ការចំណាយស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ក្នុងរង្វង់ ១១៨លានដុល្លារអាម៉េរិក
ព័ត៌មានជាតិ
79

រាជធានីភ្នំពេញ ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា - AKP បានឲ្យដឹងថា ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣នេះ គឺបានចំណាយថវិកា​ចំនួន ១១៨​ លានដុល្លារអាម៉េរិក ដែលជាថវិកាសន្សំរបស់​រាជរដ្ឋាភិ​បាលកម្ពុជាតាំងពីយូរ​មកហើយ។ នេះជាប្រសាសន៍សម្តេចពិជ័យសេនា ទៀ បាញ់ ឧប​នាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធាន​គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC នៅក្នុងសន្និសីទសារព័ត៌មាន នាល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ នៅ​ពហុកីឡដ្ឋានមរតកតេជោ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានសង្កត់ធ្ងន់ថា ការចំណាយក្នុងរង្វង់ ១១៨លាន​ដុល្លារ​នេះ គឺគិតទាំងពីការរៀបចំផ្នែកហេដ្ឋា​រចនាសម្ព័ន្ធគ្រប់បែបយ៉ាង តាំង​ពី៣ឆ្នាំមុនមក​ជា​បន្តបន្ទាប់ ដោយសារការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ាន​ប៉ារ៉ាហ្គេម ឆ្នាំ២០២៣នេះ ឱ្យលក្ខណៈសុក្រិត ស្របតាមស្តង់ដាអន្តរជាតិទៅតាមប្រភេទកីឡានីមួយៗ។​

សម្ដេចពិជ័យសេនាបានបញ្ជាក់ថា៖ «ថវិកានេះបូកបញ្ជូលទាំងការចំណាយផ្សេងៗ ដូចជាការ​ជួល​មជ្ឈមណ្ឌលពិព័រណ៌ជ្រោយចង្វារ OCIC ទាំងមូល សម្រាប់ការរៀបចំការប្រកួតកីឡាក្នុង​សាលមួយចំនួន ព្រមទាំងការចំណាយលើផ្នែកកីឡាពី​គណៈកម្មាធិការជាតិ​អូឡាំពិកកម្ពុជា និងផ្នែកកីឡាជនពិការ។ បូករួមទាំងការចំណាយផ្សេងៗទៀតជាច្រើន ដូចជាបានចូលរួម​ប្រកួតព្រឹត្តិការណ៍កីឡា​អន្តរជាតិនានា នៅក្រៅប្រទេស ដូចជាថ្លៃសំបុត្រយន្តហោះ ថ្លៃហូប​ចុក​ស្នាក់នៅជាដើម។ យើងបានចំណាយថវិកាជាបន្តបន្ទាប់​ចាប់ពីពេលនោះមកដល់​ពេល​នេះ»។

ជាមួយគ្នានេះ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បាន​សម្រេច​ចិត្តផ្តល់ការហូបចុកស្នាក់ និងការដឹកជញ្ជូន​សម្រាប់ប្រតិភូកីឡាទាំងអស់ក្នុងអាស៊ី​អាគ្នេយ៍ ដែលមកប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ ដោយឥតគិតថ្លៃ (៧លានដុល្លារបន្ថែម) ដែលសរុបទាំងអស់ពេលនេះ ១១៨លានដុល្លារអាម៉េរិក។

ដោយមានការលើកឡើងចំពោះការចំណាយក្នុងការរៀបចំស៊ីហ្គេមមុនៗពីបណ្តា​ប្រទេស​ជាម្ចាស់ផ្ទះ កន្លងមក គឺកម្ពុជាបានចំណាយ​តិចជាងគេ ត្រង់ចំណុចនេះ សម្តេច​ពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់បន្ថែមថា៖ «យើងបានគិតគូយ៉ាងហ្មត់ចត់ណាស់ ដោយ​កម្ពុជាធ្លាប់ក្រលំបាក ដូច្នេះការចំណាយថវិកាជាតិក្នុងចំនួននេះ គឺជាការសន្សំសំចៃ ប៉ុន្តែ​យើង​រួបរួមគ្នាគ្រប់ផ្នែកទាំងអស់​ធ្វើកិច្ចការដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីជំរុញឱ្យព្រឹត្តិការ​ណ៍​​​​កីឡា​ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា​មាន​ភាពអស្ចារ្យ»។

ជុំវិញការត្រៀមខ្លួននេះ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជា​អនុ​ប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានជម្រាបជូនពី​ដំណើរ​ប្រតិភូកីឡាមួយចំនួនមកដល់កម្ពុជាជាបន្តបន្ទាប់ ដើម្បីត្រៀមកម្មវិធី​សំខាន់ៗ​ជាច្រើន មុនពិធីបើកជាផ្លូវការ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ ឯកឧត្តមគូស​បញ្ជាក់ថា សម្រាប់ប្រភេទ​កីឡាបាល់ទាត់បានមកដល់កម្ពុជាអស់ហើយ ខណៈប្រភេទកីឡា​ផ្សេងៗបានមកជាបន្តបណ្តើរហើយដែរ។ ឯកឧត្ដមរដ្ឋមន្រ្ដីបាន​បន្ថែមថា ប្រភេទកីឡាបាល់​ទាត់​ត្រូវស្នាក់នៅសណ្ឋាគារ​តែ​ពីរសណ្ឋាគារ ក្នុងរាជធានីភ្នំពេញ ដែលកៀកនឹងទីលានប្រកួត ដែល​ប្រភេទកីឡាមួយចំនួនទៀត ក្នុងរាជធានីភ្នំពេញក៏ត្រូវបានរៀបចំឱ្យស្នាក់នៅសណ្ឋាគារ​នៅជិតទីលានប្រកួតដូចៗគ្នាផងដែរ។ ចំពោះ៩ប្រភេទកីឡា ដែលត្រូវប្រកួតនៅពហុកីឡដ្ឋាន​ជាតិមរតកតេជោ ត្រូវស្នាក់នៅក្នុងភូមិកីឡា ដែលអាចស្នាក់នៅហូបចុកចំនួន ៣ ៥០០ នាក់។

«មកដល់ពេលនេះ ការត្រៀមរៀបចំរបស់យើង គឺបានរួចរាល់ ហើយយើងនឹងត្រៀម​ទទួលបដិសណ្ឋារកិច្ចចំពោះ​ប្រតិភូកីឡាជា​បន្តបន្ទាប់ទៀត ដែលនឹងមកដល់ចាប់ពីថ្ងៃទី​៣០​ខែមេសា ដល់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ ហើយនៅថ្ងៃទី០៣ ខែឧសភា យើងនឹង​ធ្វើពិធី​គោរពទង់ជាតិគ្រប់បណ្តាប្រទេសចូលរួមទាំងអស់។ ចំពោះថ្ងៃទី០៤​ខែឧសភា យើងនឹងរៀប​ចំកិច្ចប្រជុំក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍មួយទៀត ជាលើកចុងក្រោយ មុនការប្រកួត ហើយ​នៅថ្ងៃទី០៥ ខែឧសភា នឹងប្រារព្ធពិធីបើកជាផ្លូវការព្រឹត្តិការណ៍​កីឡាស៊ីហ្គេម លើកទី៣២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ»។ ឯកឧត្តមបណ្ឌិត ថោង ខុន បានបញ្ជាក់បន្ថែម៕

 


Telegram