អភិបាលខណ្ឌទួលគោក នាំយកអំណោយរបស់ឯកឧត្តម ឃួង ស្រេង ចូលរួមរំលែកទុក្ខជាមួយគ្រួសារសពជនរងគ្រោះ៣នាក់ ដែលបានស្លាប់បាត់ជីវិត ក្នុងករណីអគ្គិភ័យ កាលពីម្សិលមិញ !
ព័ត៌មានជាតិ
41

រាជធានីភ្នំពេញ ៖ ក្រោយមានករណីអគ្គិភ័យឆេះភោជនីយដ្ឋានមួយកន្លែង ស្លាប់មនុស្សរហូតដល់៣នាក់ ប្រុសស្រី គេសង្កេតឃើញ ឯកឧត្តម ជា ពិសី អភិបាលខណ្ឌទួលគោក ដឹកនាំ មន្ត្រីក្រោមឱវាទ និងនាំយកអំណោយរបស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ រំលែកទុក្ខជាមួយគ្រួសារសពដែលបានស្លាប់បាត់ជីវិត ។ នេះបើយោងតាមផេកផ្លូវការរបស់ឯកឧត្តម ជា ពិសី ផ្ទាល់ ។

សូមបញ្ជាក់ថា ក្នុងនោះ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ជា ពិសីដឹកនាំ មន្ត្រីក្រោមឱវាទ និងនាំយកអំណោយរបស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ រំលែកទុក្ខជាមួយគ្រួសារសពដែលបានស្លាប់បាត់ជីវិតដោយគ្រោះអគ្គីភ័យនៅចំណុច ផ្ទះលេខ៨៨ និងផ្ទះលេខ៩០ ផ្លូវ១៣៨ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលតម្កល់ទុកនៅវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ ចំនួន២នាក់ មានឈ្មោះដូចខាងក្រោម:

១-ឈ្មោះលីន (ស្លាប់) ភេទប្រុស អាយុ៣៥ ឆ្នាំ

២-ឈ្មោះផល (ស្លាប់) ភេទ ស្រី អាយុ២៥ ឆ្នាំ ។ ដោយក្នុង ០១គ្រួសារៗ ទទួលបាន ថវិកា ២.០០០.០០០រៀល អង្គរ ៥០ គីឡូក្រាម ទឹកសុទ្ធចំនួន ០៥ កេស និងក្តាមឈូស ០១។ ជាការសំណូមពររបស់គ្រួសារសព គឺសុំសព យកទៅធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅស្រុកកំណើតរៀងៗខ្លួន ដោយគ្រួសារសពមួយនៅខេត្តបាត់ដំបង និងគ្រួសាសពមួយទៀតនៅខេត្តកំពង់ស្ពឺ ។

ចំពោះអ្នករងគ្រោះឈ្មោះ សេង សំអាង (ឆេះ) ភេទប្រុស អាយុ៣០ឆ្នាំ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ បានឧបត្ថម្ភថវិកាចំនួន ១.០០០.០០០រៀល ប៉ុន្តែគិតមកទល់ព្រឹកថ្ងៃទី១ ខែកុម្ភៈ​ឆ្នាំ២០២៣នេះ គួរសោកស្តាយ ដោយសារស្ថានភាពធ្ងន់ធ្ងរពេក គាត់បានស្លាប់បាត់បង់ជីវិតទៅហើយ និងកំពុងតម្កល់សព នៅវត្តទឹកថ្លា ក្នុងខណ្ឌសែនសុខ ដើម្បីក្រុមគ្រួសារសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ដោយនៅព្រឹកនេះ គេក៏ឃើញ ឯកឧត្តម ជា ពិសីដឹកនាំ មន្ត្រីក្រោមឱវាទ និងនាំយកអំណោយរបស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ រំលែកទុក្ខជាមួយគ្រួសារសពផងដែរ ៕


Telegram