ខេត្តព្រៃវែង ៖ សាលាបឋមសិក្សា នេត សាវឿន មានជ័យ ត្រូវបាន ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការដ្ឋានគរបាលជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកញ្រ្ជៀច និងស្រុកស្វាយអន្ទរ បានចាត់ ឯកឧត្តម ប៉ុល រតនា ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានឃុំចុងអំពិល ស្រុកកញ្ច្រៀច អញ្ជើញធ្វើពិធីក្រុងពលី និងបញ្ចុះបឋមសិលាហើយ នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ នេះក្នុងឃុំចុងអំពិល ស្រុកកញ្រ្ជៀច ខេត្តព្រៃវែង។
ឯកឧត្តម ប៉ុល រតនា បានលើកឡើងថា សាលាបឋមសិក្សា នេត សាវឿន មានជ័យ នេះជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន នឹងលេចចេញជារូបរាងនៅពេលឆាប់ៗខាងមុខនេះ។
ទន្ទឹមនោះ ឯកឧត្តម ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការដ្ឋានគរបាលជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកញ្រ្ជៀច និងស្រុកស្វាយអន្ទរ ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ និងបានលើកឡើងពីភាពរីកចម្រើននៅទូទាំងខេត្តព្រៃវែងនិយាយជារួម និងនិយាយដោយឡែកឃុំចុងអំពិល ក៏មានភាពរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ។
ឯកឧត្តម បានគូសបញ្ជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាពពេញលេញ និងមានការរីកចម្រើនលើគ្រប់វិស័យ ទាំងវិស័យពុទ្ធិចក្រ និងវិស័យអណាចក្រ ទន្ទឹមនោះខេត្តព្រៃវែង ក៏មានការអភិវឌ្ឍន៍រីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ។ ជាក់ស្តែងការបញ្ចុះបឋមសិលាសាងសង់នូវសាលារៀនថ្មីនេះ នឹងកើតចេញជាសមិទ្ធផលនាពេលឆាប់ៗនេះ ដើម្បីផ្តល់ចំណេះដឹងដល់កូនក្មួយជំនាន់ក្រោយៗទៀត។
ជាមួយគ្នានោះដែរ ឯកឧត្តមប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានឃុំចុងអំពិល ក៏បានលើកឡើងពាក់ព័ន្ធការរីកចម្រើនលើវិស័យសុខាភិបាល ក្នុងស្រុកកញ្ជ្រៀចផងដែរ ដោយសមិទ្ធផលទាំងនោះ គឺបានកើតចេញពីការឧបត្ថម្ភពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ដោយក្នុងនោះរួមមាន៖ អគារសម្ភព ម៉ាស៊ីនឆ្លុះអេកូ និងថ្នាំសង្កូវជាដើម។
ទន្ទឹមគ្នានេះដែរ ឯកឧត្តម ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋងាកមកប្រើសេវាសុខាភិបាលរបស់មន្ទីរពេទ្យបង្អែកស្រុកកញ្ជ្រៀចវិញ ជៀសវាងមានការចំណាយខ្ពស់ទៅលើសេវាមន្ទីរពេទ្យឯកជន ព្រោះថាមន្ទីរពេទ្យរដ្ឋ មានលទ្ធភាព និងសម្ភារៈគ្រប់គ្រាន់ដើម្បីព្យាបាលបងប្អូនប្រជាពលរដ្ឋ។
ក្នុងឱកាសនោះ ឯកឧត្តម ប៉ុល រតនា ក៏បានស្នើឲ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវពិនិត្យមើលប្រជាពលរដ្ឋពីស្ថានភាព ក៏ដូចជាជីវភាពរស់នៅរបស់ពួកគាត់ ដោយត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើប្រជាពលរដ្ឋដែលគ្មានផ្ទះសម្បែងរស់នៅ ហើយរាយការណ៍មកក្រុមការងារចុះជួយមូលដ្ឋាន ដើម្បីរៀបចំធ្វើផ្ទះជូនពួកគាត់ ដើម្បីរស់នៅឲ្យបានសមរម្យ ពិសេសមិនឲ្យពលរដ្ឋណាម្នាក់អត់បាយបរិភោគនោះទេ ។
ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានឃុំចុងអំពិល ឯកឧត្តម ប៉ុល រតនា បានជំរុញបន្ថែមដល់អាជ្ញាធរមូលដ្ឋាន បន្តការពារសុវត្ដិភាព សន្តិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ពិសេសអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាពខ្ពស់ ដោយត្រូវបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗដូចជា៖ បទល្មើសចោរកម្ម គ្រឿងញៀន និងក្មេងទំនើងជាដើម ដើម្បីឲ្យពួកគាត់រស់នៅមានភាពសុខសាន្ត។
ឯកឧត្តម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បន្តអនុវត្តវិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ពិសេសនាំគ្នាទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ចំនួនដូស ព្រមទាំងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាផងដែរ៕