ចេញផ្សាយ ថ្ងៃទី ០៧ ខែ មករា ឆ្នាំ ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែននាយករដ្ឋមន្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានគូសបញ្ជាក់ថា ពាក្យស្លោក «អរគុណសន្តិភាព អរគុណនយោបាយ ឈ្នះ ឈ្នះ» បានក្លាយជាស្មារតីនៃសង្គមជាតិដ៏ខ្លាំងក្លារស់រវើកនៅក្នុងដំណើរកសាង និងការពារមាតុភូមិ ហើយបើយើង រក្សាសន្តិភាពមិនបានយើងពិតជាមិនអាចទទួលសមិទ្ធផលគ្រប់យ៉ាងនៅថ្ងៃនេះបានឡើយ ។
ក្នុងពិធីមីទ្ទីងរម្លឹកខួបលើកទី៤៤នៃទិវាជ័យជម្នះ ៧ មករា(០៧.០១.១៩៧៩-០៧.០១.២០២៣) នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ នៅខាងមុខសាលមហោស្រពកោះពេជ្រ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា៖ «ពាក្យស្លោក អរគុណសន្តិភាព អរគុណនយោបាយ ឈ្នះ ឈ្នះ បានលាន់រន្ទឺពាសពេញប្រទេស និងបានក្លាយជាស្មារតីនៃសង្គមជាតិ ដ៏ខ្លាំងក្លាយរស់រវើកនៅក្នុងដំណើរកសាងនិងការពារមាតុភូមិ ។ បើយើងរក្សាសន្តិភាពមិនបានយើងពិតជាមិនអាចទទួលសមិទ្ធផលគ្រប់យ៉ាងនៅថ្ងៃនេះបានឡើយ»។
សម្តេចតេជោបានបញ្ជាក់ថា មកដល់ពេលនេះយើងបានឈានចូលឆ្នាំ២០២៣ ហើយដែលជាឆ្នាំទី៥ នៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភា ។ នៅក្នុងឆ្នាំ ២០២២ ដែលទើបតែកន្លងផុតទៅនេះកម្ពុជាបានសម្រេចសមិទ្ធផលថ្មីៗទៀតលើមាគ៌ានៃការអភិវឌ្ឍរបស់ខ្លួន ទោះបីជំងឺកូវីដ-១៩ មិនទាន់ត្រូវបានលប់បំបាត់ទាំងស្រុងនិងត្រូវទទួលរងឥទ្ធិពលពីការវិវត្តដ៏ស្មុគស្មាញនៃសភាពការណ៍អន្តរជាតិក្ដី។ សម្ដេចតេជោអះអាងថា សន្តិភាព ស្ថិរភាពនយោបាយ និង សន្តិសុខដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងការរស់នៅដ៏សុខដុមរមនារបស់ប្រជាជនត្រូវបានការពារយ៉ាងគត់មត់ដោយកម្លាំងជាតិទាំងមូលដែលបានរួមសាមគ្គី យ៉ាងរឹងមាំជុំវិញរាជរដ្ឋាភិបាល។
សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងដែរថា ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ដ៏កាចសាហាវដែលបានឆ្លងរាតត្បាតយ៉ាងខ្លាំងក្នុងឆ្នាំ ២០២០-២០២១ បានទទួលជោគជ័យតាម រយៈការដឹកនាំដ៏ត្រឹមត្រូវការអនុវត្តយុទ្ធសាស្ត្រ និងវិធានការដ៏មុតស្រួចនានាប្រកបដោយប្រសិទ្ធភាពនិងការចូលរួមដ៏សកម្មរបស់ប្រជាជនដែលបានពង្រឹងខឿនការពារ សុខភាពរបស់ប្រជាជនធានាដល់ដំណើរការស្តារនិងជំរុញសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩។ ទន្ទឹមនេះ វិស័យសេដ្ឋកិច្ចបានងើបឡើងវិញយ៉ាងឆាប់ដោយសារការខិតខំ ប្រឹងប្រែងប្រកបដោយភាពបុរេសកម្ម និងភាពម្ចាស់ការរបស់រាជរដ្ឋាភិបាល តាមរយៈការដាក់ចេញវិធានការរក្សាលំនឹងសង្គម-សេដ្ឋកិច្ចទាន់ពេលជាបន្តបន្ទាប់។
សម្ដេចតេជោបានថ្លែងបញ្ជាក់បន្ថែមថា ដំណើរការប្រជាធិបតេយ្យសេរីពហុបក្សរបស់ កម្ពុជាកំពុងបន្តទៅមុខតាមគន្លងនីតិរដ្ឋជាពិសេសការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ បានប្រព្រឹត្តទៅដោយជោគជ័យប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌៕