អគារមន្ទីរពេទ្យ« តេជោសែនកោះធំ»​ ក្នុងស្រុកកោះធំ សម្រេចបានប្រមាណ ៨០.៥១%
ព័ត៌មានជាតិ
88

ខេត្តកណ្តាល ៖ យោងតាមផេកផ្លូវការរបស់ ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានឲ្យដឹងថា ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកកោះធំ នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញចុះពិនិត្យអគារមន្ទីរពេទ្យតេជោសែនកោះធំ នៅក្នុងស្រុកធំ ខេត្តកណ្ដាល ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត និងរួមដំណើពីលោកអភិបាល អភិបាលរងស្រុក លោកប្រធានក្រុមប្រឹក្សាភិបាលស្រុក សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកកោះធំ ។

ការចុះត្រួតពិនិត្យ អគារមន្ទីរពេទ្យតេជោសែនកោះធំ នាពេលនេះ គឺដើម្បីតាមដានលើវឌ្ឍនភាព កិច្ចការងារសាងសង់ ធ្វើយ៉ាងណាឱ្យសម្រេចទៅតាមផែនកាគ្រោងទុក ប្រកបដោយចីរភាព នឹងឈានដល់ការដាក់ដំណើជាផ្លូវការនាពេលឆាប់ៗខាងមុខនេះ ។

សូមបញ្ជាក់ជូនថាមន្ទីរពេទ្យនេះសាងសង់ឡើងដោយថវិកាបានមកពីការចូលរួមវិភាគទានរបស់សប្បុរសជនក្នុងស្រុកទាំងអស់ ដោយរួមសហការជាមួយនឹងមន្ទីរពេទ្យកាល់ម៉ែត្រ គ្រោងចំណាយថវិកាសរុបទាំងអស់ ប្រមាណ១០លានដុល្លារ សហរដ្ឋអាមេរិក ។ ក្នុងនោះការសាងសង់រចនាសម្ព័ន្ធអគារមន្ទីរពេទ្យ គ្រោងចំណាយទឹកប្រាក់ ប្រមាណ៦លាន ២សែនដុល្លារ សហរដ្ឋអាមេរិក និងការបំពាក់សម្ភារបរិក្ខារពេទ្យគ្រោងចំណាយទឹកប្រាក់ពី៤ ទៅ ៥លានដុល្លារសហរដ្ឋអាមេរិក ថែមទៀត។

បន្ថែមពីលើនោះ មន្ទីរពេទ្យនេះ ត្រូវប្រសិទ្ធនាមថា មន្ទីរពេទ្យតេជោសែនកោះធំ និងក្លាយជាមន្ទីរពេទ្យ មានទីតាំងផ្តល់សេវាសុខាភិបាលសាធារណៈ ជូនដល់ប្រជាពលរដ្ឋប្រមាណជាង ៦០ម៉ឺននាក់ ដែលរស់នៅក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក នៃខេត្តកណ្តាល និងស្រុកព្រៃកប្បាស នៃខេត្តតាកែវ។

ជាពិសេសចំពោះពលរដ្ឋអ្នកស្រុកកោះលែងមានផលលំបាកក្នុងការធ្វើដំណើឆ្ងាយឡើងមកពិនិត្យ ឬព្យាបាលសុខភាពនៅភ្នំពេញទៀតផង។

សូមជម្រាបជូនថា៖ គម្រោងសាងសង់អគារថ្មីនៃមន្ទីរពេទ្យតេជោសែនកោះធំនេះ រៀបចំឡើងក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងសមស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងចក្ខុវិស័យសម្រាប់អភិវឌ្ឍជាតិរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានគិតគូរយកចិត្តទុកដាក់លើសុខទុក្ខ សុខមាលភាពរបស់ប្រជាពលរដ្ឋ។

គម្រោងសាងសង់មន្ទីរពេទ្យនេះរួមមាន៖ ការសាងសង់អគារថ្មីចំនួន០៣ខ្នង ១)អគារមន្ទីរពេទ្យ ចំនួន ០១ខ្នង មាន០៣ជាន់ ដែលជាន់ផ្ទាល់ដីមានទំហំ ៣.៥១៤,៨ ម៉ែត្រការ៉េ ជាន់ទី១មានទំហំ ៣.៥១៤,៨ ម៉ែត្រការ៉េ និងជាន់ទី២ មានទំហំ ៣.៥១៤,៨ ម៉ែត្រការ៉េ ស្មើនឹងទំហំសរុប ១០.៥៤៤,៤ ម៉ែត្រការ៉េ ២) អគារខាងឆ្វេង ចំនួន ០១ខ្នង មាន០២ជាន់ ដែលជាន់ផ្ទាល់ដីមានទំហំ ៥០០ម៉ែត្រការ៉េ និងជាន់ទី១មានទំហំ ៥០០ ម៉ែត្រការ៉េ ស្មើនឹងទំហំសរុប ១០០០ ម៉ែត្រការ៉េ ៣) អគារខាងស្តាំចំនួន០១ខ្នង មាន០២ជាន់ ដែលជាន់ផ្ទាល់ដីមានទំហំ៥០០ម៉ែត្រការ៉េ និងជាន់ទី១ មានទំហំ៥០០ម៉ែត្រការ៉េ ស្មើនឹងទំហំសរុប ១០០០ ម៉ែត្រការ៉េ។

អគារទាំង ០៣ ខាងលើមានទំហំសរុបស្មើនឹង ១២.៥៤៤,៤ ម៉ែត្រការ៉េ ដែលអាចផ្ទុកគ្រែអ្នកជំងឺបានចំនួន ១៥០ គ្រែ បំពាក់ដោយម៉ាស៊ីនត្រជាក់ សម្ភារបរិក្ខារពេទ្យ និងឧបករណ៍បច្ចេកទេសទំនើបៗបម្រើឱ្យការព្យាបាល ហើយបានចាប់ផ្តើមពីខែមករា ឆ្នាំ២០២២ និងគ្រោងសម្រេចតាមផែនការ ឈានដល់ការសម្ពោធដាក់ដំណើការនាពេលឆាប់ៗខាងមុខនេះ៕


Telegram