បន្ទាប់ពីបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ចផ្លូវការរយៈពេលបីថ្ងៃ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិនប្រកបដោយភាពជោគជ័យផ្លែផ្កាយ៉ាងត្រចះត្រចង់នោះ នារសៀលថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញនិវត្តន៍មកដល់កម្ពុជាវិញប្រកបដោយសុវត្ថិភាព តាមជើងយន្តហោះពិសេស។
អញ្ជើញទទួលដំណើរមកដល់របស់គណៈប្រតិភូជាន់ខ្ពស់នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានវត្តមាន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឥស្សរជនជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាល ព្រមទាំងមន្ត្រីអ្នកមុខអ្នការជាច្រើនរូបទៀត។ ដំណើរទស្សនកិច្ចរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់សាធារណរដ្ឋប្រជាមានិតចិនបានផ្ដល់កាលានុវត្តភាពដល់រដ្ឋាភិបាលទាំងពីរ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវការកសាងសហគមន៍វាសនារួមកម្ពុជា- ចិន ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជន និងប្រជាជាតិទាំងពីរ។ គួរបញ្ជាក់ដែរថា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននេះ មានឯកសារ កិច្ចព្រមព្រៀងសំខាន់ៗចំនួន១២ត្រូវបានចុះហត្ថលេខា ដែលក្នុងនោះរួមមាន ១-កិច្ចព្រមព្រៀង ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន នៅក្នុងយុគសម័យថ្មី។ ២-កិច្ចព្រមព្រៀងអនុវត្តគម្រោងអភិវឌ្ឍសាកលវិទ្យាល័យក្រចេះ ជំហានទី២ ក្នុងក្របខណ្ឌហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលចិន។ ៣-ផែនសកម្មភាព ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច ឆ្នាំ២០២៣-២០២៤។ ៤-ពិធីសារស្តីពីលក្ខខណ្ឌតម្រូវចត្តាឡីស័ក និងអនាម័យ សម្រាប់នាំចេញវារីសត្វរស់ពីកម្ពុជា ទៅកាន់ប្រទេសចិន។
៥-អនុស្សរណៈ នៃកិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មានកម្ពុជា និងអគ្គស្ថានីយ៍វិទ្យុ និងទូរទស្សន៍មជ្ឈឹមចិន។ ៦-កិច្ចព្រមព្រៀង នៃកិច្ចសហប្រតិបត្តិការរវាងទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP) និងទីភ្នាក់ងារស៊ីនហួ។ ៧-សេចក្តីថ្លែងការណ៍រួម ស្តីពីគំនិតផ្តួចផ្តើមកិច្ចសហការអាស៊ី សម្រាប់ការអភិរក្សបេតិកភណ្ឌវប្បធម៌។ ៨-អនុស្សារណៈ នៃការយោគយល់គ្នា ស្តីពីផែនការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា-ចិនឆ្នាំ២០២៣-២០២៥។ ៩-លិខិតប្តូរសារស្តីពីការសិក្សាសមិទ្ធផលលទ្ធភាពគម្រោងសាកល្បង កិច្ចសហប្រតិបត្តិការការកាត់បន្ថយភាពក្រីក្រនៅកម្ពុជាជំហានទី២។ ១០-លិខិតប្រគល់ទទួលនូវទឹកប្រាក់ហិរញ្ញប្បទានឥតសំណង ចំនួន ៤,៤លានដុល្លាអាម៉េរិក សម្រាប់គម្រោងកាត់បន្ថយយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅប្រទេសកម្ពុជា។ ១១-កិច្ចព្រមព្រៀងក្របខណ្ឌ សម្រាប់គម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិត ខេត្តកំពង់ធំ និង១២-កិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិត ខេត្តកំពង់ធំ៕