សម្ដេចតេជោ ហ៊ុន សែន ស្វាគមន៍រាល់វិនិយោគទាំងឡាយរបស់អាល្លឺម៉ង់មកកាន់កម្ពុជា ពិសេស​ការវិនិយោគដែលមានលក្ខណៈបរិស្ថានល្អ និងអព្យាក្រឹត្យកាបូន
ព័ត៌មានជាតិ
627

រាជធានីភ្នំពេញ ៖  ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន​មានប្រសាសន៍ស្វាគមន៍រាល់វិនិយោគទាំងឡាយរបស់អាល្លឺម៉ង់មកកាន់កម្ពុជា ជាពិសេស​ការវិនិយោគដែលមានលក្ខណៈបរិស្ថានល្អ និងអព្យាក្រឹត្យកាបូន។

ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោបានឱ្យដឹងដូច្នេះ បន្ទាប់ពី​ជំនួប​របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា​ណា​ចក្រ​កម្ពុជា ជាមួយប្រតិភូធុរកិច្ចអាល្លឺម៉ង់ ដឹកនាំដោយ ឯកឧត្តម ហ្រ្វាំង វ៉ាល់ធ័រ ឆ្កែនម៉ៃយ័រ (Frank-Walter Steinmeier) ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធ អាល្លឺម៉ង់ នាព្រឹក​ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវិមានសន្តិភាព ក្នុងឱកាសដែលឯកឧត្តម និង​លោកជំទាវ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបនោះ ប្រតិភូធុរកិច្ចអាល្លឺម៉ង់ បានសម្ដែងនូវចំណាប់អារម្មណ៍លើការ​វិនិយោគ លើវិស័យ រោងចក្រផលិតរថយន្ត គ្រឿងចក្រ សំណង់ សម្ភារសំណង់ ប្រព័ន្ធ​ប្រព្រឹត្តិកម្មទឹកកខ្វក់ បច្ចេកវិទ្យា ថាមពលកកើតឡើងវិញ ហើយក៏បានសម្ដែងនូវការពេញ​ចិត្តចំពោះបរិយាកាសវិនិយោគនៅកម្ពុជា ដែលជាបរិយាកាសបើកចំហ និងអនុ​គ្រោះ​ជាទី​បំផុត។

ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ចំពោះប្រតិភូ​ធុរកិច្ច​អាល្លឺម៉ង់ ចំពោះចំណាប់អារម្មណ៍សម្រាប់ការវិនិយោគនៅកម្ពុជា។ សម្ដេចតេជោ​បានជម្រាបជូនប្រតិភូធុរកិច្ចថា កម្ពុជាអនុញ្ញាតឱ្យបរទេសធ្វើជាម្ចាស់ក្រុមហ៊ុន ១០០​ភាគរយ​ដោយមិនចាំបាច់មានអ្នកមានសញ្ជាតិខ្មែរ ជាម្ចាស់ភាគហ៊ុនឡើយ។ ទន្ទឹមនេះ កម្ពុជាក៏​អនុញ្ញាតឱ្យប្រើរូបិយវត្ថុបរទេសផងដែរ សម្រាប់ការបើកប្រាក់ខែ សម្រាប់ការ​ទូទាត់​ផ្សេងៗ ដោយមិនឱ្យអ្នកវិនិយោគនៅកម្ពុជាបាត់បង់ប្រយោជន៍ តាមរយៈការប្ដូរ​ប្រាក់​នោះទេ។ 

សម្ដេចតេជោបញ្ជាក់ថា កម្ពុជាសព្វថ្ងៃនេះ គឺមានការលូតលាស់ខ្លាំង​លើ​វិស័យសំណង់ ហើយឆ្លៀតពេលនេះដែរ សម្ដេចបានស្នើសុំឱ្យអ្នកវិនិយោគអាល្លឺម៉ង់​ពិចារណា លើរូបមន្តបូក១ នោះមានន័យថា ក្នុងករណីដែលវិនិយោគអាល្លឺម៉ង់ដាក់​ទុននៅ​ប្រទេសណាមួយហើយ គួរពិចារណាដាក់ទុនវិនិយោគនៅកម្ពុជាផងដែរ ដោយសម្ដេច​តេជោបានជម្រាបជូនប្រតិភូធុរកិច្ច អំពីបទពិសោធន៍កន្លងមក ដែលមានក្រុមហ៊ុនមួយ​នៅ​ប្រទេសថៃ បានដាក់ទុននៅប្រទេសថៃផង ដាក់ទុនវិនិយោគនៅកម្ពុជាផង។ នៅពេល​ដែល​ប្រទេសថៃជួបនឹងវិបត្តិកូវីដ១៩ និងវិបត្តិទឹកជំនន់ ក្រុមហ៊ុននោះបង្វែរ​ផលិតកម្ម​មក​កាន់កម្ពុជាវិញ ដើម្បីជំរុញធ្វើយ៉ាងណា ផលិតឱ្យទាន់ការបញ្ជាទិញ។

សម្ដេចតេជោក៏បានស្វាគមន៍រាល់វិនិយោគទាំងឡាយរបស់អាល្លឺម៉ង់មកកាន់កម្ពុជា ជាពិសេសការវិនិយោគដែលមានលក្ខណៈបរិស្ថានល្អ និងអព្យាក្រឹត្យកាបូន៕ ប្រភព៖  ក្រសួងព័ត៌មាន


Telegram