រាជធានីភ្នំពេញ៖ នៅព្រឹក ថ្ងៃព្រហស្បតិ៍ ៥កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៃសាកលវិទ្យាល័យវេស្ទើន សរុបចំនួន ៣២៣២នាក់ ដែលបានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០១៩-២០២០ ឆ្នាំសិក្សា២០២០-២០២១ និងឆ្នាំសិក្សា២០២១-២០២២ កន្លងទៅ។ ពិធីនេះ បានធ្វើឡើងនៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ(OCIC)។
ជាកិច្ចចាប់ផ្ដើម នៅព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នៅថ្ងៃទី២៦មករា នេះ គឺសល់តែ៩៩ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ការប្រកួតកីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះហើយ។ សម្តេចតេជោ បន្តអំពាវនាវឱ្យប្រជាពលរដ្ឋរួមគ្នាធ្វើក្នុងដំណើររាប់ថយក្រោយ នៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខនេះ ឲ្យក្លាយទៅជាចលនាជាតិ។ សម្តេចតេជោបានបង្ហាញនូវក្តីរីករាយ ដែលបានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យវេស្ទើននាថ្ងៃនេះ។សម្តេចតេជោបានថ្លែងថា ធនធានមនុស្ស គឺជារឿងចាំបាច់សម្រាប់សង្គមជាតិ។ សម្តេចពិតជារីករាយនៅពេលបានឃើញពីវឌ្ឍនភាពលើការបណ្តុះបណ្តាលធនធានមនុស្សរបស់ប្រទេសយើង។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា កំហុសផ្នែកនយោបាយ និងសង្គ្រាម ជាហេតុនាំឱ្យកម្ពុជាក្រ ធ្វើឱ្យយើងខ្វះខាតនៅធនធានមនុស្ស។ សម្តេចតេជោថ្លែងថា ការធ្វើរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ បានបំផ្លាញកម្ពុជាដល់ឫស្សគល់ ដូច្នេះ សម្តេចតេជោបានថ្លែងថា យើងមិនត្រូវឱ្យមានកំហុសផ្នែកនយោបាយកើតមានទៀតនោះទេ។ សម្តេចតេជោបានមានប្រសាសន៍ថា កម្ពុជា មានកម្លាំងពលកម្មច្រើន តែចំណេះជំនាញបំពេញសេចក្តីត្រូវការរបស់ក្រុមហ៊ុន នៅមានកម្រិតនៅឡើយ។ ធនធានមនុស្សនៅកម្ពុជា បរិមាណមានហើយ តែគុណភាពនៅមានកម្រិតនៅឡើយ។សម្តេចជំរុញឱ្យគ្រឹះស្ថានអប់រំទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងគុណភាពបណ្តុះបណ្តាលជាបន្តទៀត។ការបណ្តុះបណ្តាលមិនមែនដើម្បីយកសញ្ញាបត្រនោះទេ គឺត្រូវធ្វើឱ្យមានចំណេះដឹងពិតប្រាកដ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវដល់និស្សិតឱ្យបន្តការសិក្សា ឬធ្វើការសិក្សាស្រាវជ្រាវបន្ថែម ដើម្បីពង្រឹងសមត្ថភាពនាពេលខាងមុខ។
នៅថ្ងៃនេះ សម្តេចតេជោ បានមានប្រសាសន៍បញ្ជាក់ថា កម្ពុជាមិនបានផ្តល់ជំនួយ ឬបញ្ជូនកងទ័ពទៅអ៊ុយក្រែនទេ សូមកុំមានការភាន់ច្រឡំ។ ឯរឿងបញ្ជូនកម្លាំងអ្នកដោះមីនទៅបណ្ដុះបណ្តាលការដោះមីននៅអ៊ុយក្រែនជារឿងមនុស្សធម៌សុទ្ធសាធ។ សម្ដេចតេជោក៏បានមានប្រសាសន៍ទៀតថា កម្ពុជាប្រកាសទទួលអ្នករៀនដោះមីននៅកម្ពុជាផងដែរ។ ការបោសសំអាតមីន ជាកិច្ចការដែលប្រទេសនៅលើពិភពលោកទាំងអស់ត្រូវចូលរួម។
នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍រឿង ប្រតិកម្មជម្លោះអ្នកសារព័ត៌មាន និងអ្នកជួយលើកម៉ូតូនៅស្ពានជ្រោយចង្វារផងដែរ ដោយសម្តេចបានថ្លែងថា អ្នកសារព័ត៌មានហ្នឹងមានសិទ្ធិអី បានឱ្យគេសុំទោស? សម្តេចក៏ស្នើឲ្យបញ្ចប់ការឆ្លងឆ្លើយលើករណីជម្លោះរវាងអ្នកកាសែត និងអ្នកជួយលើកម៉ូតូនៅស្ពានជ្រោយចង្វា។ សម្តេចតេជោបានណែនាំឱ្យហៅអ្នកសារព័ត៌មានអនឡាញ មកអប់រំ ណែនាំរឿងក្រមសីលធម៌វិជ្ជាជីវៈ និងបានអំពាវនាវដល់អ្នកសារព័ត៌មាន កុំឱ្យដើរតួនាទីជំនួសមន្ត្រីនគរបាលយុត្តិធម៌ ឬជំនួសគ្រូពេទ្យ។ និងករណី១ទៀត គឺរឿងលោកគ្រូកាត់សក់កូនសិស្ស នៅស្រុកសំពៅលូន ខេត្តបាត់ដំបង សម្តេចសូមអោយធ្វើការបញ្ឈប់ និងកុំឲ្យមានហេតុការណ៍បែបនេះតទៅមុខទៀត។
ជាចុងក្រោយ សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរ និងអបអរសាទរចំពោះនិស្សិតជ័យលាភីទាំងអស់ និងជូនពរឲ្យទទួលបាននូវភាពជោគជ័យ ជាបន្តបន្ទាប់ទៀត៕