ខេត្តសៀមរាប ៖ យោងតាមផេកផ្លូវការរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា គម្រោងជួសជុលខ្លោងទ្វារតាកាវនៅទិសខាងលិចរបស់ក្រុងអង្គរធំ បានរួចរាល់ជាស្ថាពរហើយ ដែលបច្ចុប្បន្នក្រុមការងារកំពុងសម្អាតទីតាំងការដ្ឋាន និងបង្ហើយការងារដែលនៅសេសសល់មួយចំនួនតូចតែប៉ុណ្ណោះ។ នេះបើយោងតាមការលើកឡើងរបស់ឯកឧត្ដម គឹម សុធិន អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា។
ឯកឧត្តម បានឱ្យដឹងទៀតថា ការងារស្ថិតនៅជាប់ខ្លោងទ្វារនេះ គឺក្រុមការងារអាជ្ញាធរជាតិអប្សរាបន្តជួសជុលជញ្ជាំងតែប្រវែង៥ម៉ែត្រ និងកម្ពស់១ម៉ែត្រ៤តឹក ឋិតនៅពីលើកំពែងភ្ជាប់សងខាងតួខ្លោងទ្វារ ទៅតាមអនុសាសន៍របស់អ្នកជំនាញការអាយស៊ីស៊ី-អង្គរ ដើម្បីរក្សាបាននូវទ្រង់ទ្រាយដើមរបស់រចនាសម្ពន្ធខ្លោងទ្វារឡើងវិញ។
ការងារនេះ នៅសល់តែដាប់ខ្សែក្បាច់ និងចាក់ដីបំពេញកន្លែងហូរច្រោះលើខ្នងកំពែងជាប់នឹងតួខ្លោងទ្វារ ហើយនឹងបញ្ចប់នាពេលឆាប់ៗខាងមុខ។ រីឯការងារជួសជុលចម្លាក់ទេវតាទាញព្រ័ត្រ ក្រុមការងារនឹងបន្តជួសជុលជាបន្តបន្ទាប់ ដោយដាក់រូបពេញលេញ មានដៃ ជើង និងមានព្រះកេសខ្លះៗ ដោយឡែក រូបយក្សទាញព្រ័ត្រ គឺមានភាពស្មុកស្មាញបន្ទិចដោយសារគ្រឹះ។
ឯកឧត្ដម បន្តទៀតថា មុននឹងបញ្ចប់ការងារជួសជុលខ្លោងទ្វារទាំងមូល អាជ្ញាធរជាតិអប្សរា កំពុងធ្វើកំណាយស្រាវជ្រាវត្រង់ចំណុចច្រកចេញចូលនៃតួខ្លោងទ្វារ ដើម្បីស្វែងយល់ពីរចនាសម្ពន្ធបាតរបស់ខ្លោងទ្វារ។
យើងបានរកឃើញមានរន្ធសម្រាប់ដាក់សសរឈើនៅកម្រាលថ្មបាយក្រៀម ថ្មភក់ដែលអាចមានសំណង់ឈើនៅសម័យនោះផង៕