រាជធានីភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហោះនៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣នេះ ឲ្យដឹងថា ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងត្រូវបើកការដ្ឋានសាងសង់ នាថ្ងៃទី៧ មិថុនា ២០២៣ ក្រោមអធិបតីភាព សម្តេចតេជោ នាយករដ្ឋមន្ត្រី ។
ក្នុងនោះយោងតាមការចុះផ្សាយរបស់គេហទំព័រ ក្រសួងសាធារណៈការ និងដឹកជញ្ជូន ដែលចេញនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានឲ្យដឹងទាំងស្រុងថា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា គម្រោងផ្លូវល្បឿនលឿនទី២របស់កម្ពុជាពីភ្នំពេញទៅក្រុងបាវិត ខេត្តស្វាយរៀង ដល់ព្រំប្រទល់កម្ពុជា-វៀតណាម គ្រោងនឹងបើកការដ្ឋានសាងសង់យ៉ាងយូរត្រឹមខែ៦ ឆ្នាំ២០២៣នេះ ហើយគ្រោងសាងសង់រួចរាល់នៅឆ្នាំ២០២៧ខាងមុខ។
ថ្លែងនៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកទី១៥ ខែកុម្ភៈនេះ លោក ស៊ុន ចាន់ថុល បញ្ជាក់ថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលមានប្រវែងប្រមាណ ១៣៥គីម៉ែត្រ ឬក៏ហៅថាផ្លូវល្បឿនលឿនទី២របស់កម្ពុជានេះ មានការជជែកគ្នាមួយចំនួនថាមិនទាន់ឃើញមានការចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងនៃការសាងសង់ផ្លូវមួយនេះ ដោយអ្នកខ្លះមានចម្ងល់ ថាតើអាចនឹងមានការលុបចោល ឬយ៉ាងណា? ដើម្បីឆ្លើយតបនឹងចម្ងល់នេះ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា មិនមានការលុបចោលការស្ថាបនានោះទេ។
លោកបន្តថា ចំពោះការយឺតយ៉ាវនៃការចុះហត្ថលេខាគឺទាក់ទងទៅនឹងនីតិវិធីផ្ទៃក្នុងមួយចំនួននៅខាងភាគីចិនដោយសារតែកកន្លងទៅប្រទេសចិនមានបញ្ហាកូវីដ១៩ ជាដើមទើបធ្វើឲ្យការរៀបចំវិធីចុះហត្ថលេខា ដោយត្រូវមានថ្នាក់ដឹកនាំប្រទេសទាំង២ចូលរួមជាសាក្សីនោះមានភាពយឺតយ៉ាវ តែទោះជាយ៉ាងណាក្រុមហ៊ុនដែលទទួលសាងសង់ផ្លូវមួយនេះបានសន្យាហើយថានឹងបើកការដ្ឋានសាងសង់ផ្លូវយ៉ាងយូរត្រឹមខែ៦ ឆ្នាំ២០២៣នេះ។
បើតាមលោក ស៊ុន ចាន់ថុល គ្រឿងចក្រមួយចំនួនក៏បានបញ្ជូនទៅកាន់ទីតាំងដែលត្រូវធ្វើបើកការដ្ឋានសាងសង់រួចហើយ ដោយគ្រោងសាងសង់ឲ្យរួចរាល់នៅឆ្នាំ ២០២៧ខាងមុខ ដើម្បីឲ្យស្របគ្នានឹងផ្លូវពីហូជីមិញមកម៉ុខបាយខាងភាគីវៀតណាម ដើម្បីធ្វើការតភ្ជាប់គ្នានៅបាវិតខេត្តស្វាយរៀងរបស់កម្ពុជា ដោយផ្លូវខាងភាគីវៀតណាមនឹងធ្វើរួចក្នុងឆ្នាំ ២០២៧ ដូចគ្នា។
ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាលកម្ពុជាក៏គ្រោងនឹងសាងសង់ស្ពានមួយឆ្លងទន្លេមេគង្គត្រង់ចំណុចឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយតភ្ជាប់ពីផ្លូវក្រវាត់ក្រុងទី៣ ទៅភ្ជាប់នឹងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដើម្បីសម្រួលឲ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋពីប៉ែកខាងផ្លូវជាតិលេខ១ទៅកាន់ផ្លូវល្បឿនលឿនភ្នំពេញ- បាវិត ដែលជាកន្លែងច្រកចេញចូលផ្លូវល្បឿនលឿនភ្នំពេញ-បាវិត៕