សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងពីហេតុផលនៃការសាងសង់ មន្ទីរពេទ្យជាតិតេជោសន្ដិភាព គឺផ្តើមចេញពីបទពិសោធន៍នៃការឈឺចាប់របស់យើងកាលពីឆ្នាំ ២០២០-២០២១ នៅពេលកូវីដ១៩ រាតត្បាត ហើយវាក៏ជាគោលដៅវែងឆ្ងាយរបស់យើងទាក់ទងទៅនឹងបញ្ហាសុខុមាលភាពរបស់ប្រជាជនផងដែរ។ ការលើកឡើងរបស់សម្ដេចតេជោនាយករដ្ឋមន្រ្ដីនេះ ក្នុងឱកាសអញ្ជើញពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់«មន្ទីរពេទ្យជាតិតេជោសន្ដិភាព» នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា៖ “ហេតុអីដែលយើងសាងសង់មន្ទីរ ពេទ្យដ៏ធំនេះ បទពិសោធន៍នៃការឈឺចាប់របស់យើងកាលពីឆ្នាំ ២០២០, ២០២១ បានផ្ដល់បទពិសោធន៍ឱ្យយើងត្រូវយកចិត្តទុកដាក់ទៅលើកិច្ចការដែលយើងត្រូវធ្វើដែលចៀសវាងមិន បាន។ វាក៏ជាគោលដៅវែងឆ្ងាយរបស់យើងទាក់ទងទៅនឹងបញ្ហាសុខុមាលភាពរបស់ប្រជាជនផងដែរ”។ សម្តេចតេជោបញ្ជាក់ថា ឆ្នាំ ២០២០, ២០២១ យើងមានការលំបាកណាស់យើងមិនមានមន្ទីរពេទ្យសម្រាប់ដាក់អ្នកដែលឆ្លងជំងឺកូវីដ១៩ សម្រាប់ព្យាបាល ហើយ បានខ្ចីទីតាំងរបស់វិស័យឯកជនដើម្បីដាក់អ្នកជំងឺដូចជាកោះពេជ្រ សណ្ឋាគារ និងអគារសែនសុខ។ ទន្ទឹមនេះ យើងបានប្រឹងធ្វើទាំងយប់ទាំងថ្ងៃដើម្បីកុំឱ្យអ្នកដែលឆ្លងកូវីដ ដេកផ្ទាល់នឹងដី យើងបានប្រឹងប្រែងទិញយកមន្ទីរពេទ្យដែលឥឡូវនេះហៅថាមន្ទីរពេទ្យល្លួងម៉ែបន្ទាប់ពីជំងឺកូវីដ១៩ ហើយនោះនឹងប្រើមន្ទីរពេទ្យនេះសម្រាប់ឯកទេសជំងឺមហារីក ។
សម្តេចតេជោនាយករដ្ឋមន្រ្ដីថ្លែងបញ្ជាក់ថា៖ “ការលំបាកទាំងនោះគឺផ្ដល់មេរៀនឱ្យយើង សម្រាប់ការគ្រប់គ្រងសភាពការណ៍ប្រសិនជាមានការផ្ទុះឡើងវិញនូវជំងឺកូវីដ១៩ យើងមានមន្ទីរពេទ្យ ហើយសម្រាប់គោលដៅវែងទៅមុខទៀតបញ្ហាសុខុមាលភាពរបស់ប្រជាជនគឺជាគោលដៅចម្បងមួយក្នុងចំណោមគោលដៅអាទិភាពដែលយើងត្រូវដោះស្រាយ បញ្ហានេះសម្រាប់ការពិនិត្យនិងព្យាបាលប្រជាជនរបស់យើង”។
សម្តេចតេជោបានបានអះអាងថា ការកសាងមន្ទីរពេទ្យនៅទីនេះមានសមត្ថភាពទទួលរហូតដល់ជិត ១ ម៉ឺនគ្រែ ដែលអាចចាត់ទុកថាជាមន្ទីរពេទ្យធំជាងគេទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយបើប្រៀបធៀបនឹងមន្ទីរពេទ្យខ្មែរ-សូវៀតគឺវាធំជាង ១០ ដង នៃមន្ទីរពេទ្យខ្មែរ-សូវៀត។ សម្ដេចតេជោបានថ្លែងដោយមានមោទនភាពខ្លាំងណាស់ដោយសារតែប្រជាពលរដ្ឋដែលកើតជំងឺកូវីដ មិនបានដេកផ្ទាល់នឹងដី ហើយអ្នកដែលស្លាប់ក៏មិនខ្វះក្តារមឈូសសម្រាប់ដាក់ ៕