធានអចិន្រ្តៃយ៍ លោកជំទាវ ឯកឧត្តម អនុប្រធាន អគ្គហេរញ្ញិក សមាជិកគណៈកម្មាធិការកណ្តាល និវត្តន៍ជន និងក្រុមប្រតិបត្តិ សរុបប្រមាណ ៨០នាក់។ក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងដោយក្តីសោមនស្សរីករាយដោយបានជួបសំណេះសំណាលសួរសុខទុក្ខ ជាមួយនិវត្តន៍ជន និងមន្ត្រីកាកបាទក្រហមកម្ពុជាទាំងអស់។សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតប្រកបដោយមោទកភាពយ៉ាងក្រៃលែងចំពោះបងប្អូននិវត្តន៍ជនទាំងអស់ ដែលបានពលិកម្មគ្រប់បែបយ៉ាង ខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តបំពេញការងារមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជាតាំងពីដើមរហូតមក ដែលអ្នកខ្លះបានបំពេញការងារមុនពេលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ធ្វើជាប្រធានកាកបាទក្រហមកម្ពុជាមកម្លេះ។ សមិទ្ធផល ស្នាដៃ និងជោគជ័យ តាំងពីដើម រហូតដល់បច្ចុប្បន្ន ក៏ដូចជាទៅអនាគត គឺបានដោយសារការចូលរួមពីបងប្អូននិវត្តន៍ជន និងមន្ត្រី អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជាយើងទាំងអស់ ដែលបាននិងកំពុងជួយសម្រាលការលំបាកដល់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដូចជាគ្រោះទឹកជំនន់ ខ្យល់កន្ត្រាក់ ភ្លើងឆេះផ្ទះ។ល។ ជាពិសេសបានរួមចំណែកធ្វើឱ្យកាកបាទក្រហមកម្ពុជា មានឈ្មោះល្បីរន្ទឺ ខ្ពស់មុខខ្ពស់មាត់លើឆាកអន្តរជាតិ។ជាចុងក្រោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានជូនពរដល់និវត្តន៍ជន គណៈកម្មាធិការកណ្តាល មន្ត្រី អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជាទាំងអស់ ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល២០២៣ សូមមានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច និងជួបប្រទះតែនឹងព្រះពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងបំពាក់គ្រឿងឥស្សរិយយសជូននិវត្តន៍ជន-មន្ត្រីកាកបាទក្រហមកម្ពុជា