សម្តេចតេជោ បន្តណែនាំដល់ប្រជាពលរដ្ឋទាំងអស់ កុំបារម្ភចំពោះការដួលរលំរបស់ធនាគារ នៅសហរដ្ឋអាមេរិក
ព័ត៌មានជាតិ
172

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្ត ណែនាំប្រជាពលរដ្ឋទាំងអស់ កុំបារម្ភចំពោះការដួលរលំរបស់ធនាគារនៅសហរដ្ឋអាមេរិក ហើយនាំទៅដក ប្រាក់ចេញពីធនាគាររបស់ខ្លួន ដែលអាចធ្វើឱ្យធនាគាររបស់ខ្លួនមានការដួលរលំដូចគ្នា ។

ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតនៃវិទ្យាស្ថានវ៉ាន់ដាចំនួន ៤.៧០៥ នាក់ នៅព្រឹកថ្ងៃទី២២ ខែមីនា នាមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍កោះពេជ្រ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សូមប្រជាពលរដ្ឋកុំភ្ញាក់ផ្អើលឬកុំជ្រួលច្របល់ កុំភ័យខ្លាច បន្ទាប់ពីមានការដួលរលំនៃធនាគារធំពីរ របស់ សហរដ្ឋអាមេរិក ខណៈដែលការភ័យខ្លាចនេះអាចធ្វើឲ្យកម្ពុជាខ្លួនឯងបាត់បង់ផលប្រយោជន៍ទៅវិញទេ។

សម្តេចតេជោ បានបញ្ជាក់ថា ការដួលរលំនៃធនាគារធំពីររបស់សហរដ្ឋអាមេរិកនេះ វាមិនប៉ះពាល់អ្វីធ្ងន់ធ្ងរ នោះទេ ខណៈដែលសហរដ្ឋអាមេរិក មានធនាគាររាប់រយ និងមានវិធីសាស្ត្រក្នុងការដោះស្រាយរបស់គេ ហើយ។ បន្ថែមពីនោះ ការភ័យខ្លាចជ្រុលចំពោះការដួលរលំនៃធនាគារធំពីររបស់សហរដ្ឋអាមេរិកនេះ ដែលឈានទៅដកប្រាក់ចេញពីធនាគារខ្លួនឯងនោះ នឹងអាចធ្វើឱ្យធនាគាររបស់ខ្លួនឯង កើតជាបញ្ហា បានផងដែរ។


សំឡេង « ខ្ញុំបាននិយាយទៅកាន់និស្សិតទាំងឡាយ ប្រជាជនរបស់យើង សូមកុំភ្ញាក់ផ្អើលឬកុំជ្រួលច្របល់ កុំភ័យខ្លាចចំពោះមុខ ធនាគារអាមេរិកពីការរដួលរលំ។ ធនាគារអាមេរិកមានរាប់រយធនាគារ អាពីរដួលរលំ មានប៉ះពាល់អ្វីធំធេង ហើយអាមេរិកក៏មានវិធីសាស្ត្រគ្រប់គ្រងដែរ ដូច្នេះតិចទៅនាំគ្នាផ្អើលដល់កម្ពុជា ទៅដកលុយចេញពីធនាគារនេះ ធនាគារនោះ ធ្វើឱ្យធនាគារខ្លួនឯងរលំ។ មិនទៅភ័យអីពីអាមេរិក មកនាំគ្នា ដកលុយចេញពីធនាគារខ្លួននេះ ធ្វើឱ្យធនាគារខ្លួនឯងរលំ អាហ្នឹងជាបញ្ហាដែលត្រូវចៀសវាង »។

យោងតាមសារព័ត៌មាន Reuters បានចេញផ្សាយកាលពីថ្ងៃទី១០ ខែមីនា អំពីការប្រកាសក្ស័យធនរបស់ ធនាគារ Signature Bank (SBNY.O) និងធនាគារ Silicon Valley Bank។ ប៉ុន្មានថ្ងៃក្រោយមក ប្រធានាធិបតី Joe Biden បានប្រកាសជាសាធារណៈថា ប្រព័ន្ធធនាគារបស់សហរដ្ឋអាមេរិក គឺមាន សុវត្ថិភាពដោយសារអាជ្ញាធរបានចាត់វិធានាការនានា ក្នុងការបង្ការកុំឱ្យពលរដ្ឋមានការភ័យខ្លាច សម្រុកទៅដកប្រាក់។

សូមបញ្ជាក់ថា យោងតាមរបាយការណ៍ប្រចាំឆ្នាំ ២០២២ របស់ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា ប្រព័ន្ធធនាគារកម្ពុជាមានធនាគារពាណិជ្ជ ៥៩ ,ធនាគារឯកទេស ៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួល ប្រាក់បញ្ញើ ៥, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ៨២, គ្រឹះស្ថានឥណទានជនបទ ២២៤, គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ ១៦និង គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ៣៤ ៕  


Telegram