សម្តេចតេជោ ហ៊ុន សែន ពន្យល់ពីឋានានុក្រមរបស់កងទ័ពដល់ក្រុមអ្នកវិភាគដែលជាបណ្ឌិតខ្វះការចេះដឹងស្តាប់ពាក់ព័ន្ធនឹងការដំឡើងឋានន្តរស័ក្ដិដល់ឯកឧត្ដម ហ៊ុន ម៉ាណែត
ព័ត៌មានជាតិ
208

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើការពន្យល់ពីឋានានុក្រមរបស់កងទ័ពទៅកាន់ក្រុមអ្នកវិភាគដែលសម្តេចហៅថា ជាបណ្ឌិតខ្វះការចេះដឹងស្ដាប់ ពាក់ព័ន្ធនឹងការដំឡើងឋានន្តរស័ក្ដិ ដល់ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជានាយឧត្ដមសេនីយ៍ ផ្កាយមាស៤។ ការពន្យល់លើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន បែបនេះ បន្ទាប់ពីមានអ្នកវិភាគពាក់ព័ន្ធនឹងការលើកឡើងនានាពីឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិជានាយឧត្ដមសេនីយ៍ ។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតនៃវិទ្យាស្ថានវ៉ាន់ដាចំនួន ៤ ៧០៥ នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «អស់លោកខ្វះការចេះដឹងនៅកន្លែងណា ឋានានុក្រមរបស់កងទ័ព អគ្គបញ្ជាការរងទាំងអស់ត្រូវឡើងផ្កាយ៤ទាំងអស់ ហ៊ុន ម៉ាណែត ត្រូវឡើងផ្កាយ ៤ តាំងពីឆ្នាំ ២០១៨ ក្រោយពេលដែលឯកឧត្ដម ប៉ុល សារឿន មកជាទេសរដ្ឋមន្ត្រី ហើយ មាស សុភា ក៏មកជាទេសរដ្ឋមន្ត្រីយើងដូរអគ្គបញ្ជាការផង ហើយ វង្ស ពិសេន មេទ័ពជើកគោកដូរដោយ ហ៊ុន ម៉ាណែត»។

សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានផ្ដាំទៅដល់អ្នកខ្វះការចេះដឹងជាបណ្ឌិតទាំងឡាយ ត្រូវយល់ឱ្យច្បាស់អំពីឋានានុក្រមរបស់កងទ័ព ខណៈនៅទីនេះ អគ្គមេបញ្ជាការរងកងទ័ពទាំងអស់ដែលកំពុងមានសព្វថ្ងៃ សុទ្ធតែផ្កាយ៤ទាំងអស់ ហើយមានតែ ឯកឧត្ដម ហ៊ុន ម៉ាណែត មួយគត់ដែលអត់មានផ្កាយ៤នឹងគេ ស្របពេលដែលមានធ្វើពិធីនីមួយៗនោះ ផ្កាយ៤ គឺតែងតែអង្គុយនៅក្រោយផ្កាយ៣។

ជាមួយគ្នានេះ សម្ដេចតេជោបានអះអាងថា៖ «មេទ័ពជើងគោកគឺជាអគ្គមេបញ្ជាការរង ម្នាក់នេះ អត់ព្រមឡើងស័ក្ដិទេ សុំតែ១ទេ ពុក ធ្វើអ្វីក៏ធ្វើដែរ តែសុំកុំឱ្យឡើងស័ក្ដិខ្ញុំ វាទៅជាចម្លែក។ អ្នកទាំងឡាយខ្សឹបថា ហ៊ុន ម៉ាណែត គឺជាមនុស្សទី៣ នៅក្នុងជួរកងទ័ព ក្នុងនោះ មនុស្សទី១គឺ ទៀ បាញ់ មនុស្សទី២ គឺ វង្ស ពិសេន និងមនុស្សទី៣ គឺ ហ៊ុន ម៉ាណែត ពីព្រោះកងទ័ពនៅជើងគោកច្រើនជាងគេ»។

បើតាមសម្ដេចតេជោ ហ៊ុន សែន កាលណោះ ហ៊ុន ម៉ាណែត មិនព្រមទទួលឡើងផ្កាយ ៤នោះឡើយ ខណៈនាពេលបច្ចុប្បន្ននេះ អគ្គមេបញ្ជាការរងនៃកង យោធពលខេមរភូមិន្ទ សុទ្ធតែពាក់ផ្កាយ ៤ទាំងអស់។

សូមជម្រាបផងដែរថា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៣ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្ដិ នាយឧត្ដមសេនីយ៍ ដល់ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អត្តលេខ ០៣៣៨៨៣ នាយទាហានថ្នាក់ឧត្ដមសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ៕


Telegram