នៅព្រឹកថ្ងៃពុធ ទី១ ខែមីនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ អគារ សិក្សាចំនួន២ខ្នង និងប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ជិត ៥ពាន់នាក់។ ពិធីនេះបានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងនិងពិព័រណ៌ កោះពេជ្រ។
មុននឹងមានប្រសាសន៍ទៅកាន់និស្សិតទាំងអស់ សម្តេចតេជោ ហ៊ុន សែន បានរំលឹកថាគិតត្រឹមថ្ងៃទី១មីនានេះ នៅសល់តែ ៦៥ថ្ងៃទៀតប៉ុណ្ណោះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម ក្រោយកម្ពុជារង់ចាំអស់រយៈពេល ៦៤ឆ្នាំ។សម្ដេចតេជោបានអបអរសាទរចំពោះនិស្សិតជ័យលាភីនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ។ សម្តេចតេជោ បានមានប្រសាសន៍ថា ការសិក្សាជាភាពចាំបាច់ ដែលមនុស្សគ្រប់រូបត្រូវធ្វើ។ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ប្រទេសមួយចំនួនអាចនឹងប្រកាសថា ជំងឺកូវីដ១៩ ជាជំងឺផ្តាសាយធម្មតា។ តែកម្ពុជា មិនប្រកាសចាត់ទុកជំងឺនេះ ជាផ្តាសាយធម្មតានោះឡើយ ហើយមិនទម្លាក់ចោលការការពារជំងឺកូវីដ១៩នោះទេ យើងត្រូវតែមានការការពារជាបន្តទៀត។
ពាក់ព័ន្ធទៅនឹងរឿងសត្វក្ងោក សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋចិញ្ចឹមសត្វកម្រជិតផុតពូជបន្ថែមទៀត។ សម្តេចតេជោបានមានប្រសាសន៍ថា សម្តេចចង់បង្វែរប្រជាពលរដ្ឋមកចិញ្ចឹមសត្វកម្រ ហើយសម្ដេចក៏បានណែនាំឱ្យពិនិត្យកែច្បាប់ប្តូរពីការរឹតត្បិត ទៅជាការលើកទឹកចិត្តចិញ្ចឹមសត្វក្ងោក។ សម្តេចតេជោចង់ឱ្យពិនិត្យច្បាប់ជ្រើសរើសប្រភេទសត្វកម្រដទៃទៀត អនុញ្ញាតឱ្យប្រជាពលរដ្ឋចិញ្ចឹមតែម្ដង។សម្តេចតេជោបានថ្លែងថា ការអនុវត្តន៍ច្បាប់ទាំងឡាយ គួរមានភាពវៃឆ្លាតបន្តិច។
នៅថ្ងៃនេះ សម្តេចតេជោបានអំពាវនាវឱ្យប្រជាពលរដ្ឋទៅលេងកម្សាន្តនៅអង្គរសង្ក្រាន្ត ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ នៅទឹកដីសៀមរាបអង្គរ។ នៅថ្ងៃនេះផងដែរ សម្តេចតេជោក៏អំពាវនាវដល់គណបក្សនយោបាយទាំងឡាយ គួរគោរពដល់សកម្មភាពប្រជាធិបតេយ្យ ដល់ក្រុមយុវជនសហគមន៍ ក្រុមយុវជនបរិស្ថាន ដែលធ្វើសកម្មភាពទាំងឡាយដែលគាំទ្ររាជរដ្ឋាភិបាល។ ក្រុមយុវជនបរិស្ថាន និងសហគមន៍ទាំងនោះត្រូវបានរងការប្រមាថពីគណបក្ស និងបុគ្គល នៅពេលពួកគេធ្វើសកម្មភាពគាំទ្ររាជរដ្ឋាភិបាល បន្ទាប់ពីពួកគេចាកចេញឈប់គាំទ្រក្រុមប្រឆាំង។
មុននឹងបញ្ចប់ សម្ដេចតេជោ ហ៊ុន សែន ក៏បានអបអរសាទរចំពោះគនិស្សិតជ័យលាភីនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាទាំងអស់ដែលបានទទួលសញ្ញាបត្រនៅថ្ងៃនេះ និងជូនពរឲ្យទទួលបាននូវភាពជោគជ័យ ក្នុងការងារជាបន្តបន្ទាប់ទៀត៕