ខេត្តតាកែវ ៖ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ នារសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារ និងមន្រ្តីជំនាញ ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ជន់លិចដំណាំស្រូវ ឬផលដំណាំផ្សេងៗ ប្រជាកសិករ នៅភូមិសាស្ត្រក្រុងដូនកែវ ស្រុកទ្រាំង ស្រុកសំរោង និងស្រុកអង្គរបូរី ប្រមាណជា ១ម៉ឺនហិកតា។នេះបើយោងតាមផេក រដ្ឋបាលខេត្តតាកែវ ។
អមដំណើរចុះពិនិត្យនាឱកាសនោះដែរ លោក ទុយ សុភ័ក្រ អភិបាលរងខេត្ត លោក ញ៉ឹប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោក លីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោក ប៊ុន ហួរ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូបផងដែរ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានសម្ដែងការចូលរួមសោកស្ដាយចំពោះការជន់លិចផលដំណាំស្រូវរបស់ពលរដ្ឋ ដោយសារជំនន់ទឹកភ្លៀងជាយថាហេតុ កើតឡើងពីគ្រោះធម្មជាតិនេះ។ ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា ដោយបានធ្វើការណែនាំដល់អាជ្ញាធរពាក់ព័ន្ធ និងមន្រ្តីជំនាញទាំងអស់ ត្រូវចុះពិនិត្យមើលផ្ទាល់ ជាមួយបងប្អូនប្រជាកសិករ ដើម្បីឱ្យបានដឹងច្បាស់ពីផលប៉ះពាល់ នៃការខូចខាតផលដំណាំរបស់បងប្អូនប្រជាពលរដ្ឋ និងត្រូវរាយការណ៍ផ្ទាល់ៗ មកអាជ្ញាធរ និងមន្ត្រីជំនាញ ដើម្បីមានវិធានការទាន់ពេលវេលា។
យោងតាមរបាយការណ៍របស់ មន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្ត បានឱ្យដឹងថា ទ្វារទឹកស្វ័យប្រវត្តិចំនួន ២នៅទំនប់ខ្ពបត្របែក ស្រុកត្រាំកក់ បានបិត តែទឹកនៅបន្តហូរធ្លាក់មកតាមស្ទឹងស្លាគូរ ពីខេត្តកំពត និងខេត្តកំពង់ស្ពឺ ដូចនេះស្ថានភាពទឹកនៅស្រុកសំរោង ចាប់ផ្តើមស្រកតែនៅស្រុកអង្គរបូរី និងស្រុកទ្រាំង មានការកើនឡើងបណ្តាលអោយលិចស្រូវនៅស្រុកអង្គរបូរី និងទ្រាំងបន្ថែមរួមមាន៖
១. ស្រុកអង្គរបូរី ផ្ទៃដីប៉ះពាល់ចំនួន ៥០៩៣ហិកតា (ស្រូវទើបព្រោះបាន១ទៅ៣សប្តាហ៍) ក្នុង៣ឃុំ(ឃុំពន្លៃ ឃុំព្រៃផ្គាំ និងឃុំអង្គរបូរី)។
២. ស្រុកទ្រាំង ផ្ទៃដីប៉ះពាល់ចំនួន៧៥ហិកតា(ស្រូវទើបព្រោះបាន២ទៅ៤សប្តាហ៍) ក្នុងឃុំចំនួន០៣(ឃុំធ្លក ស្រង៉ែ និងសំបួរ)។
សរុបជារួមផ្ទៃដីប៉ះពាល់សរុបចំនួន ១០៤០៨ហិកតាក្នុង ៤ស្រុក នៃខេត្តតាកែវ (ស្រុកសំរោង ស្រុកអង្គរបូរី ស្រុកទ្រាំង និងក្រុងដូនកែវ)៕