សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា ទំហំពាណិជ្ជកម្មកម្ពុជា-ចិន នៅឆ្នាំ២០២២នេះ មានរហូតដល់ ១៤ ៥០០ លានដុល្លារអាម៉េរិក កើនឡើងជាង១៩ ភាគរយ ហើយសង្ឃឹមថា ទំហំពាណិជ្ជកម្មនេះនឹងកើនឡើងថែមទៀត តាមរយៈនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ។ ការលើកឡើងរបស់សម្ដេចតេជោនាយករដ្ឋមន្រ្ដីនេះ ក្នុងពិធីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពភាព ផ្លូវជាតិលេខ៣១ (ពីបែកគុស ដល់កំពង់ត្រាច) និងផ្លូវជាតិលេខ៣៣ (ពីក្រុងកំពត ដល់ច្រកលក) ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០ ២២ ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា មូលហេតុដែលធ្វើឱ្យទំហំ ពាណិជ្ជកម្មកើនឡើងដោយសារ ប្រទេសទាំងពីរមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជានិងចិន ដែលធ្វើឱ្យកម្ពុជាអាចនាំ ចេញទំនិញទៅចិនបានកាន់តែច្រើន ។
សម្ដេចតេជោបានថ្លែងបញ្ជាក់ថា៖ «ឆ្នាំនេះទំហំពាណិជ្ជកម្មកម្ពុជា-ចិន មានចំនួនរហូតដល់១៤ពាន់ ៥០០លានដុល្លារអាម៉េរិក មានកំណើនដល់ជាង១៩ភាគរយ ហើយនៅពេលខាងមុខ ខ្ញុំសង្ឃឹមថា នឹងមានសមត្ថភាពនាំ ទំនិញទៅកាន់ទីផ្សារប្រទេសចិនកាន់តែច្រើនតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលចិន ផ្តល់អាទិភាពខ្ពស់អនុគ្រោះពន្ធរហូតដល់៩៧, ៤៣ភាគរយ »។
សូមបញ្ជាក់ថា កាលពីឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិនបានឡើងដល់ជាង១១ពាន់លានដុល្លារ ហើយនៅឆ្នាំ២០២២នេះ ភាគីទាំងពីរបានប្តេជ្ញាបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យបានកើនដល់ ១៥ ពាន់លានដុល្លារ។
សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានគូសបញ្ជាក់បន្ថែមថា៖ «អ្វីដែលសំខាន់នោះគឺមិត្តចិនបានផ្តល់មកកម្ពុជា ផ្តល់នូវអ្វីដែលកម្ពុជាចង់បាន ដើម្បីយកមកអភិវឌ្ឍន៍ប្រទេស។ ដែលចំណុចនេះមិនមែនយើងចង់កសាងផ្លូវ លេខ ៣៥, ៣១ តែបែជាម្ចាស់ឥណទានលើកកន្លែងផ្សេងនោះទេគឺចិនធ្វើតាមការចង់បានរបស់យើង»៕