ខេត្តសៀមរៀប ៖ យោងតាមការចេញផ្សាយរបស់ក្រសួងព័ត៌មានបានឲ្យដឹងថា បើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្ដសៀមរាប បានឱ្យដឹងថា អ្នកទេសចរជាតិ និងអន្តរជាតិ ប្រមាណជាង ៣៣ម៉ឺននាក់ បានចូលមកកម្សាន្តនៅខេត្តសៀមរាប កំឡុងពិធីបុណ្យឆ្លងឆ្នាំសកលឆ្នាំ២០២២ ចូលឆ្នាំ២០២៣។
តាមរបាយការណ៍ដដែលនេះ បានឱ្យដឹងថា អ្នកទេសចរជាតិ និងអន្ដរជាតិ បានដើរកម្សាន្តតាមរមណីយដ្ឋាននានា មានការកើនឡើងជាងឆ្នាំមុន។ ក្នុងចំនួនប្រមាណ ៣៣៧,៧៦៩នាក់ ដែលក្នុងនោះអ្នកទេសចរជាតិ និងប្រជាពលរដ្ឋ ក្នុងខេត្ត មានចំនួនប្រមាណ ៣៣០,០០០នាក់ ដែលធ្វើដំណើរកម្សាន្តជាលក្ខណ:គ្រួសារ។
គោលដៅដែលបានទៅទស្សនានោះ រួមមាន រមណីយដ្ឋានអង្គរមានចំនួនប្រមាណ ២២០,០០០នាក់ , រមណីយដ្ឋានឧទ្យានជាតិភ្នំគូលេនមានចំនួប្រមាណ ៦,៥០០នាក់, តំបន់ទន្លេសាបមានចំនួនប្រមាណ៣,០០០នាក់, សហគមន៍ទេសចរណ៍អេកូទេសចរណ៍ និងតំបន់ផ្សេងៗមានចំនួនប្រមាណ ១០០,៥០០នាក់។ ទន្ទឹមនឹងនោះ ក៏មានភ្ញៀវទេសចរបរទេសផ្ទៃក្នុងមានចំនួន ៧,៧៦៩នាក់ផងដែរ។
ក្រោយពេលប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចាក់ស្រោចវ៉ាក់សាំងដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋកម្ពុជា បានធ្វើឲ្យស្ថានភាពនៃជម្ងឺកូវិដ-១៩ មានភាពធូរស្រាល ព្រមទាំងការប្រកាសបើកប្រទេស ក្នុងគោលដៅស្តារសេដ្ឋកិច្ចជាតិឡើងវិញ ធ្វើឲ្យអ្នកទេសចរជាតិ និងអន្តរជាតិ មានការចាប់អារម្មណ៍ដើរកម្សាន្ត ដោយមិនមានការព្រួយបារម្ភឡើយ ។
ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល២០២២-២០២៣កន្លងមកនេះ រដ្ឋបាលខេត្តសៀមរាប បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ដឹកនាំដោយ លោក ប្រាក់ សោភណ្ឌ័ អភិបាលរងខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានរៀបចំតុបតែងលម្អភ្លើងព័រណ៍ និងរចនាហេដ្ឋារចនាសម្ព័ន្ធតាមដងផ្លូវ ដើមី្បលើកកម្ពស់សោភ័ណភាពក្រុងសៀមរាប ឲ្យកាន់តែមានភាពស្រស់ត្រកាល រួមមាន បំពាក់ភ្លើងបំភ្លឺសាធារណ: និងបំពាក់ភ្លើងសញ្ញាចរាចរណ៍ ព្រមទាំងរៀបចំតុបតែងសួនស្ពានព្រះរាជដំណាក់ ដើម្បីចូលរួមអបអរឆ្នាំថ្មី ឆ្នាំសកលឆ្នាំ២០២៣ជាដើម ។
លោក ប្រាក់ សោភ័ណ្ឌ បានលើកឡើងនៅក្នុងកិច្ចសម្ភាសន៍ថា ការងាររៀបចំកែលម្អនេះ គឺជាការរំលេចនូវសោភ័ណភាព បៃតងនៅតាមដងស្ទឹង តាមរុក្ខវិថីនានាក្នុងក្រុង បរិវេណព្រះអង្គចេក ព្រះអង្គចម ក៏ដូចជានៅតាមសួនច្បារ ដើម្បីរៀចំភ្លើងពណ៌នាពេលរាត្រីឲ្យកាន់តែមានការទាក់ទាញអារម្មណ៍ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដើម្បីមកទស្សនាកម្សាន្ត ក្នុងឱកាសឆ្លងឆ្នាំថ្មី ឆ្នាំសកល ២០២៣នេះ ព្រមទាំងមានការជឹះទូកកម្សាន្តតាមដងស្ទឹងប្រវត្តិសាស្ត្រ និងទស្សនាការសម្តែង របាំ និង រាំវង់ស្គរដៃផងដែរ។ ម្យ៉ាងទៀតក៏ជាការរួមចំណែកក្នុងការជម្រុញការផ្សព្វផ្សាយពីសត្តានុពលរបស់ខេត្តសៀមរាប ក្នុងការស្តារឡើងវិញនូវរាល់វិស័យសេដ្ឋកិច្ចក្នុងខេត្តសៀមរាប ជាពិសេសលើវិស័យទេសចរណ៍។ តាមការកត់សម្គាល់ បណ្តាភ្ញៀវទេសចរទាំងនោះ បានជួបជុំគ្នាកម្សាន្តពេលរាត្រីឆ្លងឆ្នាំនេះ ដូចជានៅតំបន់ផាប់ស្រ្ទីត, តាមបណ្តោយដងស្ទឹង, នៅមុខសួនច្បារព្រះរាជដំណាក់ និងតំបន់ផ្សេងៗមួយចំនួនទៀត ក្នុងក្រុងសៀមរាប៕