សេចក្តីប្រកាសព័ត៌មានស្តីពី ការចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា រវាងអគ្គនាយកដ្ឋានពន្ធដារ និងមន្ទីរពេទ្យអន្តរជាតិ អរៀនដា លើសេវាកម្មសុខាភិបាលដល់មន្ត្រីពន្ធដារទូទាំងប្រទេស
ព័ត៌មានជាតិ
1.16K

នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤ រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារ និងមន្ទីរពេទ្យអន្តរជាតិ អរៀនដា បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីការផ្តល់ជូនពិសេសលើសេវាកម្មសុខាភិបាលឯកជន ដល់មន្ត្រីពន្ធដារទូទាំងប្រទេស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ និងឧកញ៉ា គួន ធីតា ប្រធានក្រុមប្រឹក្សានៃមន្ទីរពេទ្យអន្តរជាតិ អរៀនដា ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានពន្ធដារ ថ្នាក់ដឹកនាំនៃមន្ទីរពេទ្យអន្តរជាតិ អរៀនដា មន្ត្រីពន្ធដារ និងបុគ្គលិកមន្ទីរពេទ្យអន្តរជាតិ អរៀនដា សរុបប្រមាណ ១២៨នាក់។

ជាកិច្ចចាប់ផ្តើម ឧកញ៉ា គួន ធីតា បានមានមតិស្វាគមន៍ និងបានលើកឡើងថា ការផ្តល់ជូនពិសេសលើសេវាកម្មសុខាភិបាលឯកជន ដល់មន្ត្រីពន្ធដារទូទាំងប្រទេស គឺដើម្បីចូលរួមលើកកំពស់វិស័យសុខាភិបាល និងចូលរួមក្នុងការកាត់បន្ថយចំណាយក្នុងការព្យាបាល និងថែទាំសុខភាពរបស់មន្ត្រីពន្ធដារទាំងអស់ ដែលកំពុងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាការប្រមូលចំណូលចូលថវិកាជាតិ ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើន និងជឿនលឿន។

មន្ទីរពេទ្យអន្តរជាតិ អរៀនដានឹងផ្តល់នូវកញ្ចប់ពិនិត្យសុខភាពដល់ថ្នាក់ដឹកនាំ មន្រ្តី មន្រ្តីជាប់កិច្ចសន្យា និងក្រុមគ្រួសាររបស់មន្ត្រី មន្ត្រីជាប់កិច្ចសន្យារបស់អគ្គនាយកដ្ឋានពន្ធដារ។ ឧកញ៉ា គួន ធីតា បានបន្ថែមទៀតថា មន្ទីរពេទ្យអន្តរជាតិ អរៀនដា មានបំពាក់ដោយឧបករណ៍វេជ្ជសាស្រ្តទំនើបៗដូចជា៖ ម៉ាស៊ីន MRI, ម៉ាស៊ីន CT Scan, ម៉ាស៊ីនថតកាំរស្មីអ៊ិច, ម៉ាស៊ីនវាស់កំហាប់ឆ្អឹង, ម៉ាស៊ីនថតកៀបសុដន់ដោយកាំរស្មីអ៊ិច និងម៉ាស៊ីនជាច្រើនទៀត ជាមួយបច្ចេកទេសចុងក្រោយបំផុតដែលមានសមត្ថភាពក្នុងការថត ស្កេនជាលិកាខួរក្បាល ដុំសាច់ សសៃឈាម សរីរាង្គកាយខាងក្នុង សសៃឈាមបេះដូង ស្បូន សុដន់ កំហាប់ឆ្អឹង និងសរីរាង្គកាយផ្សេងទៀត។

ម៉ាស៊ីនទំនើបៗរបស់មន្ទីរពេទ្យអន្តរជាតិ អរៀនដា ត្រូវបានថត និងបញ្ជាដោយអ្នកជំនាញជាជនបរទេសដែលមានជំនាញ និងបទពិសោធន៍ច្រើនឆ្នាំ។ ការបកប្រែលទ្ធផលថត គឺធ្វើនៅប្រទេសសិង្ហបុរីដោយក្រុមហ៊ុន Medisol Solution ដែលជាក្រុមហ៊ុនថតឆ្លុះរូបភាពវេជ្ជសាស្ត្រឈានមុនគេនៅប្រទេសសិង្ហបុរី ដូច្នេះអាចធានាបានថា លទ្ធផលនៃការពិនិត្យមានភាពច្បាស់លាស់១០០% មិនចាញ់ក្រៅប្រទេសឡើង។

ជាកិច្ចបន្ទាប់ ឯកឧត្តម គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី ក៏បានមានមតិសំណេះសំណាល និងលើកឡើងថា អគ្គនាយកដ្ឋានពន្ធដារតែងតែយកចិត្តទុកដាក់ខ្ពស់លើ “ធនធានមនុស្ស” រួមទាំងការពង្រឹងប្រសិទ្ធភាពការងារ និងការគិតគូរពីសុខុមាលភាពរបស់ថ្នាក់ដឹកនាំ មន្ត្រី និងមន្ត្រីកិច្ចសន្យា។ ដោយសារបញ្ហាសុខភាព គឺជារឿងមួយដ៏សំខាន់សម្រាប់ជិវិតរស់នៅរបស់មនុស្សគ្រប់រូប ហើយមនុស្សដែលមានសុខភាពល្អទើបមានអារម្មណ៍ចង់ធ្វើការងារ និងបំពេញការងារទទួលបានលទ្ធផលនិងសម្រេចបានជោគជ័យ។

ជាមួយគ្នានោះដែរ អគ្គនាយកដ្ឋានពន្ធដារ ក៏បាននិងកំពុងយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាពរបស់មន្រ្តីរាជការពន្ធដារ ដែលវាក៏ជាកត្តាសំខាន់និងចាំបាច់ក្នុងការបំពេញការងារកៀរគរចំណូលចូលថវិកាជាតិ ក៏ដូចជាការផ្តល់សេវាសាធារណៈជូនអ្នកជាប់ពន្ធឱ្យបានល្អប្រសើរដែរ បើយើងមិនមានសុខភាពល្អនោះទេ យើងក៏មិនអាចបំពេញការងារ និងផ្តល់សេវាជូនអ្នកជាប់ពន្ធបានដែរ។ ដូចនេះ ការស្វែងរកមន្ទីរពេទ្យដែលមានកម្រិតស្តង់ដារ និងមានតម្លៃសមរម្យ ក្នុងការផ្តល់សេវាសុខាភិបាលឯកជនជូន ថ្នាក់ដឹកនាំ មន្រ្តី មន្រ្តីជាប់កិច្ចសន្យា និងគ្រួសាររបស់ពួកគាត់ គឺជាកត្តាសំខាន់និងចាំបាច់។

ដោយពិនិត្យឃើញថា មន្ទីរពេទ្យអន្តរជាតិ អរៀនដា មានលក្ខណសម្បត្តិគ្រប់គ្រាន់ ដោយមានបំពាក់ដោយឧបករណ៍វេជ្ជសាស្រ្តទំនើបៗ មានជំនាញ និងបទពិសោធន៍ច្រើនឆ្នាំ ហើយដែលបានខិតខំវិវត្តខ្លួន តាំងពី Clinic តូចមួយ (ឈ្មោះ សុខា) ផ្តល់សេវាកម្មលើការពិគ្រោះ និងព្យាបាលតែផ្នែករោគស្រ្តី និងជំងឺលំបាកមានកូនរហូតក្លាយជាមន្ទីរពេទ្យពហុព្យាបាល ស្ដង់ដារអន្តរជាតិ និងជួយសង្គ្រោះជំងឺធ្ងន់ៗ ព្រមទាំង ទទួលបានវិញ្ញាបណ្ណប័ត្រទទួលស្គាល់ពីគុណភាពស្តង់ដារអន្តរជាតិ ISO 9001: 2015 ពី UE CERT និងពានរង្វាន់ Best Women’s Health Care ពី Global Health Award ប្រទេសសឹង្ហបុរី។

អគ្គនាយកដ្ឋានពន្ធដារបានសម្រេចចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយមន្ទីរពេទ្យអន្តរជាតិ អរៀនដា ដើម្បីផ្តល់កញ្ចប់សេវាសុខភាពជូនថ្នាក់ដឹកនាំ មន្ត្រី មន្រ្តីជាប់កិច្ចសន្យា និងគ្រួសាររបស់ពួកគាត់។

ជាកិច្ចបញ្ចប់ មន្ទីរពេទ្យអន្តរជាតិ អរៀនដា សូមគោរពជូនពរឯកឧត្តម គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នៃអគ្គនាយកដ្ឋានពន្ធដារ ជួបតែ វិបុលសុខ និងសមប្រកបនឹងពុទ្ធពរទាំង ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ 


Telegram