អ្នកខ្លះចេញពីរោងចក្រស្រែកយំ ផ្ទះឆេះខ្ទេច ខណៈអគ្គិភ័យឆេះផ្ទះ៧ខ្នង នៅម្តុំវត្តពោធិ៍ញាណ បាញ់ទឹកអស់៤៩ឡានទើបរលត់ និងទទួលបានអំណោយនៅព្រឹកនេះ
ព័ត៌មានជាតិ
77

រាជធានីភ្នំពេញ ៖ ផ្អើលខ្លាំងទាំងព្រលប់តែម្តង ខ្លះរត់ចេញពីរោងចក្រទ្រហ៊ោយំផ្ទះឆេះខ្ទេច ខ្លះស្រវ៉ាបានតែខ្លួន ទ្រព្យសម្បត្តិវិញឆេះខ្ទេច ខ្លះទៀត វង្វេងបាត់កូនចៅ ស្លន់ស្លោររត់គេចពីអណ្តាតភ្លើង អ្វីក៏យកចេញមិនទាន់ ខណៈអគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ ជាច្រើនខ្នង ជាប់ៗគ្នាយ៉ាងសន្ធោសន្ធៅបំផ្លាញខ្ទេចគ្មានសល់ ត្រឹមមួយភ្លែតតែប៉ុណ្ណោះ ផ្អើលដល់កងកម្លាំងបង្កា សង្គ្រោះ និងពន្លត់អគ្គិភ័យជាច្រើនគ្រឿង រួមទាំងកងរាជអាវុធហត្ថ នគរបាលមូលដ្ឋាន ប្រជាការពារ ចុះអន្តរាគមន៍ភ្លាមៗ កាលពីវេលាម៉ោង ៦និង៣០នាទី យប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ នៅចំណុចភូមិឫស្សី ក្រុម១៧ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ នេះបើយោងតាមផេក ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ។

ជុំវិញការឆាបឆេះនេះ កម្លាំងសមត្ថកិច្ចជំនាញ កំពុងតែធ្វើការស្រាវជ្រាវ រកមូលហេតុ ថាតើបណ្តាលមកពីអ្វីឲ្យប្រាកដ ខណៈអគ្គិភ័យនេះ បានឆេះខូចខាតផ្ទះថ្មប្រក់ស័ង្កសីអស់ ០១ខ្នង នឹងផ្ទះឈើលើថ្មក្រោមចំនួន ០៤ខ្នង អស់ទាំងស្រុង ហើយឆេះរាលដាលចំនួន ០២ខ្នងទៀត ប្រហែល ៣០%។

គិតមកដល់នឹងម៉ោង ៧និង៤០នាទីយប់នាថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន ១៥គ្រឿង ប្រើប្រាស់ទឹកអស់ ៤៥ឡាន ស្មើរនឹង ១៨០ម៉ែត្រគូប និងរថយន្តជំនួយមកពីក្រសួងមហាផ្ទៃ ចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ ០២ឡាន ស្មើរនឹង ០៨ម៉ែត្រគូប, រថយន្តក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើរនឹង ០៦ម៉ែត្រគូប, រថយន្តរបស់ទីក្រុងនរា ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ ០១ឡាន ស្មើរនឹង ០៤ម៉ែត្រគូប, រថយន្តរបស់កងពលតូចលេខ៧០ ចំនួន ០៤គ្រឿង ពុំបានប្រើប្រាស់ទឹក, រថយន្តរបស់ ក្រុមហ៊ុន OCIC ជ្រោយចង្វារ ចំនួន ០៦គ្រឿង ពុំបានប្រើប្រាស់ទឹក ។

សូមបញ្ជាក់ថា ដោយមើលឃើញពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារគ្រោះអគ្គិភ័យ ឆេះផ្ទះ ៧ខ្នងស្មើរនឹង ២១គ្រួសារ កាលពីយប់មិញនេះ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣នេះដែរ អាជ្ញាធរខណ្ឌមានជ័យ ដឹកនាំដោយលោក ហែម ដារិទ្ធ អភិបាលខណ្ឌមានជ័យ រួមទាំងមានការនិមន្ត ពីព្រះចៅអធិការវត្ត ២អង្គផងដែរ បាននាំយកអំណោយសម្បុរសធម៌របស់កាកបាតក្រហមកម្ពុជាខណ្ឌមានជ័យ និងអំណោយរបស់ព្រះសង្ឃ ដែលមានទាំងគ្រឿងឧបភោគ បរិភោគ មកជូនពលរដ្ឋរងគ្រោះ ទាំង២១គ្រួសារ ដើម្បីដោះស្រាយការលំបាកមួយគ្រា ៕ 


Telegram