សម្ដេចតេជោ ហ៊ុន សែន៖ គម្រោងផ្លូវ និងស្ពានឆ្លងកាត់ទន្លេសាប តភ្ជាប់ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ នឹងបើកការដ្ឋាននៅឆ្នាំ២០២៤
ព័ត៌មានជាតិ
41

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាន៍ថា គម្រោងផ្លូវ និងស្ពានឆ្លងកាត់ទន្លេសាប តភ្ជាប់ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ នឹងបើកការដ្ឋាននៅឆ្នាំ២០២៤ខាមុខនេះ។

ក្នុងខណៈអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកជាផ្លូវការពិធីបុណ្យទន្លេលើកទី៧ ក្រោមប្រធានបទ «ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត» នាល្ងាចថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០២៣ នៅចំណុចសួនច្បារស្ទឹងសែន ខេត្តកំពង់ធំ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ដែរថា ការធ្វើដំណើរទៅកាន់ខេត្តក្រចេះ ក៏កាន់តែងាយស្រួល ព្រោះរាជរដ្ឋាភិបាលធ្វើផ្លូវបន្តទៀតពីខេត្តកំពង់ធំទៅទីរួមខេត្តក្រចេះ ខណៈដែលការបើកការដ្ឋានកសាងស្ពានឆ្លងទន្លេមេគង្គនៅក្រចេះរួចរាល់ហើយ។

សម្តេចតេជោបានលើកឡើងយ៉ាងដូច្នេះថា «ដូច្នេះទន្លេសាប និងទន្លេមេគង្គ ដែលពីមុននេះនៅឆ្ងាយពីគ្នា ពេលនេះកាន់តែខិតជិតគ្នា តាមរយៈការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន»។

សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្ដល់នូវទស្សនៈមួយចំនួន ក្នុងពិធីអបអរសាទរបុណ្យទន្លេឆ្នាំ២០២៣ ថា ទី១. យើងចាំបាច់ត្រូវរក្សាវត្តមានជាអចិន្ត្រៃយ៍ នៃសន្តិភាពដែលជាចំណុចធំជាងគេ ក្នុងចំណោមចំណុច ដែលទាក់ទងជាមួយការអភិវឌ្ឍ នៃបណ្ដាប្រជាជននៅលើពិភពលោក។ បច្ចុប្បន្ន កម្ពុជាបានចាប់ផ្ដើមទទួលភ្ញៀវជាតិ និងអន្តរជាតិ នៅគ្រប់ទីកន្លែងជាបណ្ដើរៗ ជាមួយនិងការគ្រប់គ្រងដោយជោគជ័យលើសមរភូមិជំងឺកូវីដ១៩។ គ្មានសន្តិភាព គ្មានការអភិវឌ្ឍ គ្មានសន្តិភាព ក៏គ្មានការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ហើយបើគ្មានសន្តិភាព វាក៏គ្មានអ្វីៗទាំងអស់។ ទី២. ត្រូវបន្តយកចិត្តទុកដាក់ ក្នុងការថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់ ជាពិសេសជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ឱ្យបានហ្មត់ចត់ និងជាប្រចាំ។ ទី៣. ក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តជុំវិញបឹងទន្លេសាប ត្រូវបន្តជំរុញ កិច្ចការវាស់វែង និងឆ្វៀលដីចេញពិតំបន់២ និងតំបន់៣ នៃផ្ទៃបឹងទន្លេសាប ឱ្យចប់សព្វគ្រប់។ ទី៤. ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវបន្តផ្ដល់អាទិភាពដល់ការអភិវឌ្ឍតំបន់តាមដងទន្លេ ជាពិសេសបណ្ដាខេត្តជុំវិញបឹងទន្លេសាប លើការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដែលបម្រើឱ្យវិស័យទេសចរណ៍ ការតភ្ជាប់ និងការដឹកជញ្ជូនជាដើម ជាពិសេសពិនិត្យលទ្ធភាពក្នុងការសាងសង់ស្ពានឆ្លងទន្លេសាប និងបឹងទន្លេសាប។ ទី៥. ត្រូវបន្តជំរុញការផលិត ដើម្បីផ្គត់ផ្គង់ដល់ទេសចរណ៍ដែលជាទិសដៅនាំចេញនៅនឹងកន្លែង ប្រជាពលរដ្ឋរបស់យើងមានឱកាសច្រើនណាស់ ដើម្បីចិញ្ចឹម និងបំពេញតម្រូវការរបស់ភ្ញៀវទេសចរណ៍អន្តរជាតិ ដែលកំពុងត្រឡប់មកវិញជាបណ្ដើរៗ រួមជាមួយទេសចរណ៍ក្នុងស្រុករាប់លាននាក់។ យើងត្រូវខិតខំជំរុញការផលិតឱ្យត្រឹមត្រូវតាមស្តង់ដារ បម្រើឱ្យវិស័យទេសចរណ៍ ពិសេសត្រូវបង្កើតឱ្យមានខ្សែក្រវាត់បៃតងក្នុងតំបន់ទេសចរណ៍។ ទី៦. ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បងប្អូនជនរួមជាតិ និងវិស័យឯកជន សូមចូលរួមឱ្យបានផុលផុសប្រកបដោយស្មារតីទទួលខុសត្រូវ ធ្វើឱ្យពីធីបុណញ្យទន្លេឆ្នាំនេះប្រកបដោយជោគជ័យ និងចូលរួមកាន់តែសកម្ម ក្នុងចលណាប្រឡងប្រណាំងទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ និងសហការថែរក្សាសោភ័ណភាព អនាម័យ និងបរិស្ថាន ដែលជាកត្តាចម្បងមិនអាចខ្វះបាន ក្នុងការថែរក្សាតំបន់តាមដងទន្លេឱ្យស្រស់ស្អាតយូរអង្វែង ដើម្បីបន្តជាមរតកដល់កូនចៅជំនាន់ក្រោយ។

សម្ដេចតេជោបានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តកិច្ចខិតខំប្រឹងប្រែងលើកិច្ចការពារ និងអភិរក្សបរិស្ថាន ធនធានធម្មជាតិ ដោយឈរលើគោលការណ៍ អភិវឌ្ឍបម្រើឱ្យការអភិរក្ស ឯការអភិរក្សបម្រើឱ្យការអភិវឌ្ឍ។ ដោយត្រូវរួមគ្នា រួមគិត រួមធ្វើ រួមទទួលខុសត្រូវ ដើម្បីឱ្យតំបន់តាមដងទន្លេ ក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ សម្រាប់ភ្ញៀវទេសចរណ៍។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ គាំទ្រឱ្យមានការរៀបចំបុណ្យទន្លេជារៀងរាល់ឆ្នាំ ដោយឆ្លាស់វេនគ្នានៅតាមបណ្ដាខេត្តជាប់ដងទន្លេ និងបណ្ដាខេត្តដែលមានខ្សែទឹកជាប់ទន្លេនានា៕


Telegram