សម្តេចតេជោ ហ៊ុន សែន៖ ខ្លួនខ្ញុំ យកក្បាលទៅប្ដូរទាំងអស់ យកក្បាលទៅប្ដូរដើម្បីជីវិតមនុស្ស ប្ដូរនឹងសន្តិភាពសម្រាប់ប្រទេស ប្ដូរនឹងកំណែទម្រង់ទាំងឡាយ
ព័ត៌មានជាតិ
64

ភ្នំពេញ៖ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ក្នុងជីវិតរបស់សម្តេចនេះគឺជាជីវិតពោរពេញទៅដោយកំណែទម្រង់ ហើយសុទ្ធតែយកក្បាលទៅប្តូរជាមួយនឹងការរស់ឡើងវិញរបស់ប្រទេស ប្ដូរនឹងសន្តិភាពសម្រាប់ប្រទេស ប្ដូរនឹងកំណែទម្រង់ទាំងឡាយ ជាពិសេសវិស័យសេដ្ឋកិច្ច ដែលក្នុងនោះក៏មានចំណែកការកែទម្រង់ដីធ្លីផងដែរ ។ ការគូសបញ្ជាក់របស់សម្តេចតេជោនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សាផ្នែកកសិកម្មជាង ៣ពាន់ នាក់ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «ខ្លួនខ្ញុំនិយាយតាមមួយបែបទៅគឺយកក្បាលទៅប្ដូរទាំងអស់ យកក្បាលទៅប្ដូរដើម្បីជីវិតមនុស្ស ដើម្បីការរស់រានមានជីវិតរបស់ប្រជាពលរដ្ឋនៅថ្ងៃ ៧មករា ១៩៧៩ ។ យកក្បាលទៅប្ដូរជាមួយសន្តិភាពដោយចូលទៅក្នុងតំបន់ខ្មែរក្រហមធ្វើយ៉ាងម៉េចបញ្ចប់សង្គ្រាមនាំមកនូវការឯកភាពជាតិ ឯកភាពទឹកដី»។ សម្តេចតេជោថ្លែងថា កំណែទម្រង់ដីធ្លីមិនមែនជារឿងតូចតាចនោះទេ ហើយបើមិនផ្ដើមចេញពីកំណែទម្រង់ដីកសិកម្មក៏មិនអាចរីកចម្រើនដែរ ខណៈការអភិវឌ្ឍប្រទេសកម្ពុជានេះក៏មិនអាចទៅរួចដែរ ។ ប៉ុន្តែក្នុងបញ្ហាកំណែទម្រង់ដីធ្លី ឬកំណែទម្រង់សេដ្ឋកិច្ចនិយាយជារួមគឺមិនមែនជាបញ្ហាតូចតាចទេគឺក៏មានចរិកយកក្បាលទៅដូរដែរ។

សម្តេចតេជោនាយករដ្ឋមន្រ្ដីបានលើកឡើងថា ជីវិតនយោបាយរបស់សម្ដេចអាចត្រូវបញ្ចប់ព្រោះសម្ដេចធ្លាប់បាននិយាយហើយថា កម្លាំងសង្កត់ ៣មកលើកខ្លួនសម្ដេចក្នុងពេលដែលសម្ដេចដឹកនាំកំណែទម្រង់នយោបាយ និងសេដ្ឋកិច្ច។ សម្ដេចតេជោបន្ដថា កម្លាំងសង្កត់ទី១គឺផ្ទៃក្នុងខ្លួនឯងមិនយល់អ្វីហៅថាការចរចា អ្វីហៅថាដំណោះស្រាយនយោបាយដើម្បីសន្តិភាពបង្រួបបង្រួមជាតិបញ្ចប់សង្គ្រាម"ផ្ទៃក្នុងមិនយល់"។ ទន្ទឹមនេះ កងទ័ពវៀតណាមចូលមកក្នុងប្រទេសកម្ពុជាជួយយើងអមដោយជំនាញការវៀតណាមក្នុងពេលដែលវៀតណាមអត់ទាន់ធ្វើកំណែទម្រង់នៅឡើយទេ។សម្ដេចតេជោបានថ្លែងបញ្ជាក់ថា វៀតណាមនៅធ្វើសហករណ៍ក្នុងពេលដែលកម្ពុជាបានប្ដូរផ្ដាច់រុញសេដ្ឋកិច្ចនេះឱ្យទៅជាសេដ្ឋកិច្ចឯកជន។ ប៉ុន្តែវៀតណាមបានគោរពនូវការចាត់វិធានការរបស់កម្ពុជា។ ចំណែកកម្លាំងសង្កត់ទីបីពេលនោះគឺកម្ពុជាទទួលជំនួយពីសូវៀត និងអឺរ៉ុបខាងកើតដែលហៅថាគណៈកម្មការកូមេគង្គ ហើយពេលនោះក៏មិនទាន់មានកំណែទម្រង់នៅសហភាពសូវៀត ប៉េរ៉េសស្ត្រូកា ឬ ក្លាស្នូសនោះដែរ។

«អីចឹងទេបើសិនជាពេលនោះខាងមូស្គូគេថាបើទុកហ៊ុនសែនគេនឹងឈប់ផ្ដល់ជំនួយខ្ញុំនឹងទទួលរងគ្រោះដូចគ្នាដែរ។ អីចឹង ក្នុងជីវិតរបស់ខ្ញុំនេះគឺជាជីវិតពោរពេញទៅដោយកំណែទម្រង់ហើយសុទ្ធតែយកក្បាលទៅប្តូរជាមួយនឹងការងាររស់ឡើងវិញរបស់ប្រទេស ប្ដូរនឹងសន្តិភាពសម្រាប់ប្រទេស ប្ដូរនឹងកំណែទម្រង់ទាំងឡាយ ជាពិសេសវិស័យសេដ្ឋកិច្ចក្នុងហ្នឹងមានចំណែកកែទម្រង់ដីធ្លី» ។ ​

សម្តេចតេជោនាយករដ្ឋមន្រ្ដីបានបញ្ជាក់បន្ថែមថា៖ «នេះជារឿងជាក់ស្ដែង ហើយខ្ញុំមិនមានទម្លាប់ទៅដណ្ដើមស្នាដៃអ្នកណាទេ។ ប៉ុន្តែ សូមអ្នកដទៃកុំដណ្ដើមយករបស់ខ្ញុំទៅបានហើយ។ ខ្ញុំមិនដណ្ដើមរបស់អ្នកដទៃទេ តែសូមអ្នកដទៃកុំដណ្ដើមរបស់ខ្ញុំតែប៉ុណ្ណឹងទេ។ និយាយការពិតទៅបានហើយ ខ្ញុំមិននិយាយឱ្យលើសពីហ្នឹងទេ»៕ដោយ៖ រិទ្ធី, សម្រួលផ្សាយ៖ កន ចំណាន


Telegram