សម្តេចតេជោ ហ៊ុន សែន បង្ហើបឱ្យដឹងថា សម្ដេចចង់សាកល្បងឈរឈ្មោះធ្វើជាមេឃុំ នាពេលខាងមុខ
ព័ត៌មានជាតិ
407

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបង្ហើបឱ្យដឹងថា នៅពេលខាងមុខ សម្តេចចង់សាកល្បងឈរឈ្មោះធ្វើជាមេឃុំម្តង ដើម្បីដឹងឱ្យបានច្បាស់ពីការងាររបស់មេឃុំ ស្មៀនឃុំ និងពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ នៅក្នុងឃុំ។ ការលើកឡើងរបស់សម្ដេចតេជោនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងពិធីប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង ២ពាន់នាក់ នាព្រឹកថ្ងៃទី២៥ ខែ មេសា ឆ្នាំ២០២៣ នៅវិទ្យាស្ថានជាតិអប់រំ។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នៅពេលណាមួយចាំបោះឆ្នោតនៅឆ្នាំ២០២៧ សម្ដេចគិតចង់ឈរឈ្មោះធ្វើមេឃុំម្ដង ដោយសាក ល្បងធ្វើមេឃុំប៉ុន្មានខែមើល រួចហើយចាំលាចេញ។ សម្ដេចតេជោអះអាងថា ការឈរឈ្មោះធ្វើជាមេឃុំនេះ ក្នុងករណីដែលសម្តេចលាលែងពីតំណែងនាយករដ្ឋមន្ត្រី។ សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានថ្លែងថា៖ «បើសិនខ្ញុំធ្វើជាមេឃុំ តែឥឡូវគេលែងឱ្យធ្វើមេឃុំហើយ ប៉ុន្តែចង់សាកដែរ ចង់ពេលបោះឆ្នោតនៅឆ្នាំ២០២៧ គិតឈរឈ្មោះធ្វើមេឃុំនៅកន្លែងណាមួយ សាកល្បងធ្វើមេឃុំប៉ុន្មានខែ រួចហើយលាឈប់ម្តង។ ប៉ុន្តែករណីមិនទាន់លាលែងពីនាយករដ្ឋមន្រ្ដី ខ្ញុំគ្មានសិទ្ធិតែងតាំងមេឃុំទេ ព្រោះមេឃុំ តែងតាំងដោយការបោះឆ្នោត។ តែខ្ញុំចង់សាកល្បងដែរនៅពេលណាដែលខ្ញុំចាកចេញពីតំណែងនាយករដ្ឋមន្ត្រី»។

ជាមួយគ្នានេះ សម្ដេចតេជោបានលើកឡើងថា ការធ្វើមេឃុំនេះដើម្បីសាកមើលថាតើស្មៀនគេធ្វើការបែបណា មេឃុំគេធ្វើការបែបណា ហើយមានពាក្យបណ្ដឹងបែបណា ។សម្តេចតេជោបានថ្លែងបញ្ជាក់ថា៖ «ពេលចាកចេញពីនាយករដ្ឋមន្ត្រីជាលទ្ធភាពមួយ ឈរធ្វើមេឃុំ ដោយសាកល្បង៤ ឬ៥ខែ ដើម្បីចង់ដឹងថាតើស្មៀនឃុំគេធ្វើការយ៉ាងម៉េច, សមា ជិកផ្សេងទៀតគេធ្វើការយ៉ាងម៉េច។ គេទទួលពាក្យបណ្តឹងយ៉ាងម៉េច ហើយរឿងប្តី ចូលកា រ៉ាអូខេក៏ប្តឹងដែរ»។

សម្ដេចតេជោ ហ៊ុន សែន បានរម្លឹកផងដែរថា មេឃុំរបស់យើងកាលពីដើមគឺធ្វើគ្រប់រឿង បើយោងទៅលើអ្វីដែលសម្តេចចុះទៅមូលដ្ឋានក្នុងទសវត្សរ៍ ៨០នោះ មេ ឃុំធ្វើគ្រប់រឿងទាំងអស់ រហូតដល់ប្រពន្ធជេរ ក៏មាន។ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ឱ្យដឹងថា ការធ្វើការរបស់មេឃុំសម័យមុនក៏ជាមេរៀនមួយដែលពេលនោះ ក្នុងពេលដែលថ្នាក់ដឹកនាំចុះមូលដ្ឋាន ដឹងតែទៅដល់ផ្ទះមេឃុំ រហូតដល់ពេលហូបចុកមានការត្រៀមកាប់មាន់ ទា ហើយមានអ្នកខ្លះក៏គ្មានចិត្តផងដែរពោលគឺមិនដឹងថា គ្នាលំបាក យ៉ាងណារហូតដល់មានប្រពន្ធជេរឱ្យឈប់ធ្វើមេឃុំក៏មាន។


ក្នុងឱកាសនោះដែរ សម្តេចតេជោក៏បានបញ្ជាក់ទៀតថា បើសិនជាសម្តេចធ្វើមេឃុំ សម្តេចនឹងអង្គុយឱ្យគេសួរពីបទពិសោធន៍ផងដែរ ខណៈសម្តេចបានឆ្លងកាត់គ្រប់កាលៈទេសៈអស់ហើយ។ សម្តេចតេជោនាយករដ្ឋមន្រ្ដីបានមានប្រសាសន៍បន្ថែមថា៖ «បើសិនជាខ្ញុំឈប់ធ្វើជានាយករដ្ឋមន្ត្រី ខ្ញុំនឹងទៅឱ្យគេសួរអំពីបទពិសោធន៍តែម្ដងថាតើបទពិសោ ធន៍អ្វីដែលលោក ហ៊ុន សែន បានជួបប្រទះ។ ព្រោះខ្ញុំជាមនុស្សដែលបានស្ថិតនៅឆ្លងកាត់គ្រប់សភាពការណ៍ និងឆ្លងកាត់គ្រប់ហេតុការណ៍ គឺគ្មានអ្វីដែលកន្លងផុតពីខ្ញុំនោះទេ ព្រោះខ្ញុំកាន់អំណាចក្នុងរដ្ឋាភិបាលមិនដាច់ រយៈពេលតាំងពីថ្ងៃទី០៨ ខែមករា ឆ្នាំ១៩៧៩ រហូតមកដល់ម៉ោងនេះ គឺខ្ញុំមិនដែលដាច់រយៈសូម្បីតែបន្តិចពីរដ្ឋមន្រ្តីការបរទេសពីឧបនាយករដ្ឋមន្ត្រី និងពីនាយករដ្ឋមន្ត្រី បូកគឺជាង ៤៤ឆ្នាំ គឺនៅលើពិភពលោកមិនមានករ ណីបែបនេះទេគឺអស់ហើយ»៕


Telegram