នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ ២០២៣ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញបំពេញទស្សនៈកិច្ចផ្លូវការ នៅសាធារណរដ្ឋម៉ាល់ឌីវ។
នៅក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការ ដែលប្រារព្វធ្វើឡើងនៅទីលាន Jumhooree Maildhaan ទីលានសាធារណៈជាប់ឆ្នេរសមុទ្រ នៃទីក្រុងម៉ាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីឯកឧត្តមអ៊ីប្រាហ៊ីម ម៉ូហាម៉េដ សូលី ប្រធានាធិបតី នៃសាធារណរដ្ឋម៉ាល់ឌីវ ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់ រដ្ឋាភិបាល នៃសាធារណរដ្ឋម៉ាល់ឌីវ ជាច្រើនរូប។
នៅក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលអមដំណើរដោយផ្ទាល់ពី ឯកឧត្តមប្រធានាធិបតី នៃសាធារណរដ្ឋម៉ាល់ឌីវ បានអញ្ជើញគោរពទង់ជាតិ នៃប្រទេសទាំងពីរ ព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋម៉ាល់ឌីវ រួមទាំងការសំដែងសិល្បៈតាមបែបប្រពៃណីរបស់ សាធារណរដ្ឋម៉ាល់ឌីវ ដោយក្រុមសិល្បៈនិស្សិត នៃសាធារណរដ្ឋម៉ាល់ឌីវ និងការបាញ់កាំភ្លើងធំ៧ដើម របស់កងទ័ពម៉ាល់ឌីវ និងពិធីត្រួតពលកងកិត្តិយស ប្រកបដោយមហាកិត្តិយស និងបរិយាកាស រីករាយជាទីបំផុត។
ដំណើរទស្សនកិច្ចរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសម៉ាល់ឌីវនាពេលនេះ នឹងផ្ដល់កាលានុវត្តភាពសម្រាប់ភាគីទាំងពីរធ្វើការពិនិត្យមើលឡើងវិញនូវដែនវិសាលភាពទាំងមូលនៃកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំងការស្វែងរកអភិក្រមថ្មីៗ ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការវិនិយោគ ការតភ្ជាប់ សុខាភិបាល វប្បធម៌ កសិកម្ម និងការអភិវឌ្ឍធនធានមនុស្ស ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេស និងប្រជាជនទាំងពីរ៕