យោងតាមគេហទំព័រផ្លូវការរបស់ ក្រសួងសារធារណៈការ និងដឹកជញ្ជូន បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាជំរុញឱ្យអ្នកធុរកិច្ចបារាំងធ្វើការវិនិយោគ ក្នុងការសាងសង់រថភ្លើងល្បឿនលឿន និងការដឹកជញ្ជូននៅកម្ពុជា ដោយបានប្រកាសអនុញ្ញាតិឱ្យធុរជនបរទេសវិនិយោគ១០០ភាគរយលើផ្លូវដែកល្បឿនលឿនភ្នំពេញហូជីមិញបាន។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៥ ខែមករានេះ បានស្វាគមន៍ និងបានជម្រាបជូន ប្រតិភូវិនិយោគបារាំងថា កម្ពុជាអនុញ្ញាតឲ្យធ្វើការវិនិយោគ ១០០% សម្រាប់ផ្លូវដែកថ្មីល្បឿនលឿនពីទីក្រុងភ្នំពេញ ទៅកាន់ទីក្រុងហូជីមិញ។ ចំពោះផ្លូវដែក ២ខ្សែទៀត ដែលមានស្រាប់ គឺត្រូវធ្វើការពង្រីក ហើយលើកទឹកចិត្តឲ្យមានការ វិនិយោគពីវិស័យឯករីជនតាមរយៈគម្រោង B.O.T។
លោក អូលីវេ្យ បិច រដ្ឋមន្ត្រីប្រតិភូអម រដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេសបារាំង បានមានប្រសាសន៍ថា គណៈប្រតិភូវិនិយោគរបស់បារាំងមានជំនឿចិត្តលើការវិនិយោគនៅកម្ពុជា ដោយអ្នកវិនិយោគបារាំងសម្រេចចិត្តធ្វើការជាមួយកម្ពុជា ស្វែងរកការវិនិយោគលើវិស័យរថភ្លើងល្បឿនលឿន ដឹកជញ្ជូនតាមផ្លូវទឹក គោក និងអាកាស សំណង់ ថាមពល និងវិស័យដទៃទៀតផងដែរ។
លោកបន្តថា ការសម្រេចចិត្តនេះ ដោយសារប្រទេសកម្ពុជាបានចាប់ផ្តើមពីចំណុចសូន្យ ហើយបានបំបែកឯកទគ្គកម្មលើកំណើនសេដ្ឋកិច្ចប្រមាណ ៧ ភាគរយ រយៈពេល ២០ឆ្នាំ កម្ពុជាបន្តធ្វើកំណែទម្រង់បង្កបរិយាកាសល្អសម្រាប់ការវិនិយោគ និងកំពុងមានប្រជាពលរដ្ឋមានចំណូលកម្រិតមធ្យមច្រើន៕