ព្រៃវែង៖ ឯកឧត្តម ប៉ុល រតនា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំចុងអំពិល ស្រុកកញ្ច្រៀច ខេត្តព្រៃវែង បានប្រកាសផ្ដល់ផ្ទះដល់ប្រជាពលរដ្ឋក្រីក្រ នៅក្នុងឃុំចុងអំពិល ដែលគ្មានផ្ទះសម្បែងរស់នៅ ចំនួន៦ខ្នង ក្នុងមួយឆ្នាំៗ ដោយគ្មានរើសអើសគណបក្សនយោបាយ ។
ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសមិទ្ធផលផ្សេងៗ ក្នុងវត្តឧត្តមមានជ័យ ស្ថិតក្នុងឃុំចុងអំពិល នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ តំណាងឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានក្រុមការងារចុះជួយស្រុកកញ្ច្រៀច និងស្រុកស្វាយអន្ទរ ឯកឧត្តម ប៉ុល រតនា មានប្រសាសន៍ថា អាជ្ញាធរមូលដ្ឋាន ត្រូវពិនិត្យមើលប្រជាពលរដ្ឋនៅក្នុងឃុំ ពីស្ថានភាពគ្រួសាររបស់ពួកគាត់ ដែលគ្មានផ្ទះសម្បែងនៅ ហើយត្រូវរាយការណ៍មកក្រុមការងារចុះជួយមូលដ្ឋាន ដើម្បីរៀបចំធ្វើផ្ទះជូនពួកគាត់ ដើម្បីរស់នៅឲ្យបានសមរម្យ និងមិនឲ្យពលរដ្ឋណាម្នាក់អត់បាយបរិភោគនោះទេ ។
ឯកឧត្តម បានបន្តថា កន្លងមកក្រុមការងារបានធ្វើជូនប្រជាពលរដ្ឋបានចំនួន ៧ខ្នងរួចហើយ មានទំហំ៤គុណនឹង៦ម៉ែត្រ ដែលការផ្ដល់នេះមិនមានរើសអើង គណបក្សនយោបាយនោះទេ ហើយការផ្ដល់នេះ គឺធ្វើជារៀងរាល់ឆ្នាំ ។
ក្នុងឱកាសនោះ ប្រធានក្រុមការងាចុះជួយឃុំចុងអំពិល បានជំរុញបន្ថែមដល់អាជ្ញាធរ មូលដ្ឋាន បន្តការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់រស់មានភាពសុខសាន្ត ដោយត្រូវទប់ស្កាត់ បង្ក្រាបបទល្មើសផ្សេងៗ មានបញ្ហាចោរកម្ម គ្រឿងញៀន និងក្មេងទំនើងជាដើម ហើយស្នើពលរដ្ឋ ចូលរួមសហការផ្ដល់ព័ត៌មានដល់សមត្ថកិច្ច នៅពេលបានដឹងពីបទល្មើសទាំងអស់នោះ ។
ជាមួយនេះ ឯកឧត្តម ប៉ុល រតនា បានអំពាវនាវដល់ប្រជាពលរដ្ឋ បន្តអនុវត្តវិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នាំគ្នាទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ចំនួនដូស រួមទាំងគោរច្បាប់ចរាចរណ៍ទាំងអស់គ្នា ។
គួរបញ្ជាក់ថា ឯកឧត្តមប្រធានក្រុមការងារ ក៏បានប្រកាសផងដែរ ពីការផ្ដល់នូវអគារសិក្សាចំនួន១ខ្នង មាន៤បន្ទប់ ហើយមានបណ្ណាល័យ និងបន្ទប់ទឹក ដល់សិស្សានុសិស្សនៅក្នុងឃុំចុងអំពិលផងដែរ ៕