យោងតាមការចេញផ្សាយរបស់ក្រសួងព័ត៌មាន បានឲ្យដឹងថា រដ្ឋមន្រ្តីក្រសួងព័ត៌មានចាត់ទុក ការចូលរួមរបស់អ្នកសារព័ត៌មានជាតិនិងអន្តរជាតិ គឺជាផ្នែកមួយយ៉ាងសំខាន់ ដែលធ្វើឱ្យព្រឹត្តិការណ៍ ប្រកួតកីឡាស៊ីហ្គេមកាន់តែកក្រើក ពិសេសគឺធ្វើឱ្យពិភពលោកបាន ស្គាល់កម្ពុជាកាន់តែច្បាស់។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍បន្ថែម។
ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្រោយបញ្ចប់ការធ្វើសន្និសីទសារព័ត៌មាន ដាក់ឱ្យដំណើរការមជ្ឈមណ្ឌលព័ត៌មាន នៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម នាថ្ងៃទី២៩ ខែមេសា ឆ្នំា២០២៣នេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងថា មជ្ឈមណ្ឌលព័ត៌មាន (MPC) នៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមនេះ គឺមានទីតាំងនៅស្ថិតនៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោផ្ទាល់តែម្តង ជាទីដែលអ្នកសារព័ត៌មានជាតិ និងអន្តរជាតិធ្វើការងារ ក៏ដូចជាចូលរួមយកព័ត៌មានទាក់ទងនឹង SEA Games លើកទី៣២ឆ្នាំ២០២៣។ តាមរយៈនេះ ឯកឧត្តមរដ្ឋមន្រ្តី ចាត់ទុកការចូលរួមរបស់អ្នកសារព័ត៌មានជាតិនិងអន្តរជាតិនាពេល នេះ គឺជាការចូលរួមយ៉ាងសំខាន់ដែលមិនអាចខ្វះបាន ក្នុងការផ្សព្វផ្សាយនូវព័ត៌មានដែលទាក់ទងនៅក្នុង ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ទៅកាន់ប្រជាពលរដ្ឋ ក៏ដូចជាបណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន និងពិភពលោក ផងដែរ។
«និយាយរួមកីឡាទាំងអស់នេះ ធ្វើល្អយ៉ាងណាក៏ដោយ បើគ្មានអ្នកកាសែតទេ គឺបាត់បង់៥០ភាគរយហើយនៃការជោគជ័យ ដូច្នេះអ្នកកាសែតយើងទាំងអស់គ្នា ជាអ្នកគឺធ្វើកីឡានេះមានការផ្ទុះឡើង បង្ហាញនូវមោទនភាពរបស់កម្ពុជាទាំងមូល។ ដូច្នេះខ្ញុំសង្ឃឹមថា យើងនឹងធ្វើឱ្យបានល្អ ហើយសម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍កាលពីម្សិលមិញគឺ សូមធ្វើយ៉ាងណាក៏ដោយ ទោះជាលើកពីបញ្ហាជាតិនិយម អីក៏ដោយ ក៏យើងកុំរវល់ពីបញ្ហានេះ សំខាន់យើងត្រូវតែធ្វើស្មារតីអាស៊ានជាប្រជាជាតិតែមួយ សហគមន៍តែមួយឱ្យបានល្អ។»
បើតាមការឱ្យដឹងពី ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ នៃក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ នៃគណៈកម្មាការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២៣ ចំនួនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលបានចុះឈ្មោះចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ ចាប់ពីថ្ងៃទី ០៥ ដល់ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២៣ មានចំនួនសរុបប្រមាណជាជាង២ ០០០នាក់ ក្នុងនោះ សារព័ត៌មានជាតិចំនួន១១៨៨នាក់ និងអ្នកសារព័ត៌មានបរទេសចំនួន៩០៧នាក់ ដែលមកពីប្រទេសក្នុងតំបន់អាស៊ាន និង ទីម័រខាងកើត ៕