ព្រះពុទ្ធប្បដិមាដ៏ធំលើភ្នំបូកគោកម្ពស់ ១០៨ ម៉ែត្រ ចំណាយថវិកាប្រមាណ ៣០លានដុល្លារ នឹងក្លាយជាមជ្ឈមណ្ឌលទេសចរណ៍សាសនាធំ លើពិភពលោក
ព័ត៌មានជាតិ
167

រាជធានីភ្នំពេញ ៖ យោងតាមការចេញផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា ព្រះពុទ្ធប្បដិមាលើកំពូលភ្នំបូកគោ នឹងក្លាយជាមជ្ឈមណ្ឌលទេសចរណ៍សាសនាដ៏ធំនៅកម្ពុជា និងពិភព លោក នឹងអាចទាក់ទាញភ្ញៀវទេសចររាប់ម៉ឺននាក់ ទៅកម្សាន្តក្រោយសាងសង់រួច។

ក្នុងពិធីបើកការដ្ឋានសាងសង់ព្រះពុទ្ធប្បដិមា កម្ពស់ ១០៨ ម៉ែត្រ ធំ និងខ្ពស់ជាងគេនៅកម្ពុជា នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ជា សុផារ៉ា បានមាន ប្រសាសន៍ថា ទន្ទឹមនឹងការអភិវឌ្ឍលើភ្នំបូកគោ ក្រុមហ៊ុនសុខាបានយកចិត្តទុកដាក់ លើវិស័យជំនឿសាសនា ដែលជាវប្បធម៌ទំនៀម ទម្លាប់ប្រពៃណីដ៏ផូផង់របស់ប្រជា ពលរដ្ឋខ្មែរយូរលង់ណាស់មកហើយ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តថា ការផ្តួចផ្តើមសាងសង់ព្រះពុទ្ធប្បដិមាដ៏ធំមួយអង្គ នៅលើខ្នងភ្នំបូកគោនេះ ដើម្បីជាទីសក្ការៈសម្រាប់ពុទ្ធសាសនិក ប្រតិបត្តិធម៌ ឧទ្ទិសសុំសេចក្តីសុខ សន្តិភាព សេចក្តីចម្រើនរុងរឿង។

ឯកឧត្តម បានបញ្ជាក់ថា ព្រះពុទ្ធប្បដិមា ដែលសាងសង់នេះ មានកម្ពស់ខ្ពស់ជាងគេក្នុងព្រះរាជាណា ចក្រកម្ពុជា ហើយស្ថិតនៅក្នុង ចំណោម ព្រះពុទ្ធប្បដិមាដ៏ខ្ពស់ៗនៅលើពិភពលោកផងដែរ។

សំឡេង « ខ្ញុំសូមថ្លែងអំណរគុណដល់សុខាអូតែល ដែលបានរួម ចំណែកយ៉ាងសកម្មនៅក្នុងការអភិវឌ្ឍតំបន់រមណីយដ្ឋានបូកគោ និងបានផ្តួចផ្តើមសាងសង់ ព្រះពុទ្ធប្បដិមានេះឡើង ដែលនឹងក្លាយទៅ ជាមជ្ឈមណ្ឌលទេសចរណ៍ព្រះពុទ្ធសាសនា ដ៏ធំមួយនៅព្រះរាជាណា ចក្រកម្ពុជានិងពិភពលោក »។

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា ការសាង សង់ព្រះពុទ្ធប្បដិមានេះ គឺជាសមិទ្ធ ផលថ្មីមួយទៀតក្នុងចំណោមការអភិវឌ្ឍជាច្រើននៅក្នុងខេត្តកំពត។ ឯកឧត្តមបានបន្តថា សមិទ្ធផលថ្មី នេះ នឹងដើរតួសំខាន់ក្នុងការរួម ចំណែកលើកកម្ពស់ការប្រតិបត្តិព្រះពុទ្ធសាសនា ក្នុងនាមជាប្រទេសប្រកាន់ខ្ជាប់នូវព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។

សូមបញ្ជាក់ថា ព្រះពុទ្ធប្បដិមានេះ សាងសង់នៅលើខ្នងភ្នំបូកគោ ដែលមាននីវ៉ូដីកម្ពស់ ៩៦២ ម៉ែត្រ ពីផ្ទៃសមុទ្រក្នុងភូមិសាស្រ្តវាលស្រែ ៥០០ និងឧទ្យានជាតិព្រះមុនីវង្សបូកគោ ដោយសាងសង់ពីបេតុងអាមេ មានពណ៌មាស។ គម្រោងសាង សង់នេះចំណាយថវិកាប្រមាណ ៣០ លានដុល្លារ ដោយប្រើរយៈពេល ៤ឆ្នាំ ដើម្បីបញ្ចប់គម្រោង។

ព្រះពុទ្ធប្បដិមាបែរព្រះភក្រ្តទៅទិសខាងកើត មានកម្ពស់ ១០៨ ម៉ែត្រពីនីវ៉ូ សូន្យ នៃខឿនផ្ទាល់ដីដល់កំពូលព្រះម៉ូលី ដែលតំណាងឱ្យមង្គលទាំង ១០៨ របស់ព្រះអង្គ ទ្រង់គង់ភ្នែននៅលើបល្ល័ង្កផ្កាឈូករាងរង្វង់តំណាងឱ្យវាលវដ្ដសង្សារដែលក្បាច់រចនារបស់ព្រះបល្ល័ង្កនេះ យកតាមលំនាំនៃផ្នែកមួយរបស់ប្រាសាទដំរីក្រាប នៃរចនាបថភ្នំគូលែន ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ នាសតវត្សរ៍ទី៩៕


Telegram