ខេត្តក្រចេះ ៖ យោងតាមផេកផ្លូវការរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងទាំងស្រុងថា នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ នេះ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញអមដំណើរសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ពីស្រុកចិត្របុរី ទៅស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ប្រវែង ១៧៦១ម៉ែត្រ និងផ្លូវតភ្ជាប់ ប្រវែង ៣១,៦៩គីឡូម៉ែត្រ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្រសួង-ស្ថាប័ន អាជ្ញាធរខេត្តពាក់ព័ន្ធ ភ្ញៀវ កិត្តិយសជាតិ-អន្តរជាតិ បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សជាច្រើនរូបផងដែរ។
ថ្លែងក្នុងរបាយការណ៍គោរពជូន សម្តេចតេជោនាយករដ្ឋមន្ត្រី ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណជាថ្មីម្តងទៀត តាមរយៈឯកឧត្តម វ៉ាង វិនធៀន ចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្តល់ឥណទានសម្បទាន ជំនួយឥតសំណង និងជំនួយបច្ចេកទេសជាបន្ដបន្ទាប់ស្របតាមសំណូមពរ និងសេចក្ដីត្រូវការចាំបាច់របស់កម្ពុជា សម្រាប់ការសាងសង់ ស្តារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការពង្រឹង និងពង្រីកការតភ្ជាប់ទាំងក្នុងក្របខណ្ឌផ្ទៃក្នុងប្រទេស និងក្របខណ្ឌតំបន់ សំដៅធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធឡូជីស្ទីក និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
ជម្រាបជូនអង្គពិធីនាឱកាសនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានលើកឡើងពីគម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ និងផ្លូវតភ្ជាប់នេះ ដែលក្នុងនោះ ស្ពានឆ្លងកាត់ទន្លេមេគង្គ មានប្រវែង ១.៧៦១ម៉ែត្រ ត្រើយខាងកើត ស្ថិតនៅត្រង់ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិច ស្ថិតនៅត្រង់ភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ ចំណែកឯ ផ្លូវតភ្ជាប់ មានប្រវែង ៣១,៦៩គីឡូម៉ែត្រ រួមមាន៖ ផ្លូវតភ្ជាប់ពីក្បាលស្ពានមានប្រវែង ១៥,៤៩គីឡូម៉ែត្រ និងផ្លូវខ្នែងចំនួន ៤ខ្សែ នៅក្នុងក្រុងក្រចេះ មានប្រវែង ១៦,២០គីឡូម៉ែត្រ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ រួមជាមួយនឹងផ្លូវតភ្ជាប់ ដែលកំពុងរៀបចំពិធីបើកការដ្ឋានសាងសង់នាឱកាសនេះ គឺជាគម្រោងយុទ្ធសាស្រ្តមួយយ៉ាងសំខាន់សម្រាប់តភ្ជាប់ទំនាក់ទំនង និងក្តីសង្ឃឹមរវាងប្រជាពលរដ្ឋដែលរស់នៅត្រើយខាងកើត និងប្រជាពលរដ្ឋរស់នៅត្រើយខាងលិច រួមទាំងតភ្ជាប់តំបន់ដាច់ស្រយាលនៅភូមិភាគឦសានមកកាន់ទីប្រជុំជនផងដែរ។ គម្រោងនេះ គឺជាផ្នែកមួយនៃផ្លូវជាតិលេខ៦០B តភ្ជាប់ពីខេត្តក្រចេះទៅខេត្តកំពង់ធំ ដែលមានភាពប្រទាក់ក្រឡាជាមួយផ្លូវជាតិ និងផ្លូវខេត្តសំខាន់ៗ ដូចជា៖ ត្រើយខាងលិច តភ្ជាប់ជាមួយផ្លូវជាតិលេខ៦ ត្រង់ផ្លូវបំបែកកំពង់ថ្ម ខេត្តកំពង់ធំ បន្តឆ្ពោះទៅកាន់ខេត្តសៀមរាប និងតភ្ជាប់តាមរយៈផ្លូវជាតិលេខ៧១A តាមបណ្តោយមាត់ទន្លេមេគង្គ ឆ្ពោះទៅកាន់ខេត្តស្ទឹងត្រែងនៅផ្នែកខាងលើ និងឆ្ពោះទៅខេត្តកំពង់ចាម នៅផ្នែកខាងក្រោមទន្លេមេគង្គ។ ចំណែកឯ នៅត្រើយខាងកើតវិញ តភ្ជាប់ទៅផ្លូវជាតិលេខ៧ ឆ្ពោះទៅខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី និងតភ្ជាប់ជាមួយផ្លូវជាតិលេខ៧៣ ឆ្លងកាត់ស្រុកឆ្លូង ស្រុកតំបែរ ឆ្ពោះទៅខេត្តត្បូងឃ្មុំ រួចតភ្ជាប់ទៅផ្លូវជាតិលេខ៧ ឆ្ពោះទៅខេត្តកំពង់ចាម ឬខេត្តព្រៃវែង និងបន្តឆ្ពោះទៅកាន់រាជធានីភ្នំពេញ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានរំលេចឱ្យឃើញពីសកម្មភាពការងារ និងការអនុវត្តស្របតាមកម្មវិធីនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ក្នុងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពានសំខាន់ៗ នៅទូទាំងប្រទេសឱ្យមានភាពប្រទាក់ក្រឡាគ្នា និងកាន់តែល្អប្រសើរឡើងប្រកបដោយគុណភាព សម្រាប់បម្រើឱ្យសកម្មភាពសេដ្ឋកិច្ច-សង្គម វិនិយោគ និងទេសចរណ៍។
ទន្ទឹមជាមួយគ្នានោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់អញ្ជើញឡើងថ្លែងសុន្ទរកថា និងសំណេះសំណាលទៅកាន់អង្គពិធីទាំងមូលប្រកបដោយសេចក្តីសោមនស្សរីករាយ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា៖ ការសាងសង់ស្ពាន និងផ្លូវតភ្ជាប់នេះ នឹងជួយជំរុញតំបន់ភូមិភាគឦសានរបស់យើងឱ្យកាន់តែមានភាពរីកចម្រើននិងជួយកាត់បន្ថយភាពក្រីក្រ ក៏ដូចជាកាត់បន្ថយគម្លាតអភិវឌ្ឍន៍ក្នុងតំបន់ឱ្យបានកាន់តែល្អប្រសើរថែមទៀត។ក្រោយពីការសាងសង់រួច ស្ពាន និងផ្លូវតភ្ជាប់នេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រួលដល់បងប្អូនប្រជាពលរដ្ឋយើងធ្វើដំណើរទៅប្រកបមុខរបរប្រចាំថ្ងៃ ជាពិសេសទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាពនៅពេលបងប្អូនប្រជាពលរដ្ឋត្រូវការសង្គ្រោះបន្ទាន់ម្តងៗ ព្រមទាំងជួយសម្រួលដល់ក្មួយៗសិស្សានុសិស្សធ្វើដំណើរទៅកាន់សាលារៀនបានឆាប់រហ័ស និងប្រកបដោយសុវត្ថិភាពផងដែរ។ លើសពីនេះស្ពាន និងផ្លូវតភ្ជាប់នេះ នឹងរួមចំណែកក្នុងការជំរុញការរីកចម្រើនក្នុងតំបន់ដែលមានសក្តានុពលខាងកសិកម្ម និងកសិឧស្សាហកម្ម ជាពិសេសតំបន់ដាច់ស្រយាលនៅភូមិភាគឦសានដែលអាចតភ្ជាប់មកកាន់ទីប្រជុំជន។ដទាំងអស់នេះ គឺជាផ្នែកមួយរួមចំណែកក្នុងការកាត់បន្ថយការលំបាក និងបង្កើនភាពងាយស្រួលសម្រាប់បងប្អូនប្រជាពលរដ្ឋយើង ដែលពីមុននេះធ្លាប់ធ្វើដំណើរ និងដឹកជញ្ជូនទំនិញឆ្លងកាត់ពីត្រើយម្ខាងទៅត្រើយម្ខាងទៀតដោយលំបាក និងបង់ប្រាក់កាសទៅលើការឆ្លងស្រឡាងចំណាយពេលវេលាយូរ និងមិនធានាបាននូវសុវត្ថិភាពគ្រប់ពេលវេលានោះទេ។
សម្តេចតេជោ បានសម្តែងនូវការកោតសរសើរ ចំពោះក្រសួងសាធារណការ និងដឹកជញ្ជូន,ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, អាជ្ញាធរខេត្តក្រចេះ, ក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំរួមជាមួយក្រុមហ៊ុនសំណង់សៀងហៃ(Shanghai Construction Group) និងទីប្រឹក្សាបច្ចេកទេសក្រុមហ៊ុនក្វាងចូវវ៉ាន់អាន(Guangzhou Wanan Construction Supervision) របស់សាធារណរដ្ឋប្រជាមានិតចិន ក្នុងការរៀបចំគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ និងផ្លូវតភ្ជាប់នេះដែលនឹងត្រូវប្រកាសបើកការដ្ឋាននៅពេលបន្តិចទៀតនេះ។
ជាមួយគ្នានេះ សម្តេចបានធ្វើការផ្តាំផ្ញើដល់ក្រុមហ៊ុនសំណង់សៀងហៃ(Shanghai Construction Group) និងក្រុមហ៊ុនក្វាងចូវវ៉ាន់អាន(Guangzhou WananConstruction Supervision) ដែលនឹងត្រូវទទួលភារកិច្ចសាងសង់ និងត្រួតពិនិត្យបច្ចេកទេសគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ និងផ្លូវតភ្ជាប់នេះ ក្រោយពីបញ្ចប់ពិធីប្រកាសបើកការដ្ឋាននៅពេលបន្តិចទៀតនេះ សូមជំរុញការយកចិត្តទុកដាក់ខ្ពស់ក្នុងការសាងសង់ ដើម្បីសម្រេចតាមផែនការគ្រោងទុក និងប្រកបដោយគុណភាព។
សូមជម្រាបថា៖ គម្រោងនេះ នឹងត្រូវអនុវត្ដការសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ(SCG) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤២ខែ នឹងបញ្ចប់នៅក្នុងឆ្នាំ២០២៦ គ្រោងចំណាយថវិកាសរុបប្រមាណជាង ១១៤លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ៕