សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានណែនាំក្រសួង ស្ថាប័ន កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសក្រសួងយុត្តិធម៌ សម្របសម្រួលជាមួយស្ថាប័នតុលាការគ្រប់ជាន់ថ្នាក់ ដើម្បីពន្លឿនការជំនុំជំរះក្តី នៃបទល្មើសគ្រឿងញៀនឱ្យបានឆាប់រហ័ស។
ការណែនាំរបស់សម្ដេចក្រឡាហោមនេះ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០២២ និងលើកទិសដៅការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០២៣ របស់អជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខា ភ្នំពេញ។
សម្ដេចក្រឡាហោម ស ខេង បានជំរុញដល់ក្រសួងយុត្ដិធម៌បន្តពន្លាតដែនសមត្ថកិច្ចស្រាវជ្រាវ លើបទល្មើសគ្រឿងញៀនណាដែលសង្ស័យថាមានពាក់ព័ន្ធនឹងការសម្អាតប្រាក់ ដើម្បីធ្វើការដកហូតបានទាន់ពេលវេលានូវទ្រព្យសម្បត្តិ ដែលបានមកពីផលនៃការប្រព្រឹត្តិ បទល្មើស និងបង្ហាញពីឆន្ទៈ កិច្ចសហប្រតិបត្តិការ របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការចូលរួមស៊ើបអង្កេតស្រាវជ្រាវប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេវរកម្ម និងហិរញ្ញប្បទានគាំទដល់ការរីកសាយភាយអាវុធមហាប្រល័យនៅក្នុងក្របខណ្ឌសកលលោក។
ទន្ទឹមនេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវសម្របសម្រួលជាមួយក្រសួង- សា្ថប័នជំនាញមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីពន្លឿនការធ្វើវិសោធនកម្មច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
សម្ដេចក្រឡាហោមក៏បានស្នើគ្រប់ក្រសួង-ស្ថាប័ន អង្គភាព កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ជាពិសេស គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្ត ត្រូវបន្តយកចិត្តទុកអនុវត្តន៍ សកម្មភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យបានម៉ឺងម៉ាត់ និងកាន់តែខ្លាំងក្លាថែមទៀត ស្របតាមផែនការគោលនយោបាយយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាល។ លើសពីនេះទៀត ស្ថាប័ន-អង្គភាព ដែលមានមន្ត្រីបម្រើការងារនៅតាមខ្សែបន្ទាត់ព្រំដែន និងខេត្តជាប់ព្រំដែន ត្រូវបន្តយកចិត្តទុកដាក់ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបការ ចរាចរ ការជួញដូរគ្រឿងញៀន និងសារធាតុគីមីផ្សំខុសច្បាប់ឆ្លងកាត់ព្រំដែនឱ្យមាន ប្រសិទ្ធភាពខ្ពស់។
សម្ដេចក្រឡាហោម ស ខេង ក៏បានណែនាំផងដែរដល់ ក្រសួង-ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងសុខាភិបាល ត្រូវពង្រឹង និងបង្កើនការត្រួតពិនិត្យរាល់សកម្មភាពនាំចូល និងប្រើប្រាស់សារធាតុគីមី និងសារធាតុគីមីផ្សំ គ្រឿងញៀន នៅតាមបណ្តាក្រុមហ៊ុនរោងចក្រ ព្រមទាំងលើកកម្ពស់ការប្រើប្រាស់ យន្តការខ្សែបណ្ដោយថ្នាក់ក្រោមជាតិ ធ្វើជាសេនាធិការក្នុងការតាមដាន និងត្រួតពិនិត្យបន្តលើការប្រើប្រាស់សារធាតុគីមីផ្សំ។ ចំពោះគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន រាជធានី-ខេត្ត ត្រូវដឹកនាំជំរុញ និងលើកកម្ពស់ប្រសិទ្ធភាព ការអនុវត្តគោលនយោបាយភូមិ ឃុំ/សង្កាត់ មានសុវត្ថិភាព គោលនយោបាយភូមិ ឃុំ/ សង្កាត់ ស គ្មានគ្រឿងញៀន និងត្រូវចាត់តាំងចូលរួមអនុវត្តន៍កម្មវិធីព័ត៌មានទាន់ហេតុការណ៍ ដែលជាកម្មវិធីរបស់ក្រសួងមហាផ្ទៃជាមួយវិទ្យុ អេហ្វអឹម ១០២ ឱ្យបានជាប្រចាំ និងមានប្រសិទ្ធភាព។
សម្ដេចក្រឡាហោម ស ខេង ក៏បានអំពាវនាវដល់គ្រប់ថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋគ្រប់រូប ចូលរួមផ្សព្វផ្សាយ ណែនាំ បន្ត និងអនុវត្តន៍ទិសស្លោករបស់រាជរដ្ឋាភិបាល ៣កុំ ១រាយការណ៍ កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង និងត្រូវរាយការណ៍ ផ្តល់ព័ត៌មានដល់សមត្ថកិច្ចគ្រប់ករណីបទល្មើសគ្រឿងញៀន៕
ប្រភព ៖ ក្រសួងព័ត៌មាន