ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត៖ ការវាយប្រហាររបស់សារព័ត៌មាន The Cambodia Daily Khmer មកលើខ្ញុំ មានចេតនាទុច្ចរិត និងឆ្លងហួសបន្ទាត់ក្រហម
ព័ត៌មានជាតិ
87

ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានថ្លែងកាលពីពេលថ្មីៗនេះថា វាមិនមែនជារឿងចម្លែកទេដែលសារពត៌មាន The Cambodia Daily Khmer តែងតែធ្វើការផ្សព្វផ្សាយព័ត៌មាន ឬធ្វើការវិភាគដែលមានលក្ខណៈលម្អៀង ក្នុងន័យរិះគន់វាយប្រហារមកលើរាជរដ្ឋាភិបាល ក៏ដូចជាគណបក្សប្រជាជន រួមទាំងរូបខ្ញុំ ហើយកន្លងទៅខ្ញុំមិនដែលចំណាយពេលវេលាធ្វើការឆ្លើយតបអ្វីទេចំពោះការផ្សព្វផ្សាយទាំងនោះទេ តែពេលនេះវាហួសបន្ទាត់ក្រហម។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានបញ្ជាក់បន្ថែមថា៖ “ប៉ុន្តែលើកនេះ វាជាការដើរហួសព្រំដែនយ៉ាងខ្លាំង ហើយដែលខ្ញុំមិនអាចទទួលយកបានទេ ពេលដែលសារពត៌មាន The Cambodia Daily Khmer បានប្រឌិតរឿងមិនពិតមកធ្វើការចោទប្រកាន់ខ្ញុំដោយចំហរថា ខ្ញុំគឺជាមេបណ្តាញរកស៊ីឈើខុសច្បាប់ ដោយទាំងគ្មានភស្តុតាងច្បាស់លាស់នោះ”។

ឯកឧត្តម បានបន្តថា ហេតុដូច្នេះហើយ ចាំបាច់ខ្ញុំត្រូវប្រតិកម្មប្រឆាំងនឹងការចោទប្រកាន់ដែលបង្កប់ទៅដោយចេតនាទុច្ចរិតមួយនេះ ដើម្បីការពារភាពត្រឹមត្រូវ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ខ្ញុំ។

បើសារពត៌មាន The Cambodia Daily Khmer ពិតជាសារព័ត៌មានវិជ្ជាជីវៈ និងគ្មានចេតនាទុច្ចរិតក្នុងការផ្សាយពត៌មានមិនពិតទេនោះ សូមបង្ហាញពីភស្តុតាងមក។ បើគ្មានភស្តុតាងទេ សូមធ្វើការកែសម្រួលជាបន្ទាន់៕ 


Telegram