អភិបាល ខេត្តកណ្ដាល ហាមដាច់ខាត រាល់ការធ្វើប្លង់រឹង មិនត្រូវទារលុយពីពលរដ្ឋ ហើយមន្ត្រីពាក់ព័ន្ធ ត្រូវធ្វើការឲ្យបានល្អ លឿន រហ័សជូនពលរដ្ឋ កុំកិចកុកឲ្យសោះ!
ព័ត៌មានជាតិ
77

ខេត្តកណ្ដាល៖ ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រី មន្ត្រីជាប់កិច្ចសន្យា អ្នកស្ម័គ្រចិត្តលើការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធទូទាំងខេត្តកណ្ដាល នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ នៅសាលាខេត្តកណ្ដាល ។

លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ត្រូវបានបណ្តាញព័ត៌មានក្នុងស្រុកបានស្រង់ប្រសាសន៌ថា រាល់ការធ្វើប្លង់រឹងជូនប្រជាពលរដ្ឋ មន្ត្រីជំនាញដាច់ខាតមិនត្រូវទារលុយពីប្រជាពលរដ្ឋនោះទេ ហើយមន្ត្រីសូរិយោដី និងមន្ត្រីពន្ធដារ ត្រូវធ្វើការងារជាមួយគ្នា ឱ្យបានល្អ លឿន រហ័សជូនប្រជាពលរដ្ឋ កុំកិចកុក ពិសេសហាមដាច់ខាតរឿងដីរដ្ឋ ហាមដាច់ខាតចេញប្លង់ឱ្យគេ។

អភិបាលខេត្តកណ្ដាល ក៏បានសង្កត់ធ្ងន់ៗផងដែរថា « បើលឺថាមន្ត្រីណា ហ៊ានកិចកុកទារលុយទារកាក់ ហ៊ានបំពាន ដឹងថាធ្ងន់ក រឿងធំជាមួយខ្ញុំមិនខានឡើយ កុំថាខ្ញុំមិនបានប្រាប់» ពិសេស លោកអភិបាលខេត្ត ក៏បានជំរុញដល់មន្ទីរដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត ត្រូវខិតខំបន្តចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ និងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ជូនដល់ប្រជាពលរដ្ឋឱ្យបាន ឆាប់រហ័សតាមការគ្រោងទុក និងស្នើឱ្យអភិបាលក្រុង-ស្រុក និងមន្ទីរសហការគ្នា និងជម្រុញការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅតាមបណ្តាក្រុង ស្រុក ទូទាំងខេត្តកណ្តាល ឱ្យបានចប់តាមផែនការ។ មិនតែប៉ុណ្ណោះ អភិបាលក្រុង-ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ ពិសេសមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បន្តអនុវត្តផែនការចុះបញ្ជីដីរួមទាំងការចុះបញ្ជីដីរដ្ឋ ដីសាធារណៈរបស់រដ្ឋ ដីសម្បទានសេដ្ឋកិច្ច ដើម្បីធានានូវសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ដែលជាទុនផ្តល់ដោយរាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋ សម្រាប់រស់នៅ ដាំដុះ និងវិនិយោគ ដើម្បីបង្កើតមុខរបរ និងបង្កើនប្រាក់ចំណូល។ បន្តយកចិត្តទុកដាក់ដោះស្រាយវិវាទដៃធ្លីនៅក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដី បង្កើតភាពសុខដុមរមនា-សង្គម បង្កភាពអនុគ្រោះដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅតាមមូលដ្ឋាន និងឈានទៅបង្កើនល្បឿន នៃការកាត់បន្ថយភាពក្រីក្រ។

បន្តពង្រឹង និងកែលម្អការផ្តល់សេវាសាធារណៈដីធ្លីជូនប្រជាពលរដ្ឋ ដោយជំរុញអនុវត្តឱ្យបានតាមទិសស្លោក «ធ្វើឱ្យបានធ្វើឱ្យលឿន និងមានតម្លាភាព» ដើម្បីធានាថាប្រជាពលរដ្ឋទទួលបានសេវាកាន់តែងាយស្រួល, កាន់តែឆាប់រហ័ស, មានតម្លាភាព និងមានគណនេយ្យភាព។ បន្តរួមសហការគ្នាខិតខំដោះស្រាយ សំណើ សំណូមពរ និងបញ្ហាប្រឈមនានានៅតាមមូលដ្ឋាន ប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ជាពិសេសខិតខំកាត់បន្ថយការថ្នាំងថ្នាក់របស់ប្រជាពលរដ្ឋ។ បន្តយកចិត្តទុកដាក់អនុវត្តគោលនយបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» ដែលមានលក្ខណៈសម្បត្តិ ៧យ៉ាងឱ្យបានល្អប្រសើរ ៕ 


Telegram