រដ្ឋបាលរាជធានីភ្នំពេញ៖ ពលរដ្ឋជិត៥ម៉ឺននាក់ បានជិះរថយន្តក្រុង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ព័ត៌មានជាតិ
62

រាជធានីភ្នំពេញ ៖ លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃពុធទី១៩ មេសា ឆ្នាំ២០២៣ថា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនេះ ប្រជាពល រដ្ឋជិះរថយន្តក្រុង ប្រមាណជិត៥ម៉ឺននាក់ ក្នុងនោះ ខ្សែរត់តាមផ្លូវជាតិលេខ៦ច្រើនជាងគេ គឺមានអ្នកជិះរហូតដល់ជិត២ ម៉ឺននាក់។ នេះបើយោងតាមក្រសួងព័ត៌មាន ។

លោក ម៉េត មាសភក្ដី បានបន្តថា អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ចេញរថយន្តក្រុង ដឹកអ្នកដំណើរចំនួន ៣៤៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដើម្បីសម្រួលដល់ការចំណាយ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដោយមិនយកប្រាក់ឡើយ ។

សូមបញ្ជាក់ថា កាលពីព្រលឹមថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ គឺមុនថ្ងៃចូលឆ្នាំមួយថ្ងៃ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមជាមួយមន្ត្រីជាច្រើនរូបទៀត បានអញ្ជើញជូនដំណើរប្រជាពលរដ្ឋឡើងជិះរថយន្តក្រុង ទៅស្រុកកំណើតតាមខេត្តក្រុងនានា ដោយសាលារាជធានីភ្នំពេញបានរៀបចំ គោលដៅចេញដំណើរជាច្រើនកន្លែង នៅចំណុចផ្លូវជាតិចេញ-ចូលរាជធានីភ្នំពេញ។

ចំណែកសម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ គឺប្រើប្រាស់រថយន្តចំនួន ៧០គ្រឿង និង សេវាដឹកជញ្ជូនប្រជាពលរដ្ឋ ដែលធ្វើដំណើរចេញពីរាជធានីភ្នំពេញ ទៅតាមបណ្តាខេត្ត និងតាមបណ្តាខេត្តមករាជធានីភ្នំពេញវិញ ប្រើប្រាស់រថយន្តចំនួន ២៧៥គ្រឿង ដែលមានទីតាំង និងគោលដៅចេញដំណើរ និងពេលវេលាច្បាស់លាស់។ ក្នុងនោះមានផ្លូវជាតិលេខ១ មានភ្នំពេញ-កណ្តាល, ភ្នំពេញ-ព្រៃវែង រថយន្ត៥គ្រឿង មានចំណតនៅស្ថានីយចំណតវាលស្បូវ ។ ភ្នំពេញ-កណ្តាល, ភ្នំពេញ-ស្វាយរៀង រថយន្ត៥គ្រឿង ចំណតនៅមុខទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ផ្លូវជាតិលេខ២ ភ្នំពេញ-កណ្តាល, ភ្នំពេញ.តាកែវ រថយន្ត៥គ្រឿង ទីតាំងចំណតនៅមុខទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ផ្លូវជាតិលេខ៣ ភ្នំពេញ-កែប, ភ្នំពេញ-កំពត រថយន្ត៥គ្រឿង ទីតាំងចំណតនៅដីឡូត៍មុខគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញផ្លូវ ២០០៤។ ផ្លូវជាតិលេខ៤ ភ្នំពេញ-កំពង់ស្ពឺ, ភ្នំពេញ-ព្រះសីហនុ រថយន្ត១០គ្រឿង ទីតាំងចំណតដីឡូត៍មុខគណបក្សរាជធានីភ្នំពេញ។ គោលដៅផ្លូវជាតិលេខ៥ ភ្នំពេញ-កំពង់ឆ្នាំង, ភ្នំពេញ-ពោធិ៍សាត់, ភ្នំពេញ-បាត់ដំបង, ភ្នំពេញ-បន្ទាយមានជ័យ, ភ្នំពេញ-កំពង់ធំ រថយន្តសរុប ១១៨គ្រឿង ទីតាំងចំណតគឺស្ថានីយចំណតសួនច្បារឫស្សីកែវ។ ផ្លូវជាតិលេខ៦ ភ្នំពេញ-សៀមរាប រថយន្តចំនួន១០០គ្រឿង ទីតាំងចំណតគឺនៅរង្វង់មូលទេពមច្ឆា ជ្រោយចង្វារ (OCIC) ។ ផ្លូវជាតិលេខ៦ និងលេខ៧ ភ្នំពេញ-កំពង់ចាម, ភ្នំពេញ- ត្បូងឃ្មុំ រថយន្ត ១០គ្រឿងទីតាំងចំណតគឺនៅរង្វង់មូលទេពមច្ឆា ជ្រោយចង្វារ (OCIC) ។

ឯកឧត្តម ឃួង ស្រេង បានអំពាវនាវដល់បងប្អូនប្រជាពល រដ្ឋ ឱ្យចូលរួមធ្វើដំណើរតាមរថយន្តក្រុង របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ (City Bus )រាជធានីភ្នំពេញ ដែលប្រកប ដោយសុវត្ថិភាព និងផាសុកភាព។

ឯកឧត្តម បានបន្តថា ក្រោមម្លប់នៃសន្តិភាព និងក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យ ។ សម្តេចតែងបានគិតគូរដល់សុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើងគ្រប់ពេលវេលា ៕ 


Telegram