រាជធានីភ្នំពេញ៖ ឯកឧត្ដមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យមន្ត្រីនិងកងកម្លាំងក្រោមឱវាទ ព្រមទាំងអាជីវករនិងប្រជាពលរដ្ឋទាំងអស់ បើកយុទ្ធនាការតភ្ជាប់បណ្ដាញតេឡេក្រាម ជាមួយសម្ដេចតេជោហ៊ុនសែន ក្រោយពីសម្តេចតេជោ បានបង្កើត Channel ផ្លូវការក្នុងបណ្តាញ Telegram ដើម្បីផ្តល់សារនានាជូនដល់សាធារណជន ។
ការជំរុញបែបនេះរបស់ឯកឧត្តមឃួង ស្រេងបានធ្វើឡើង ក្នុងកិច្ច ប្រជុំបន្ទាន់មួយ ជាមួយអាជ្ញាធរខណ្ឌទាំង១៤ កងកម្លាំងទាំង២ ភេទ មន្ទីរទាំងអស់ ផ្សាររដ្ឋទាំង២៥ និងសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ នាល្ងាចថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ។ ឯកឧត្ដមឃួង ស្រេងបានមាន ប្រសាសន៍លើកឡើងថា៖ អាជ្ញាធរខណ្ឌ សង្កាត់ មន្ត្រី និងគ្រប់ភាគីពាក់ព័ន្ធ ត្រូវបើកយុទ្ធនាការតភ្ជាប់ Channel ផ្លូវការក្នុងបណ្តាញ Telegram សម្ដេចតេជោហ៊ុនសែននេះឲ្យបានលឿន ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋយើងនៅភ្នំពេញបានតភ្ជាប់ ។ យើងត្រូវប្រឹងប្រែងគ្រប់ មុខសញ្ញាទាំងអស់។ ចំពោះសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ក៏ត្រូវតភ្ជាប់ដូចគ្នានេះផងដែរ។ ដូច្នេះមន្ត្រីរបស់យើងត្រូវអនុវត្តការងារនេះឲ្យបានលឿននិងឲ្យបានល្អ។ ឯកឧត្ដមឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា កិច្ចការងារតបណ្ដាញតេឡេក្រាមជាមួយបងប្អូនអាជីវករ ប្រជាពលរដ្ឋទាំងអស់នេះ គឺសម្ដេច មានគោលបំណងឲ្យប្រជាពលរដ្ឋទទួលបានព័ត៌មានពីថ្នាក់ដឹកនាំកំពូលៗរបស់ជាតិយើងបានលឿន ទាន់ពេលវេលានិងទាន់ហេតុការណ៍។
គួរបញ្ជាក់ថា៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្កើត Channel តេលេក្រាម (Telegram) មួយដើម្បីផ្តល់សារ និងព័ត៌មាននានាទៅដល់សាធារណជន។ Channel ផ្លូវការរបស់សម្តេចមានលីង https://t.me/spmhunsen ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ ហើយត្រូវបានប្រកាសផ្លូវការនាប៉ុន្មានថ្ងៃកន្លងនេះ ជាមួយនឹងសារបញ្ជាក់ថា «សូមស្វាគមន៍មកកាន់ News Channel ផ្លូវការរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចកក្រកម្ពុជា»៕ ប្រភព៖ ក្រសួងព័ត៌មាន