ឯកឧត្តម ខៀវ កាញារីទ្ធ៖ ទោះបីស្រឡាញ់ ឬស្អប់រាជរដ្ឋាភិបាលក្ដី កុំភ្លេចថាស៊ីហ្គេមលើកទី៣២នេះតំណាងប្រជាជាតិកម្ពុជាទាំងមូល
ព័ត៌មានជាតិ
51

យោងតាមផេកក្រសួងព័ត៌មានបានបង្ហោះថាឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអនុប្រធានគណៈកម្មាធិការជាតិ CAMSOC បានមានប្រសាសន៍លើកឡើងអំពីប្រសាសន៍សម្ដេចតេជោ នៅពេលជួបកីឡាករកម្ពុជា ថា ឈ្នះ ឬចាញ់ បានមេដាយ ឬអត់ មិនសំខាន់ទេ សំខាន់គឺកីឡាករយើងខិតខំកសាងមិត្តឱ្យបានច្រើន។ ការលើឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាននេះ ក្នុងឱកាសប្រគល់ថវិកាលើកទឹកចិ្តដល់កីឡាការិនីអត្តពលកម្ម ប៊ូ សំណាង នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងព័ត៌មាន។

ឯកឧត្តម ខៀវ កាញារីទ្ធ បានថ្លែងថា អំឡុងពេលព្រឹត្តិការណ៍នេះ គឺមានមនុស្សគ្រប់ប្រភេទមកប្រទេសកម្ពុជា ទាំងល្អ ទាំងអាក្រក់ ប៉ុន្តែសំខាន់កម្ពុជាត្រូវបង្ហាញឱ្យឃើញថាប្រទេសកម្ពុជាតូច តែមានបេះដូងធំទូលាយ ធ្វើយ៉ាងណាឱ្យគេឃើញរូបភាពវិជ្ជមានពីកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា៖ “យើងរៀបចំព្រឹត្តិការណ៍នេះក្នុងន័យដែលកម្ពុជាយើងឈ្នះកូវីដ សេដ្ឋកិច្ចរីកចម្រើន ប្រជាជនសុខសប្បាយ និងចង់បង្ហាញឱ្យឃើញថា កម្ពុជាជាប្រទេសតូច ប៉ុន្តែបេះដូងធំទូលាយ”។ “ជាការពិត យើងមិនអាចចៀសវាងបានទេ ពីអ្នកផ្សាយអាក្រក់ពីកម្ពុជា ប៉ុន្តែជាទូទៅយើងត្រូវធ្វើឱ្យបានល្អ។ អ្នកដែលចង់បំផ្លាញរូបភាពនៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នេះ គេនឹងប្រើគ្រប់មធ្យោបាយ ដូចជាបំផុសយុវជនយើងឱ្យស្រែក Thai go home ដើម្បីធ្វើឱ្យរូបភាពស៊ីហ្គេមនេះធ្លាក់ចុះ និងអាចយករូបភាពនេះមកវាយប្រហាររាជរដ្ឋាភិបាលកម្ពុជា។ ដូច្នេះទោះបីស្រឡាញ់ ឬស្អប់រាជរដ្ឋាភិបាលក្ដី កុំភ្លេចថាស៊ីហ្គេមលើកទី៣២នេះតំណាងប្រជាជាតិកម្ពុជាទាំងមូល”។ នេះជាការលើកឡើងបន្ថែមរបស់ឯកឧត្តម ខៀវ កាញារីទ្ធ។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ទៀតថា កាសែតថៃរ៉ាត់ ដែលជាកាសែតធំជាងគេរបស់ប្រទេសថៃ បាននិយាយថា ជាទូទៅប្រជាជនកម្ពុជាសុទ្ធសឹងជាមនុស្សល្អ ចិត្តទូលាយ រាក់ទាក់។ នេះជាលទ្ធផលមួយល្អណាស់ យើងគួរតែប្រឹងប្រែងធ្វើរូបភាពនេះឱ្យបានឃើញច្រើន។ ទាក់ទងនឹងការបើក និងបិទព្រឹត្តិការណ៍ស៊ីហ្គេម ឯកឧត្តម ខៀវ កាញារីទ្ធបានគូសបញ្ជាក់បន្ថែមទៀតថា យើងយកទីលានធ្វើជាឆាកតែម្ដង ដូច្នេះបានជាមិនអនុញ្ញាតឱ្យអ្នកកាសែតចូល ព្រោះបើចូលទៅធ្វើឱ្យខូចប្លង់ ដោយសារតែរវល់មើលអ្នកកាសែតរត់ចុះរញ៉េរញ៉ៃ។ លើសពីនេះទៀត យើងក៏បានបង្កើតមជ្ឈមណ្ឌលសារព័ត៌មានផងដែរ គឺដើម្បីឱ្យអ្នកសារព័ត៌មានយករូបពីក្នុងនេះ ដោយមិនគិតថ្លៃ៕ 


Telegram