រូបសំណាកមេទ័ពសម័យអង្គរចំនួន ១២រូប បានតាំងក្នុងសួនព្រះរាជ​ដំណាក់ក្រុងសៀមរាប, តោះមកដឹងពីប្រវត្តិដ៏ខ្លាំងខ្លះៗរបស់ មេទ័ពសម័យអង្គរចំនួន ១២រូប
ព័ត៌មានជាតិ
151

ខេត្តសៀមរាប ៖ យោងតាមការចេញផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន AKP បានឲ្យដឹងថា ប្រទេសកម្ពុជាតាំងពីបុរាណមកមានវីរបុរស និងមេទ័ពខ្លាំងៗជាច្រើនបានពាលី​ជីវិតដើម្បី​ការពារប្រទេសជាតិ។ ប៉ុន្តែយុវជនសម័យក្រោយនេះ ភាគច្រើនមិនទាន់បានស្គាល់ពួក​ឈ្មោះ និងប្រវិត្តពួកគាត់ឱ្យបានច្បាស់លាស់នៅឡើយទេ។

ឥឡូវនេះ ក្រសួងព្រះបរមរាជ​វាំង បានសាងសង់រូបសំណាកមេទ័ពសម័យអង្គរចំនួន ១២រូប ដាក់តាំងក្នុងសួនព្រះ​រាជ​ដំណាក់ ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីឱ្យមហាជនទូទៅ នរៈវិទូឬ អ្នក​ស្រាវ​ជ្រាវ អាច​​ស្រាវជ្រាវ សិក្សាឈ្វេងយល់ បានគ្រប់ៗគ្នា។

លោកជំទាវ គង់ បញ្ញា រដ្ឋលេខាធិការក្រសួងព្រះបរមរាជវាំងបានឱ្យដឹងថា មុននឹង​បង្កើតរូបមេទ័ពទាំងនេះក្រសួងបានបង្កើតក្រុមការងារសហការសិក្សាស្រាវជ្រាវផ្នែកបុរាណ​វិទ្យាអក្សសាស្ត្រ និងសិលាចារិកជាមួយសាកលវិទ្យាល័យភូមិន្ទ និងវិចិត្រសិល្បៈ ដោយ​បានស្រាវជ្រាវនូវឯកសារសារជាច្រើន និងចុះទៅពិនិត្យរូបចម្លាក់មេទ័ពនៅ​តាម​ជញ្ជាំង​ប្រាសាទនានា ដូចជាប្រសាទបន្ទាយឆ្មា បាពួន បាយ័ន អង្គរវត្ត។ល។ ដើម្បីឈ្វេង​យល់ និងកត់ត្រាប្រមូលទិន្នន័យពីប្រវត្តិនៃមេទ័ពដែលមានស្នាដៃ ជាពិសេសឥទ្ឋិពលធំ​ធេង​សម្រាប់ជាតិក្នុងរជ្ជកាលរបស់ខ្លួន។ ក្នុងនោះមេទ័ពជាង ៣០រូប ដែលបានបម្រើ​រាជ​ការ​​នៅ​ក្នុងរជ្ជកាលនៃសម័យអង្គរត្រូវបានក្រុមការងារកំណត់ និងប្រមូលទិន្នន័យ។ ប៉ុន្តែ​ក្រុម​ការ​ងារ​បានពិភាក្សាជ្រើសរើសយកមេទ័ពបានចំនួន ១២រូប ដែលបម្រើការរាជការ​នៅ​សម័យ​​បាពួន ២រូប សម័យអង្គរ ៧រូប និងសម័យបាយ័ន ៣រូប ដែលមានប្រវត្តិអង់​អាច​ក្លាហាន និងទិន្នន័យគ្រប់គ្រាន់ ដើម្បីចងក្រងជាឯកសារ និងបានធ្វើការសាងសង់រចនា​ឱ្យចេញ​ជារូបរាងឡើងហើយយកមកដាក់តាំងក្នុងបរិវេណសួននេះ។

ចំពោះរូបសំណាកមេទ័ពសម័យអង្គរចំនួន១២រូបនេះ ទី១មានឈ្មោះ មហាសេនាប​តីសង្គ្រាម ដែលមានស្មាដៃដ៏ឆ្នើមក្នុងរាជ្យ ព្រះបាទខទយាទិត្យវរ្ម័នទី២(គ.ស ១០៥០-១០៦៦)។ ទី២ ព្រះកម្រតេងអញ ស្រីនរបតីន្រ្ទវម្មី ជាមេទ័ពជាប់ខ្សែព្រះរាជវង្ស មកពីតំបន់​អ្នកចិះនិងជាមន្រ្តីបម្រើរាជការតាំងពីរាជព្រះបាទសូរ្យវរ្ម័នទី២(គ.ស១១១៣-១១៥០) រហូត​ដល់រាជ្យ ព្រះ បាទជ័យវរ័្មនទី៧(គ.ស.១១៨១-១២១៥)។ ទី៣ ព្រះកម្រតេងអញ មហា​សេនាបតី ស្រីវីរេន្រ្ទវម្មី ជាអ្នកសញ្ជកកវីសូរ និងជាមេទ័ពម្នាក់ ដែលមានតួនាទី និងឋានៈ​ខ្ពស់បំផុត ក្នុងចំណោមមន្រ្តីទ័ពព្រះបាទសូរ្យវរ្ម័ទី២(គ.ស.១១១៣-១១៥០)។

ទី៤ អ្នក​សញ្ជកស្រីធរទេវបុរ បានរួមកម្លាំងគ្នាច្បាំងទបទល់ជនក្បត់ ដែលមកដណ្តើមរាជបល្ល័ង ព្រះ​បាទយសោវរ្ម័នទី២(គ.ស.១១៦០-១១៦៥)។ ទី៥ ព្រះកម្រតេងអញ ស្រីស្រិន្រ្ទកុមារ ជាព្រះរាជបុត្រា ព្រះបាទជ័យវរ្ម័នទី៧ (គ.ស.១១៨១-១២១៥)ព្រះរាជកុមារបាន​ដឹកនាំទ័ព​ច្បាំងទប់ទល់កងទ័ពចាមនៅប្រទសចម្ប៉ា និងបាន ចេញច្បាំងត ទល់នឹង ភរតរាហុ ដែល​ចង់ដណ្តើមរាជ្យពី ព្រះបាទយសោវរ្ម័នទី២ (គ. ស. ១១៦០-១១៦៥) ដោយសារព្រះអង្គ​មានស្នាព្រះហស្តការពារព្រះនគរ ព្រះបាទជ័យវរ្ម័នទី៧ បានត្រាស់បញ្ជាឱ្យគេកសាង​ប្រាសាទបន្ទាយឆ្មារ ដើម្បីឧទ្ទិសដល់ព្រះរាជបុត្រា ហើយបានសាងរូបបដិមាទេពនាម "ព្រះកម្រតេង ជគត ស្រីស្រិន្ទ្រទេវ “ ជាតំណាង តម្កល់ទុកនៅក្នុងប្រាង្គកណ្តាល​នៃ​ប្រាសាទ"។

ទី៦ អ្នកបញ្ចក ស្រីវទ្ធីន ជាទ័ពដ៏សំខាន់តាំងពីរាជ្យព្រះបាទសូរ្យវរ្ម័នទី២ (គ.ស​១១១៣-១១៥០) គេឃើញមានទម្លាក់រូបលោក នៅលើភ្នំសិវបាទម្ដង និងម្ដងទៀត នៅ​ក្នុងក្បួនព្យុហយាត្រាខាងមុខព្រះបាទសូរ្យវរ្ម័នទី២។ អ្នកសញ្ជក់ស្រីវទ្ធីន និងអ្នកសញ្ជាក​ស្រីទេវ ជាបងប្អូននឹងគ្នា ហើយបានប្តេជ្ញាចេញច្បាំងការពារ ព្រះរាជកុមារស្រីស្រិន្ទកុមារ ទប់ទល់នឹងកងទ័ពចាមនៅប្រទេសចម្ប៉ា លុះបាត់បង់ជីវិតទាំងពីររូប។ ព្រះបាទជ័យវរ្ម័ន​ទី៧ បានប្រទានងារលោកជា អំតេង និងបានសាងរូបបដិមាទេពនាម "ព្រះកម្រតេងជគត​ស្រី​វទ្ធិនទេវ ជាតំណាង តម្កល់ទុក នៅក្នុងប្រាង្គពាយ័ព្យនៃប្រាសាទបន្ទាយឆ្មារ។ ទី៧ អ្នកសញ្ចក់ ស្រីទេវ ជាមេទ័ពចេញច្បាំងការពារ ព្រះរាជកុមារស្រីស្រិន្រ្ទកុមារ ទប់ទល់ នឹង​កងទ័ពចាមនៅ ប្រទេសចម្ប៉ា រហូតបាត់បង់ជីវិត ព្រះបាទជ័យវរ្ម័នទី៧ បានប្រទាន ងារ​លោកជា"អំតេង” និងបានសាងរូបដិមាទេពនាម ព្រះកម្រតេង ជគត ស្រីទេវទេវ" ជា​តំណាង តម្កល់ទុកនៅក្នុងប្រាង្គនិរតីនៃប្រាសាទបន្ទាយឆ្មារ។ ទី៨ ព្រះកម្រតេងអញ ធន​ញ្ច័យ ជាមេទ័ពជំនិតរបស់ព្រះបាទសូរ្យវរ្ម័នទី២ បានចេញច្បាំងការពារព្រះបាទ​សោវរ័្មន​ទី២​(គ.ស.១១៦០-១១១៥ទប់ទល់ជាមួយជនក្បត់រហូតបាត់បង់ជីវិត។ ទី៩ ព្រះកម្រតេង​អញ ស្រីជ័យសិង្ហវម្មី ជាមេទ័ពជាប់ខ្សែព្រះរាជវង្ស និងមានងារជា ខោញវលល្វោ ដែល​ជា​មេកង​ទ័ពស្រួចមានជំនាញដឹកនាំទ័ពលុកព្រៃមកពីតំបន់ល្វោ។ ទី១០ ព្រះកម្រតេងអញ ស្រី​​រាជេន្រ្ទវម្មី ជាមេទ័ពមួយរូបដែលជាប់ខ្សែព្រះរាជវង្ស និងជាអ្នកសញ្ជកគ្រប់គ្រង នៅ​តំបន់អ្សោល្ងិស។ ទី១១ ព្រះកម្រតេងអញ ស្រីវីរេទ្រ្ទាធិបតិវម្មី ជាមេទ័ពគ្រប់គ្រងតំបន់ ឆោ​កព្ពុល ក្នុងរាជព្រះបាទសូរ្យវរ្ម័នទី២។ ទី១២ ព្រះកំស្តេងអញ ស្រីលក្ស្មីបតីវម្មី ជាមេទ័ពជាប់​ខ្សែព្រះរាជវង្សដ៏សំខាន់មួយរូប ក្នុងរាជព្រះបាទសូរ្យវរ្ម័នទី១(គ.ស.១០០៦-១០៥០) ហើយ​មានពូជពង្សជាអ្នកវ្យាធបុរ និងគ្រប់គ្រងពួករាមទ្យ(មនទ្វាវតី។

លោកជំទាវបានបន្តថា ថ្វីត្បិតតែជាសមិទ្ធផលនៃស្នាដៃកូនខ្មែរសម័យថ្មី ប៉ុន្តែស្នា​ដៃដែលលេចឡើងនេះ ត្រូវបានរក្សា និងអនុលោមយោងទៅតាមឯកសារប្រវត្តិសាស្ត្រ​ជា​និច្ច ដោយមិនចាកឆ្ងាយពីប្រវត្តិសាស្ត្រយើងនោះឡើយ។

សូមជម្រាបជូនថា ក្រសួងព្រះបរមរាជវាំង បានចាត់ទុកព្រះរាជដំណាក់ និង​ព្រះ​អង្គ​ចេកព្រះអង្គចម ក្នុងខេត្តសៀមរាបនេះ ជាទីដ៏ពិសិដ្ឋមួយដូចគ្នាទៅនឹងព្រះវិហារ​ព្រះ​កែវមរកតក្នុងព្រះបរមរាជវាំងនៅរាជធានីភ្នំពេញ ដែលគួរទទួលបាននូវការការពារ មាន​បរិស្ថានស្អាត និងសណ្តាប់ធ្នាប់របៀបរៀបរយល្អ ដែលទាមទារឱ្យមានការរៀបចំ​បរិស្ថាន​ជុំវិញទីនេះមានសោភ័ណភាពបៃតងស្រស់ មានសណ្តាប់ធ្នាប់របៀបរៀបរយល្អ និងការ​ពារពោរនូវសុខសុវត្ថិភាពជាចម្បង យ៉ាងណាក្តីក៏មិនបានកាត់ផ្តាច់ទំនាក់ទំនង​លំហូរនៃ​ការ​មក​គោរពបូជា បន់ស្រន់ដោយថ្មើរជើងនៅព្រះវិហារព្រះអង្គចេកព្រះអង្គចម លោក​យាយ​ទេព និងដើរទស្សនាក្នុងសួនព្រះរាជដំណាក់នេះនោះទេ ពោលសាធារណ​ជន​​ទូទៅ ភ្ញៀវជាតិ និងបរទេសអាចចូលមកទស្សនា និងគោរពបូជា បានជាធម្មតា។

លោកជំទាវ គង់ បញ្ញា រដ្ឋលេខាធិការក្រសួងព្រះបរមរាជវាំងបានបញ្ជាក់បន្ថែមថា៖ «ការកសាងសូនឱ្យចេញជារូបរាងនៃមេទ័ពទាំងនេះគឺធ្វើឡើង ថ្វាយក្នុងរជ្ជកាលព្រះ​ករុណា ព្រះបាទព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ​កម្ពុជា ដែលជាស្នាដៃថ្មីនៃកូនខ្មែរ ក្នុងរជ្ជកាលនេះ ដើម្បីទុកជូនកូនខ្មែរជំនាន់ក្រោយៗ​បានដឹង ស្គាល់នូវមេទ័ពខ្មែរទាំងនេះ ដែលពួកគាត់បានធ្វើពលិកម្ម លះបង់កម្លាំងកាយចិត្ត អាយុជីវិត ដើម្បីការពារជាតិ ការពារទឹកដី នៃមហានគរខ្មែររបស់យើង។ ដូចនេះ ពួក​គាត់​គួរ​​បានទទួលការគោរព និងកត់ត្រាទុកបន្ថែមទៀត។ ក្រសួងចង់បង្ហាញដល់បងប្អូន​ប្រជា​ពល​រដ្ឋទាំងអស់ថារូបសំណាកទាំងនេះជាស្នាដៃសិល្បៈចម្លាក់សម័យថ្មី ផ្អែកលើ​ឯក​សារ​ប្រវត្តិបុរាណ និងសិលាចារិករបស់ខ្មែរ បន្ថែមពីនេះ នៅពេលខាងមុខក្រសួង​នឹង​បោះ​ពុម្ព​ជាផ្លូវការនូវសៀវភៅប្រវត្តិមេទ័ពទាំងអស់នេះ សម្រាប់ឱ្យមហាជនទូទៅ នរៈវិទូ ឬអ្នក​ស្រាវ​​ជ្រាវ អាចស្រាវជ្រាវ សិក្សាឈ្វេងយល់បានគ្រប់ៗគ្នា»៕


Telegram