សម្ដេចតេជោ ហ៊ុន សែន អញ្ជើញអបអរសាទរខួបអនុស្សាវរីយ៍ទិវាពលកម្មអន្តរជាតិ១ឧសភា ,ពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រ នៅខេត្តព្រះសីហនុ និងខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន
ព័ត៌មានជាតិ
282

នៅព្រឹកថ្ងៃចន្ទ ១២កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធី អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកម្អន្តរជាតិ១ឧសភា ,ពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រ នៅខេត្តព្រះសីហនុ

និងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន ដែលប្រារព្ធធ្វើឡើងនៅចំណតកំពង់ផែក្រុងព្រះសីហនុ។

ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានលើកឡើងថា ចាប់តាំងពីឆ្នាំ ១៩៩៦ មកប្រទេសជប៉ុន បានបន្តគាំទ្រដល់ការកសាងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីឱ្យកំពង់ផែនេះ អាចដំណើការទៅបានល្អ។ ឯកឧត្តមបានមានប្រសាសន៍ទៀតថា កម្ពុជា-ជប៉ុន បានគិតរួមគ្នាក្នុងការកសាងកំពុងផែស្វយ័តក្នុងព្រះសីហនុ ទៅជាកំពុងផែសេរី ដែលមានទំនាក់ទំនងគ្នារវាងកំពង់ផែ និងតំបន់សេដ្ឋកិច្ចពិសេស ជាពិសេសតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តព្រះសីហនុ។ ឯកឧត្តមបានបន្តទៀតថា ចាប់តាំងពីឆ្នាំ១៩៩៦មកប្រទេសជប៉ុន បានបន្តគាំទ្រដល់ការកសាងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីឱ្យកំពង់ផែនេះ អាចដំណើការទៅបានល្អ។

ជាការចាប់ផ្ដើម សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ រំលឹកអំពីព្រឹត្តិការណ៍សំខាន់មួយនៅកំពង់ផែក្រុងព្រះសីហនុនេះ ជាពិសេសឆ្នាំដំបូងនៃការផ្ទុះកូវីដ១៩ កាលពី៣ឆ្នាំមុន កំពង់ផែក្រុងព្រះសីហនុ បានធ្វើកិច្ចការដ៏សំខាន់មួយនោះ គឺការសង្គ្រោះនាវាទេសចរណ៍ Westerdam ដែលមានមនុស្សរាប់ពាន់នាក់ដែលជាប់គាំងក្នុងនាវាដោយសារការភ័យខ្លាចជំងឺកូវីដ-១៩ ហើយប្រទេសជាច្រើនបានបដិសេធការចូលសុំចត។ សម្តេចតេជោ បានមានប្រសាសន៍ថា ការសង្គ្រោះនាវាទេសចរណ៍ Westerdam គឺជាកាយវិកាសប្បុរសធម៌មួយរបស់កម្ពុជា ហើយនៅខែធ្នូ ឆ្នាំ២០២៣នេះ នាវានេះ នឹងមកកម្ពុជាម្ដងទៀត ដើម្បីរម្លឹកដល់ទឹកចិត្តសប្បុរសធម៌របស់កម្ពុជា និងកសាងនិមិត្តរូបរួមគ្នា។

សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានអបអរសាទរចំពោះទិវាខួបអនុស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកម្មអន្តរជាតិ១ឧសភា ផងដែរ និងបានជូនពរឱ្យបងប្អូនបុគ្គលិក កម្មករកម្មការិនីទូទាំងប្រទេស ជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់ថា ការគោរពសិទ្ធិកម្មករ មិនមែនមានតែ១ថ្ងៃនេះទេ ប៉ុន្ដែគឺជាការគោរពសិទ្ធិរបស់កម្មកររាល់ថ្ងៃ រវាងម្ចាស់រោងចក្រ និងកម្មករ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសនរម្លឹកថា ដើម្បីការពារកំពង់ផែស្វយ័តក្រុងព្រះសីហនុកុំឲ្យក្លាយទៅជារបស់ឯកជន សម្ដេចបានខិតខំខ្លាំងណាស់ក្នុងការការពារ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តទៀតថា បើសិនជាកំពង់ផែនេះធ្លាក់ក្នុងដៃឯកជននោះ នឹងមិនទទួលបានជំនួយពីប្រទេសជប៉ុននោះទេ។ ដើម្បីធ្វើការអភិវឌ្ឍដូចសព្វថ្ងៃ សម្តេចគឺជាគ្រូពេទ្យវះកាត់ ក្នុងការអភិវឌ្ឍកំពង់ផែនេះ រហូតដល់មានការរីកចម្រើនជាបន្តបន្ទាប់។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្ដេចបានធ្វើការងារជាមួយមិត្តជប៉ុនរយៈពេល៣៣ឆ្នាំមកហើយ។ ជប៉ុនបានចូលរួមចំណែកក្នុងការស្វែងរកសន្ដិភាពនៅកម្ពុជា បន្ទាប់មកជប៉ុនបានដើរតួនាទីសំខាន់ក្នុងការនាំមុខលើការអភិវឌ្ឍកម្ពុជា ជាពិសេសលើការផ្ដល់ជំនួយឥតសំណងនានា។​ សម្ដេចតេជោបានថ្លែងអំណរគុណដល់ប្រទេសជប៉ុន ដែលមានវិធីដោះបំណុលយ៉ាងល្អដល់កម្ពុជា ដែលប្រទេសផ្សេងៗអាចយកធ្វើជាគំរូ ខណៈដែលកម្ពុជាជំពាក់បំណុលជប៉ុន ដោយជប៉ុនបង្វែជាការផ្ដល់ជំនួយផ្សេងៗដល់កម្ពុជាជាការដោះដូររួចបំណុលពីជប៉ុន។ សម្ដេចតេជោបានលើកឡើងថា រាល់កិច្ចប្រជុំជាមួយថ្នាក់ដឹកនាំប្រទេសជប៉ុន សម្ដេចតែងតែអំពាវនាវចំពោះការអភិវឌ្ឍកំពង់ផែទឹកជ្រៅនៅក្នុងកំពង់ផែស្វយ័តក្នុងព្រះសីហនុនេះ។​ កម្ពុជា-ជប៉ុន បានការយកចិត្តទុកដាក់លើផ្នែកភស្តុភារកម្ម និងពន្លឿន ដោយធ្វើយ៉ាងណាឱ្យទឹកនៅកំពង់ផែនេះរឹតតែជ្រៅ ដើម្បីអាចឱ្យនាវាធំៗចូលចតនៅកំពង់ផែនេះបាន ដើម្បីកាត់បន្ថយតម្លៃ នៃការដឹកជញ្ជូន។

សម្ដេចតេជោ ហ៊ុន សែន បានអំណរគុណដល់មិត្តជប៉ុន ដែលបានផ្ដល់កែវភ្នែកដល់សម្ដេច ហើយ សម្ដេចបានកោតសរសើរចំពោះកែវភ្នែកជប៉ុន គឺមានគុណភាពល្អ ពីព្រោះសម្ដេចបានប្រើប្រាស់រយៈពេល ៣៣ ឆ្នាំមិនដែលធ្វើឱ្យមានបញ្ហាសុខភាព ឬឈឺក្បាលអ្វីឡើយ។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ប្រកាសដល់គ្រប់ទូរទស្សន៍ទាំងអស់ត្រូវផ្សាយពីព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ជាពិសេសការប្រគួតកីឡានានាឲ្យគ្រប់ទម្រង់។

សម្ដេចតេជោ បានដាក់បទបញ្ជាក់ដល់ទូរទស្សន៍ជាតិ និងអំពាវនាវដល់ទូរទស្សន៍ឯកជននានា ចូលរួមចាក់ផ្សាយឱ្យបានទូលំទូលាយអំពីការប្រកួតផ្សេងៗ នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ។

នៅថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ទៅកាន់ក្រុមជនមួយចំនួនដែលកំពុងញុះញង់បំបែបបាក់នៅក្នុងប្រទេសកម្ពុជា ដោយយកព្រះមហាក្សត្រទៅភ្ជាប់នឹងព្រឹត្តិការណ៍ស៊ីហ្គេមថា «បើសិនជាមិនចេះ មិនយល់ពីកិច្ចការងារទេ កុំធ្វើសកម្មភាពញុះញង់ និងបំបែកបំបាក់កម្ពុជា» ជាពិសេសបំបែកបំបាក់រវាងស្ថាប័នព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល។

ចុងបញ្ចប់ ជាមួយនឹងការប្រកាសបើកការដ្ឋានសាងសង់ចំណតកំពង់ផែថ្មី នៃកំពង់ផែក្រុងព្រះសីហនុនេះ សម្ដេចតេជោ ហ៊ុន សែន បានជូនពរឲ្យបងប្អូនបុគ្គលិក កម្មករកម្មការិនី និងប្រជាពលរដ្ឋទាំងអស់ ជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនគ្រប់ៗគ្នា៕



Telegram