សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រ ដល់គរុនិស្សិតបច្ចេកទេស និងនិស្សិតនៃវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស
ព័ត៌មានជាតិ
63

នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិតបច្ចេកទេស និង​និស្សិត​នៃវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស ជាង ៥ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ។ពិធីប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ជ្រោយចង្វា។

បើតាមអោយដឹងពី ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា គរុនិស្សិតបច្ចេកទេសរួមមានកម្រិតមូលដ្ឋាន កម្រិតឧត្តម និងនិស្សិតបច្ចេកវិទ្យាសរុបចំនួន ៥,៤៥០នាក់ ស្រី ៤២៧នាក់។ ក្នុងនោះគរុនិស្សិត និងនិស្សិត​មានពិការភាពចំនួន ៩នាក់ជាបុរស និងនិស្សិតអាហារូបករណ៍សម្តេចតេជោនាយករដ្ឋមន្ត្រីចំនួន​២៩នាក់ ក្នុងចំណោម ១៧០នាក់។

សម្តេចតេជោតែងបាន​ផ្តល់​កិត្តិយស​អញ្ជើញជាអធិបតីក្នុងពិធីចែកសញ្ញាបត្រដល់គរុនិស្សិតបច្ចេកទេស និងនិស្សិត​ ដែល​បញ្ចប់​​ការសិក្សាពីវិទ្យា​ស្ថាន​​ជាតិបណ្តុះបណ្តាលបច្ចេកទេស។ ក្នុងនោះសម្តេចតេជោ ធ្លាប់បាន​អញ្ជើញ​ជាអធិបតីចំនួន​ ៤លើក​​រួច​ហើយ។

គរុនិស្សិតបច្ចេកទេសរួមមានកម្រិតមូលដ្ឋាន កម្រិតឧត្តម និងនិស្សិតបច្ចេកវិទ្យាសរុបចំនួន ៥,៤៥០នាក់ ស្រី ៤២៧នាក់។ ក្នុងនោះគរុនិស្សិត និងនិស្សិត​មានពិការភាពចំនួន ៩នាក់ជាបុរស និងនិស្សិតអាហារូបករណ៍សម្តេចតេជោនាយករដ្ឋមន្ត្រីចំនួន​២៩នាក់ ក្នុងចំណោម ១៧០នាក់។

ជាកិច្ចចាប់ផ្តើម សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា គិតត្រឹមថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សល់រយៈពេលតែ ៦៨ថ្ងៃទៀតប៉ុណ្ណោះ នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ខាងមុខ បន្ទាប់ពីកម្ពុជាបានរង់ចាំព្រឹត្តិការណ៍នេះជាង៦០ឆ្នាំមកហើយនោះ។

សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានរំលឹកពីអតីកាល នៃការបណ្តុះបណ្តាលជំនាញបច្ចេកទេសនៅកម្ពុជា ដែលពេលនោះ គឺមានការលំបាកយ៉ាងខ្លាំង។ សម្តេចតេជោបានដឹកនាំការធ្វើកំណែទម្រង់ចាប់ពីឆ្នាំ១៩៨៥មក រហូតដល់មានលទ្ធផលល្អប្រសើរមកទល់ពេលបច្ចុប្បន្ននេះ។ សម្តេចតេជោ បានមានប្រសាសន៍រំលឹកថា ប្រសិនបើគ្មានរដ្ឋប្រហារឆ្នាំ១៩៧០ មិនដឹងប្រទេសកម្ពុជាមានការរីកចម្រើនដល់ណានោះទេ។ សម្តេចតេជោបានមានប្រសាសន៍ថា គ្មានបរទេសណា ទៅវិនិយោគនៅប្រទេស ដែលគ្មានសន្តិភាព និងគ្មានស្ថិរភាពនយោបាយនោះទេ។ សុខសន្តិភាព គឺជាកត្តាសំខាន់បំផុតសម្រាប់ការរស់នៅរបស់ប្រជាជន។ សម្តេចតេជោបានមានប្រសាសន៍ទៅកាន់បរទេស និងផ្នែកពាក់ព័ន្ធនានា សូមកុំមើលកម្ពុជាតែមួយជ្រុងណាមួយ។ កម្ពុជាបានប្រឹងប្រែងយ៉ាងខ្លាំង ធ្វើឱ្យល្អប្រសើរឡើង នៃទំនាក់ទំនង កម្រិតការទូត និងផ្នែកពាក់ព័ន្ធផ្សេងៗទៀត ដើម្បីវឌ្ឍនភាពកម្ពុជា ក្រោមម្លប់នៃសុខសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ជំនាញបច្ចេកទេស គឺជាជំនាញត្រូវនឹងតម្រូវការចាំបាច់ នៃសង្គមបច្ចុប្បន្ន ដែលយើងត្រូវបង្កើន និងពង្រឹងឱ្យកាន់តែល្អប្រសើរថែមទៀត។ ទន្ទឹមនឹងនោះ ក៏សូមឱ្យមានការចាប់អារម្មណ៍លើជំនាញវិជ្ជាជីវៈដូនតាដូចជា៖ ចម្លាក់ តម្បាញ ជាដើម ដែលរដ្ឋកំពុងតែគាំពារ និងលើកទឹកចិត្តបន្ថែមទៀត។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនេះមានតម្រូវការកាន់តែធំ ដូច្នេះទើបសម្ដេចតេជោបានដាក់ចេញផែនការគោនយោបាយឱ្យក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធធ្វើការបណ្ដុះបណ្ដាលលើជំនាញវិជ្ជាជីវៈនេះដល់សិស្សនិស្សិតកម្ពុជាប្រមាណ ១,៥ លាននាក់នៅឆ្នាំក្រោយ។ សម្ដេចតេជោបាមបញ្ជាក់ថា នាពេលខាងមុខ កម្ពុជានឹងទាក់ទាញអ្នកវិនិយោគមកកាន់ប្រទេសកម្ពុជាបន្ថែមទៀត។ សម្ដេចតេជោ តែងតែប្រាប់ទៅបរទេសឱ្យអ្នកវិនិយោគយកចិត្តទុកដាក់លើការវិយោគលើឧស្សាហកម្មកែឆ្នៃ ដែលធនធានកម្ពុជាមានស្រាប់ និងផ្នែកនេះទៅមុខកម្ពុជា នឹងក្លាយទៅជាអ្នកខ្លាំងមួយក្នុងចំណោមអ្នកខ្លាំងលើការចែកចាយ។ សម្តេចតេជោអត់មានប្រសាសន៍រំលឹកថា ពីមុនកសិកម្មស្រូវនៅកម្ពុជា គ្រាន់តែធ្វើឡើងដើម្បីហូបដើម្បីឲ្យគ្រប់គ្រាន់តែប៉ុណ្ណោះ តែមកទល់ពេលកម្ពុជាសល់ស្រូវ-អង្ករយ៉ាងច្រើន ដែលទាមឱ្យមានការវិនិយោគ និងផ្តល់ទុនដល់រោងម៉ាស៊ីនកិនស្រូវ ដើម្បីកែច្នៃ និងសម្ងួត ក្នុងការត្រៀមនាំចេញនៅពេលខាងមុខ។

នៅថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «សូមឱ្យបំបាត់ការភ័ន្តច្រឡំ នយោបាយ ឈ្នះ ឈ្នះ បានចប់នៅឆ្នាំ ១៩៩៨ គឺជាការបញ្ចប់នូវការអនុវត្ត ហើយនយោបាយ ឈ្នះឈ្នះនេះ បានចាប់ផ្ដើមអនុវត្តកាលពីខែកុម្ភៈ ឆ្នាំ១៩៩៦ ឯនោះ ដែលក្នុងពេលអនុវត្តសម្ដេចតេជោ បានចុះដោយផ្ទាល់តាមមូលដ្ឋានក្នុងការធ្វើសមាហរណកម្ម។សម្តេចតេជោបញ្ជាក់បន្ថែមថា ពីអតីតកាលមក កម្ពុជាមានការបែកបាក់ច្រើនណាស់ ធ្វើឱ្យប្រទេសជាតិធ្លាក់ចូលទៅក្នុងជ្រោះ នៃគ្រោះមហន្តរាយ និងបង្កការលំបាកដល់ប្រជាពលរដ្ឋគ្រប់បែបយ៉ាង។ សម្តេចតេជោ បានមានប្រសាសន៍ថា ខ្មែរក្រហមទោះខ្លាំងយ៉ាងណាក៏ដោយ ក៏មិនអាចគ្រប់គ្រងកម្លាំងរបស់ខ្លួនបានទាំងអស់ដែរ។ អ៊ុនតាក់ចូលមកកម្ពុជា និងចាយលុយអស់យ៉ាងច្រើនសន្ធឹកសន្ធាប់ បានដកចេញពីកម្ពុជាវិញ ដោយបន្សល់ទុកឱ្យកម្ពុជាមានតំបន់ត្រួតត្រាច្រើននិងមានការផ្ទុះអាវុធគ្រប់ទីកន្លែង។ សម្តេចតេជោប្រកាសថា មិនយូរទេកម្ពុជានឹងចាកចេញពីប្រទេសដែលមានកម្រិតការអភិវឌ្ឍតិចតួច។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា រាជរដ្ឋាភិបាលសម្រចបញ្ចេញថវិកាសាងសង់ស្ពាន ដែលមានតម្លៃប្រមាណ ២៣០លានដុល្លារអាមេរិក(ពីរទៅពីរមក) ដោយឆ្លងកាត់ខេត្តកណ្តាល ព្រៃវែង និងចូលទៅកាន់ខេត្តស្វាយរៀង ក្នុងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដើម្បីសម្រួលដល់ការចំណាយអ្នកប្រើប្រាស់ផ្លូវល្បឿនលឿន។ នៅថ្ងៃនេះសម្តេចតេជោ ក៏ប្រកាសអបអរសាទរ និងកោតសរសើរជាថ្មីដល់ចៅៗ ដែលទទួលបានជ័យជំនះក្នុងការប្រកួតកីឡាបាល់ទះមិត្តភាពអន្តរជាតិកម្ពុជា-បារាំង (យុវជនអាយុក្រោម ១៩ឆ្នាំ U19) ដែលទើបបានប្រកួតចប់នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិកកាលពីពេលថ្មីៗនេះ។ សម្តេចតេជោ ហ៊ុន សែន ជូនពរជូនពរចៅៗ ទទួលបានជោគជ័យក្នុងការប្រកួតនៅពេលក្រោយជាបន្តទៀត។

មុននឹងបញ្ចប់ សម្ដេចតេជោ ហ៊ុន សែន ក៏បានអបអរសាទរចំពោះគរុនិស្សិត និងនិស្សិតជ័យលាភីផ្នែកបច្ចេកទេសទាំងអស់ ដែលបានទទួលសញ្ញាបត្រនៅថ្ងៃនេះ និងជូនពរឲ្យទទួលបាននូវភាពជោគជ័យ ក្នុងការងារជាបន្តបន្ទាប់ទៀត៕


Telegram